ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​ក្នុងស្រុក​ព្រែក​ប្រសព្វ រឹបអូស​ស្បៃ​មុង​ជាង​១,៦០០​ម៉ែត្រ

2 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ​ ៖ កម្លាំង​ជំនាញ​នៃ​ខណ្ឌ​រដ្ឋបាល​ជលផល​ក្រចេះ សហការ​ជាមួយ​អាជ្ញាធរ​មូលដ្ឋាន​បាន​ចុះ​ល្បាត និង​បង្ក្រាប​ករណី​បទល្មើស​ជលផល​ទ្រង់ទ្រាយ​ធំ​មួយ នៅ​ក្នុងភូមិ​សាស្ត្រ​ស្រុក​ព្រែក​ប្រសព្វ​ ដោយ​បានរឹបអូស និង​បំផ្លាញ​ចោល​នូវ​ឧបករណ៍​នេសាទ​ខុស​ច្បាប់​ជា​ច្រើន ព្រមទាំង​បាន​រំដោះ​កូន​ត្រី​ចម្រុះ​ប្រមាណ​១០០​គីឡូក្រាម លែង​ចូល​ទៅ​ក្នុង​ដែនទឹក​ធម្មជាតិ
​វិញ ។


លោក ប៉ុន ពន្លក នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តក្រចេះបាន​បញ្ជាក់​ថា​ ​ប្រតិបត្តិការ​នេះ ​បាន​ធ្វើឡើង​កាលពី​ថ្ងៃ​ទី​២១ ខែ
សីហា ឆ្នាំ​២០២៦ ដោយ​មានការ​ចូលរួម​ពី​ផ្នែក​រដ្ឋបាល​ជលផល​ព្រែក​ប្រសព្វ​,​កម្លាំងនគរបាល​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត​, គណៈកម្មការ​ស្រុក ​ដើម្បី​ទប់ស្កាត់​ និង​បង្ក្រាប​បទល្មើសធនធានធម្មជាតិ​, ក្រុមប្រឹក្សា​ឃុំ​ចំបក់​-​ឃុំ​ឫស្សី​កែវ និង​សហគមន៍​នេសាទ​ក្នុង​តំបន់ សរុប​ចំនួន ១៥​នាក់ និង​ប្រើប្រាស់​ទូក​ម៉ាស៊ីន​ចំនួន៤​គ្រឿង​។

ក្នុង​កិច្ច​ប្រតិបត្តិការ​ចុះ​ត្រួតពិនិត្យ​នៅ​តាម​តំបន់​ទំនាប​លិច​ទឹក​បឹង​ក្បាល​ខ្មោច និង​បឹង​វែង ស្ថិត​ក្នុង​ឃុំ​ចំបក់ និង​ឃុំ​ឫស្សី​កែវ ស្រុក​ព្រែក​ប្រសព្វ កម្លាំង​សមត្ថកិច្ច​ចម្រុះ​បាន​រក​ឃើញ និង​រុះរើ​បំផ្លាញ​ចោល​នូវ​វត្ថុ​តាង​បទល្មើស ​រួម​មាន​៖​របាំង​ព្រួល​ស្បៃ​មុង​៖ ចំនួន១៥​ខ្សែ ប្រវែង​សរុប១,៦៥០​ម៉ែត្រ​.​លូ​ស្បៃ​មុង​៖ ចំនួន១៧​មាត់ បង្គោល​ចម្រឹង​ឫស្សី​៖ ចំនួន២៥៥​ដើម​.​បន្ថែម​ពីលើ​ការ​បង្ក្រាប និង​រុះរើ​ឧបករណ៍​ខុសច្បាប់​ទាំងនេះ មន្ត្រី​ជំនាញ​ក៏​បាន​ជួយ​សង្គ្រោះ និង​ចាក់​លែង​ត្រី​ចម្រុះ​ទម្ងន់​ប្រមាណ១០០​គីឡូក្រាម ដែល​ជាប់​នៅ​ក្នុង​ឧបករណ៍​ល្មើស ឱ្យ​ចូល​ទៅ​ក្នុង​ដែនទឹក​ធម្មជាតិ​វិញ ដើម្បី​ថែរក្សា​និរន្តរភាព​ពូជ​ត្រី​នៅ​ក្នុង​តំបន់​។

អាជ្ញាធរ​ជលផល​ក៏​បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ​ទាំងអស់ ឱ្យ​បញ្ឈប់​ការ​ប្រើប្រាស់​ឧបករណ៍​នេសាទ​ដែល​ច្បាប់​ហាមឃាត់ ដើម្បី​រួម​គ្នា​រក្សា​ធនធាន​ជលផល​ឱ្យ​បាន​គង់វង្ស​សម្រាប់​ជំនាន់​ក្រោយ ​៕