ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គី​ម​ឈី​ល្បី​ពេញ​ពិភពលោក ប៉ុន្តែ​ប្រជាជន​កូរ៉េ​ខាងត្បូង​ខ្លួនឯង​បែរជា​ទទួលទាន​តិច​ជាង​មុន

13 ម៉ោង មុន

ទីក្រុង​សេ​អ៊ូ​ល ៖ ខណៈ​ពេល​ដែល​គី​ម​ឈី (Kimchi) របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ទទួល​បាន​ប្រជាប្រិយភាព​យ៉ាង​ខ្លាំង​នៅ​ទូ​ទាំង​ពិភពលោក​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ប៉ុន្តែ​ក្រឡេក​ទៅ​ប្រជាជន​កូរ៉េ​ខាងត្បូង​ខ្លួនឯង បែរជា​បរិភោគ​អាហារ​បែប​ប្រពៃណី​មួយ​នេះ​កាន់តែ​តិច​ជាង​មុន​ទៅ​វិញ​។ នេះ​បើ​តាម​ប្រភព​ពី​ទីភ្នាក់ងារសារព័ត៌មាន​កូរ៉េ​ខាងត្បូង យ៉ុ​ន​ហាប់ (Yonhap) ចេញផ្សាយ​កាលពី​ពេល​ថ្មី​ៗ​នេះ​។

ទិន្នន័យ​កាលពី​ថ្ងៃ​ទី​៩ ខែសីហា ឆ្នាំ​២០២៦ បាន​បង្ហាញ​ថា ប្រជាជន​កូរ៉េ​ខាងត្បូង​កំពុង​តែ​បរិភោគ​គី​ម​ឈី​តិច​ជាង​មុន​ខ្លាំង បើ​ទោះបីជា​មុខម្ហូប​ប្រចាំ​ជាតិ​សាសន៍​មួយ​នេះ កំពុង​ទទួល​បានការ​ពេញ​និយម​យ៉ាង​ខ្លាំង​លើ​ពិភពលោក​ក៏​ដោយ​។ តាម​ការ​សិក្សា​រួម​គ្នា​មួយ​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​ពី​សាកលវិទ្យាល័យ Chung-Ang សាកលវិទ្យាល័យ​ជាតិ Jeju និង​វិទ្យាស្ថាន​ពិភពលោក​ស្តី​អំពី​គី​ម​ឈី (WiKim) បានឱ្យ​ដឹង​ថា អត្រា​ប្រជាជន​កូរ៉េ​ខាងត្បូង​ដែល​មិន​បាន​បរិ​ភោគគី​ម​ឈី​ទាល់តែ​សោះ​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ បាន​កើនឡើង​ពី ១១,៧% ក្នុង​ឆ្នាំ ២០១០ ដល់ ២២,៧% ក្នុង​ឆ្នាំ ២០២៤​។ ការ​សិក្សា​នេះ​ផ្អែក​លើ​ទិន្នន័យ​អង្កេត​ពិនិត្យ​សុខភាព និង​អាហារូបត្ថម្ភ​ជាតិ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង ចាប់ពី​ឆ្នាំ ២០១០ ដល់​ឆ្នាំ ២០២៤​។

បើ​គិត​តាម​យេ​ន​ឌ័​រវិ​ញ អត្រា​អ្នក​មិន​បរិ​ភោគគី​ម​ឈី​ក្នុង​រយៈពេល ២៤ ម៉ោង​ចុង​ក្រោយ បាន​កើនឡើង​ពី ១០,២% ដល់ ២០,៦% ចំពោះ​បុរស និង​ពី ១៣,១% ដល់ ២៤,៨% ចំពោះ​ស្ត្រី​។ លើស​ពី​នេះ ការ​បរិ​ភោគគី​ម​ឈី​ជា​ម្ហូប​បន្ទាប់បន្សំ​បាន​ធ្លាក់​ចុះ​ក្នុង​ចំណោម​មនុស្ស​គ្រប់​ក្រុម​អាយុ លើកលែងតែ​ក្រុម​កុមារ​មាន​អាយុ​ក្រោម ១០ ឆ្នាំ​ប៉ុណ្ណោះ​។ ការ​ធ្លាក់​ចុះ​នេះ​គឺ​ច្បាស់​ក្រឡែត​បំផុត​ក្នុង​ចំណោម​មនុស្ស​វ័យក្មេង និង​កណ្តាល អាយុ​ពី ២០ ដល់ ៣៩ ឆ្នាំ ដែល​ធ្លាក់​ពី ៨២% ក្នុង​ឆ្នាំ ២០១០ មក​នៅ ៦៦% ក្នុង​ឆ្នាំ ២០២៤​។ ផ្ទុយ​ទៅ​វិញ មនុស្ស​កាន់តែ​ច្រើន​បរិភោគ​គី​ម​ឈី​ជា​គ្រឿងផ្សំ​សម្រាប់​មុខម្ហូប​ឆ្អិន​ផ្សេង​ៗ​ទៀត ដូច​ជា​សម្ល​គី​ម​ឈី​ជាដើម​។

ការ​សិក្សា​នេះ​បាន​បង្ហាញ​ថា កត្តាសេដ្ឋកិច្ច​សង្គម​ក៏​ជះ​ឥទ្ធិពល​ដល់​ការ​បរិ​ភោគគី​ម​ឈី​ផង​ដែរ ដោយ​ក្រុម​អ្នកមាន​ចំណូល​ទាប​បំផុត បង្ហាញ​ពី​អត្រា​នៃ​ការ​ទទួលទាន​គី​ម​ឈី​ខ្ពស់​ជាង​ក្រុម​អ្នកមាន​កម្រិត​ចំណូល​ខ្ពស់​បំផុត​។ ក្រុម​ស្រាវជ្រាវ​បាន​ចង្អុលបង្ហាញ​ថា ការ​ផ្លាស់​ប្តូរ​នៃ​ការ​បរិភោគ​អាហារ​ហឹរ ឆ្លុះ​បញ្ចាំង​ពី​ការ​ប្រែប្រួល​នៃ​សមាសធាតុ​ចំណីអាហារ និង​ទម្លាប់​នៃ​ការ​បរិភោគ​ជា​រួម​នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាងត្បូង​៕