ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​តវ៉ា​ចំពោះ​ការ​រំ​លោ​.​ភ​បំពាន​ជា​បន្តបន្ទាប់​របស់​ថៃ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា​នៅ​ខេត្តពោធិ៍សាត់​, តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ​៣៣៣

1 ថ្ងៃ មុន
  • ពោធិ៍សាត់

ខេត្តពោធិ៍សាត់ ៖ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើការ​តវ៉ា​យ៉ាង​ខ្លាំង ចំពោះ​ការ​បន្ត​រំលោភ​បំពាន​របស់​ថៃ​លើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​កម្ពុជា​តាម​បណ្តោយ​ព្រំដែន ។​ នៅ​ថ្ងៃ​ទី​៦ ខែសីហា ឆ្នាំ​២០២៦ កងកម្លាំងប្រដាប់អាវុធ​ថៃ​បាន​បន្ត​សាងសង់​លេណដ្ឋាន​យោធា​ថ្មី ដោយ​រំលោភ​ចូល​ក្នុង​ទឹកដី​កម្ពុជា​នៅ​តំបន់​ច្រក​ទ្វារ​អន្តរជាតិ​ថ្មដា ឃុំ​ថ្មដា ស្រុក​វាល​វែង ខេត្តពោធិ៍
សាត់ ។

លើស​ពី​នេះ នៅ​ថ្ងៃ​ទី​៧ ខែសីហា ឆ្នាំ​២០២៦ រាជរដ្ឋាភិបាល​ថៃ បាន​ប្រកាស​ផែនការ​ពង្រីក​បណ្តាញ​អគ្គិសនី​ជាតិ​របស់​ថៃ​ទៅ​កាន់​តំបន់​ប្រាសាទ​តា​ក្របី និង​ភ្នំ​៣៣៣ ។ សកម្មភាព​ទាំងនេះ គឺជា​ការ​ប៉ុនប៉ង​ពង្រឹង​ការ​កាន់កាប់​ទឹកដី​កម្ពុជា​ដោយ​ខុសច្បាប់​របស់​ថៃ​ដែល​រំលោភ​លើ​កាតព្វកិច្ច​របស់​ខ្លួន​ក្រោម​សន្ធិសញ្ញា និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ស្តី​ពី​ការ​កំណត់ព្រំដែន​គោក​ជាមួយ​កម្ពុជា ។

រាជរដ្ឋាភិបាល​កម្ពុជា សូម​ប្រឆាំង​ដាច់ខាត​ចំពោះ​ការ​រំលោភ​បំពាន​ជា​បន្តបន្ទាប់ និង​កាន់តែ​ខ្លាំង​ឡើង​របស់​កងកម្លាំងប្រដាប់​អាវុធ​ថៃ ហើយ​សូម​បញ្ជាក់​ជា​ថ្មី​នូវ​ជំហរ​ដ៏​មុតមាំ​ថា តំបន់​ដែល​បាន​រៀបរាប់​ខាងលើ​នេះ គឺ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ព្រះរាជាណាចក្រ​កម្ពុជា​ទាំងស្រុង ដូចដែល​បាន​កំណត់ និង​ខណ្ឌសីមា ដោយ​ផែនទី​មាត្រដ្ឋាន ១:២០០.០០០ ផលិត​ដោយ​គណៈ កម្ម​ការ​កំណត់ព្រំដែន​រវាង​ឥណ្ឌូចិន និង​សៀម អនុលោម តាម​អនុសញ្ញា​បារាំង​-​សៀម​ឆ្នាំ​១៩០៤ និង​សន្ធិសញ្ញា​ឆ្នាំ​១៩០៧ ។

សកម្មភាព​ដែល​បាន​រៀបរាប់​ខាងលើ គឺជា​ការ​រំលោភ​បំពាន​លើ​មាត្រា​៥ នៃ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា រវាង​រាជរដ្ឋា​ភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជា ណា​ចក្រ​ថៃ ស្តី​ពី​ការ​វាស់ វែង និង​ខណ្ឌសីមា​ព្រំដែន​គោក (MoU ឆ្នាំ​២០០០) ដែល​បាន​ចុះហត្ថលេខា​នៅ​ថ្ងៃ​ទី​១៤ ខែមិថុនា ឆ្នាំ​២០០០ ព្រមទាំង​ចំណុច​ទី​១ (​វិធានការ​កាត់​បន្ថយ​ភាព​តានតឹង​) នៃ​សេចក្តី​ប្រកាស​រួម​នៃ​កិច្ច​ប្រ ជុំ​ពិសេស​លើក​ទី​៣ របស់​គណៈ​ក​ម្មា ធិ​ការ​ព្រំដែន​ទូទៅ (GBC) ចុះ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២៥ ។

រាជរដ្ឋាភិបាល​កម្ពុជា សូម​បញ្ជាក់​សា​ជា​ថ្មី​ថា កម្ពុជា​មិន​ទទួលស្គាល់​ជា​ដាច់ខាត​នូវ​ខ្សែបន្ទាត់​ព្រំដែន ឬ​ការ​ទាមទារ​ទឹកដី​ជា​ឯកតោភាគី​របស់​ប្រទេស​ថៃ​នោះ​ឡើយ ហើយ​សកម្មភាព​ដែល​បាន​រៀបរាប់​ខាងលើ នឹង​មិន​ប៉ះពាល់​ដល់​សិទ្ធិ​ស្របច្បាប់ ឬ​ជំហរ​របស់​ព្រះរាជាណាចក្រ​កម្ពុជា ពាក់ព័ន្ធ​នឹង​ព្រំដែន​អន្តរជាតិ​របស់​ខ្លួន​ឡើយ ។

កម្ពុជា​ទាមទារ​ឱ្យ​ថៃ​បញ្ឈប់​ជា​បន្ទាន់​នូវ​សកម្មភាព​ទាំងនេះ​នៅ​តំបន់​ដែល​បាន​រៀបរាប់​ខាងលើ ក៏​ដូច​ជា​នៅ​តំបន់​ផ្សេង​ទៀត ដែល​ត្រូវ​បាន​កាន់កាប់​ដោយ​ខុសច្បាប់​ដោយ​កងកម្លាំងប្រដាប់អាវុធ​ថៃ ចាប់តាំងពី​ឆ្នាំ​មុន​មក ដើម្បី​កាត់​បន្ថយ​ភាព​តានតឹង ជំរុញ​ការ​ជឿ​ទុកចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក សម្របសម្រួល​ដល់​ការ​ដោះស្រាយ ជម្លោះ​ដោយ​សន្តិវិធី ដើម្បី​ស្តារ​ឡើង​វិញ​នូវ​សន្តិភាព ស្ថិរភាព និង​ទំនាក់ទំនង​ភាព​ជា​អ្នក​ជិតខាង​ល្អ នៅ​តាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​ថៃ ។

កម្ពុជា​នៅ​តែ​ប្តេជ្ញា​ចិត្ត​ដោះស្រាយ​រាល់​ជម្លោះព្រំដែន​ជាមួយ​ប្រទេស​ថៃ ក៏​ដូច​ជា​ជាមួយ​ប្រទេស​ជិតខាង​ទាំងអស់​ដោយ​សន្តិវិធី ស្រប​តាម​ច្បាប់​អន្តរជាតិ និង​កិច្ចព្រមព្រៀងទ្វេភាគី​ដែល​មាន​ស្រាប់ ព្រមទាំង​ប្រកាន់ ខ្ជាប់​នូវ​ជំហរ​ជា​គោលការណ៍​របស់​ខ្លួន​ថា ខ្សែបន្ទាត់​ព្រំដែន​មិន​ត្រូវ​បាន​ផ្លាស់​ប្តូរ​ដោយ​ប្រើ​កម្លាំង​នោះ​ឡើយ ៕