ចាប់ឆ្នោតរើសតូបលក់ដូរសម្រាប់អាជីវករភៀសសឹកនៅភូមិរង់ចាំ
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ កាលពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦កន្លងទៅ ឯកឧត្តម អ៊ុំ រាត្រី អភិបាលខេត្ត អមដំណើរដោយលោក ហ៊ឹល រ៉ាយ៉ា អភិបាលរងខេត្ត រួមនឹងក្រុមការងារខេត្ត ស្រុក បានអញ្ជើញជាអធិបតីភាពនៅក្នុងពិធីចាប់ឆ្នោតជ្រើសរើសតូបលក់ដូរ សម្រាប់បងប្អូនអាជីវករដែលរងគ្រោះដោយសារសង្គ្រាមឈ្លានពានពីសំណាក់យោធាថៃ រំលោភមកលើអធិបតេយ្យភាពរបស់កម្ពុជា ខណៈផ្ទះសម្បែងរបស់ពួកគាត់ត្រូវភាគីថៃគ្រប់គ្រងទាំងកំរោល មិនទាន់អាចវិលត្រឡប់ទៅលំនៅឋានបាន និងបច្ចុប្បន្នស្នាក់នៅភូមិរង់ចាំ ។
នេះជាការគិតគូររបស់ប្រមុខថ្នាក់ដឹកនាំ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា តាមរយៈក្រុមការងារដែលមានឯកឧត្តម គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ ។ ឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្ត ជាពិសេសឯកឧត្ដម កែ គឹមយ៉ាន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ បានផ្តល់ដីចំនួន៤០០ហិកតា ជូនរាជរដ្ឋាភិបាល សម្រាប់រៀបចំជម្រកសមរម្យជូនបងប្អូនភៀសសឹកដែលមិនទាន់អាចវិលត្រឡប់ទៅលំនៅឋានវិញបាន ដោយបានផ្ដល់ដី និងផ្ទះ ជូនពួកគាត់រស់នៅ ប្រកបរបររកទទួលទាននៅក្នុងភូមិរង់ចាំ ស្ថិតក្នុងឃុំស្លក្រាម ស្រុកស្វាយចេក ។
ជាមួយគ្នានេះ សម្រាប់បងប្អូនអាជីវករ ភៀសសឹក រាជរដ្ឋាភិបាលក៏បានរៀបចំឱ្យមានផ្សារសម្រាប់លក់ដូរទំនិញផងដែរ ។ ក្រោយពីរៀបចំរួចរាល់ អាជ្ញាធរខេត្តបានរៀបចំពិធីចាប់ឆ្នោត ដើម្បីឱ្យបងប្អូនអាជីវករដែលជាជនភៀសសឹក ទទួលបានតូបលក់ដូរសមរម្យ សម្រាប់លក់ដូរប្រកបរបរចិញ្ចឹមជីវិត ។
ចំពោះបងប្អូនអាជីវករដែលបានដាក់ពាក្យស្នើសុំអាជ្ញាធរខេត្ត ស្រុក និងមូលដ្ឋាន បានធ្វើការត្រួតពិនិត្យ និងវាយតម្លៃយ៉ាងម៉ត់ចត់ មុននឹងឈានដល់ការបោះឆ្នោតដែលដំណាក់កាលទី១ មានចំនួនជាង៣០០តូប ។ ជំហានបន្ទាប់អាជ្ញាធរនឹងរៀបចំការចាប់ឆ្នោតចំពោះបងប្អូនអាជីវករដែលនៅសល់បន្តទៀត ។
ជាមួយគ្នានេះ អាជ្ញាធរខេត្តក៏បានសំណូមពរដល់បងប្អូនអាជីវករ នៅពេលផ្សារចាប់ផ្តើមដំណើរការលក់ដូរ សូមចូលរួមធ្វើការថែរក្សានូវបរិស្ថានទាំងអស់គ្នា ។ មួយវិញទៀត អាជ្ញាធរ ក៏បានបែងចែកទៅតាមប្រភេទនៃការលក់ដូរដោយឡែកពីគ្នាដូចជា អីវ៉ាន់គ្រឿងទេស សម្លៀកបំពាក់មួយឡែក លក់ម្ហូបអាហារ គ្រឿងសមុទ្រ ត្រី សាច់មួយឡែក ៕














ចែករំលែកព័តមាននេះ