ដឹងការពិតហើយ! មូលហេតុមណ្ឌលសុខភាពគគីរធំ មិនទុកអ្នកសង្ស័យជំងឺគ្រុនឈា.មចោលទេ
- កណ្តាល
ខេត្តកណ្តាល ៖ លោក ស៊ិន កែវស៊ីថា ប្រធានមណ្ឌលសុខភាពគគីរធំ បានប្រាប់អ្នកសារព៌តមានអោយដឹងកាលពីរសៀលថ្ងៃទី១ ខែសីហា ឆ្នាំ២០២៦ ថា កុមារឬមនុស្សធំដែលក្តៅខ្លួនមកទទួលសេវានៅមណ្ឌលសុខភាពឃុំគគីរធំ បើពិនិត្យទៅឃើញសង្ស័យមានជំងឺគ្រុនឈាម គឺគោលការណ៍របស់ក្រសួងសុខាភិបាលមិនអនុញាតអោយស្នាក់ឬសម្រាកព្យាបាលនៅមណ្ឌលសុខភាពទៀតឡើយ គឺត្រូវបញ្ជូនគាត់ជាបន្ទាន់ទៅថ្នាក់មន្ទីរពេទ្យបង្អែកឬមន្ទីរពេទ្យថ្នាក់ជាតិ ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស ព្រោះជំងឺសម័យថ្មីឥឡូវនេះ គឺមានសភាពកាចសាហាវណាស់ អញ្ចឹងហើយបានជាក្រសួងសុខាភិបាលមិនអនុញាតអោយមណ្ឌលសុខភាព និងមន្ទីរពេទ្យឯកជនទុកអ្នកជំងឺគ្រុនឈាមនៅសម្រាកព្យាបាលពិនិត្យព្យាបាលជាដាច់ខាត ព្រោះជំងឺនេះវាលឿនណាស់មើលទាន់ៗបើមើលមិនទាន់ទេនោះនឹងមានគ្រោះថ្នាក់ដល់អាយុជីវិតជាក់ជាមិនខាន។
លោកប្រធានមណ្ឌលសុខភាពគគីរធំបន្តថា ចំពោះបងប្អូនអ្នកជំងឺទូទៅ និងស្ត្រីឈឺពោះឆ្លងទន្លេ គឺមណ្ឌលសុខភាពយើងនៅទទួលពិនិត្យព្យាបាលជាធម្មតា។
លោក ស៊ិន កែវស៊ីថា បន្ថែមថា ទាក់ទងទៅនឹងឡានពេទ្យ តាំងពីជំនាន់សម័យឯកឧត្តម ឌុល គឿនគាត់ចែកអោយសឹងគ្រប់មណ្ឌលសុខភាពទូទាំងស្រុកកៀនស្វាយ គឺសុទ្ធសឹងតែខូចអស់ គេប្រើរថយន្តសង្គ្រោះថ្មីអស់ហើយ នៅតែមណ្ឌលសុខភាពគគីរធំយើងនេះទេនៅប្រើ ឥឡូវបែកកង់ខូចម៉ាស៊ីន ពុកតួអស់ហើយដែរ ដឹកអ្នកជំងឺមិនកើតទេចតទុកចោលនៅមណ្ឌល។ហេតុដូចនេះហើយ ទើបមណ្ឌលស្នើសុំទៅការិយាល័យអូឌីស្រុក សូមបុគ្គលិកគាត់មានលិទ្ធភាពគាត់ទិញរថយន្តសង្គ្រោះនេះដាក់មណ្ឌលសុខភាពព្រោះមណ្ឌលយើងនៅឆ្ងាយត្រូវតែមានរថយន្តសង្គ្រោះប្រចាំការមិនអាចខ្វះបាន។
ចំពោះតម្លៃវិញ គឺមណ្ឌលកំណត់អោយគាត់យកតម្លៃទៅតាមកិច្ចព្រមព្រៀងពីមុន១០ម៉ឺនរៀលសម្រាប់ការដឹកអ្នកជំងឺពីមណ្ឌលសុខភាពឃុំគគីរធំទៅដល់មន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ បើទៅមន្ទីរពេទ្យថ្នាក់ជាតិតម្លៃ១៥ម៉ឺនរៀល ។ តែចាប់តាំងពីសាំងឡើងថ្លៃមកគឺគេយក២០ម៉ឺនរៀលត្រឹមមន្ទីរពេទ្យបង្អែកស្រុក មានឧបករណ៍សង្គ្រោះបឋម និងគ្រូពេទ្យគាត់ទៅជាមួយម្នាក់ទៀត តែគាត់មិនទទួលបានលុយទេ ហើយបើឡាននោះយកតម្លៃលើសហួសហេតុ សូមអោយអ្នកជំងឺរាយការណ៍មកលោកនឹងអន្តរាគមន៍ភ្លាមៗ។ ដូច្នោះសូមបងប្អូនប្រជាពលរដ្ឋកុំយល់ច្រឡំថាមណ្ឌលសុខភាពទទួលសេវាព្យាបាលជូនអ្នកជំងឺនោះ តាមពិតមណ្ឌលសុខភាពគិតគូរយកចិត្តទុកដាក់ពិនិត្យព្យាបាលអ្នកជំងឺទូទៅនៅដូចពីមុនដដែល សូម្បីអ្នកជំងឺពិនិត្យមិនទាន់ដឹងថាគ្រុនឈាមក៍នៅដាក់សារ៉ូមពិនិត្យតាមដាន២ទៅ៣ថ្ងៃដែរ។
លោក នង វណ្ណា ប្រធានមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ក៍បានអោយដឹងថា ទាក់ទងជំងឺគ្រុនឈាម គឺថ្នាក់លើមិនអនុញ្ញាតអោយព្យាបាលនៅមណ្ឌលទេ ដោយសារអាត្រានៃការគ្រោះថ្នាក់ជំងឺគ្រុនឈាមវាខ្ពស់ពេក និងដោយសារតាមមណ្ឌលសុខភាពអត់មានម៉ាស៊ីនតាមដានគ្រាប់ឈាម ស្របពេលជំងឺនេះ ។ បច្ចុប្បន្នវាកាចសាហាវខ្លាំងណាស់មួយរយ:ពេលនេះលោកថា មានអ្នកស្លាប់ដោយសារជំងឺគ្រុនឈាម២ទៅ៣នាក់ហើយ ។ លោកប្រធានមន្ទីរពេទ្យបង្អែកស្រុកថា ដើម្បីកាត់បន្ថយការស្លាប់របស់កុមារ ក៍សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋបើមានកូនចៅឈឺជំងឺគ្រុមឈាម សូមកុំទុកយូរប្រញ៉ាប់រុះរ៉ាន់យកកូនចៅមកចូលសម្រាក់ពិនិត្យព្យាបាលនៅមណ្ឌលសុខភាពឃុំសំរោងធំ និងមន្ទីរពេទ្យបង្អែកស្រុកកៀនស្វាយ ព្រោះនៅទីនោះមានម៉ាស៊ីនពិនិត្យតាមដានគ្រាប់ឈាម ។
ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ