អ្នកជំងឺម្នាក់មានអាការៈវង្វេងវង្វាន់ បានបញ្ច.ប់ជីវិ.តខ្លួនឯងនៅក្នុងបន្ទប់សម្រាកព្យាបាល
- រតនគិរី
ខេត្តរតនគិរី៖ករណីអត្តឃាតដ៏រន្ធត់មួយបានកើតឡើងនៅក្នុងមន្ទីរពេទ្យបង្អែកស្រុកបរកែវ កាលពីវេលាម៉ោង ២និង៥៥ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ បន្ទាប់ពីបុរសជាអ្នកជំងឺម្នាក់បានចងកសម្លាប់ខ្លួននៅក្នុងបន្ទប់លេខ១៤ ជាន់ទី១។
យោងតាមបុគ្គលិកសុខាភិបាលបានឱ្យដឹងថា កាលពីម៉ោងប្រមាណ ៨និង៥៥ នាទីយប់ ថ្ងៃទី១ ខែកក្កដាជនរងគ្រោះបានបើកបរម៉ូតូមកសុំពិនិត្យសុខភាព និងត្រូវបានដាក់ឱ្យសម្រាកនៅបន្ទប់លេខ១៥។ លុះដល់ម៉ោងដប់យប់ រូបលោកចាប់ផ្តើមមានអាការៈមិនប្រក្រតី និយាយរវើរវាយ និងភ័យខ្លាចសមត្ថកិច្ចចាប់ខ្លួន។
ទោះបីជាគ្រូពេទ្យជួយលួងលោមយ៉ាងណាក៏ដោយ លុះដល់ម៉ោង ២និង៤៥ នាទីទៀបភ្លឺ ជនរងគ្រោះបានរត់ស្លន់ស្លោចូលទៅបន្ទប់លេខ១៤ ហើយបានគំរាមកំហែងអ្នកជំងឺ ៣ នាក់ទៀតឱ្យជួយទាញខ្សែភ្លើងឱ្យខ្លួន រហូតអ្នកជំងឺទាំងនោះភ័យខ្លាចដកសេរ៉ូមរត់ចេញអស់។ ភ្លាមៗនោះគ្រូពេទ្យបានជម្លៀសអ្នកជំងឺដទៃទៅកន្លែងសុវត្ថិភាព ដោយទុកជនរងគ្រោះនៅក្នុងបន្ទប់នោះម្នាក់ឯងដើម្បីសម្រួលអារម្មណ៍។
លុះដល់ម៉ោង ៣និង០៥ នាទីទៀបភ្លឺ គ្រូពេទ្យត្រឡប់មកពិនិត្យម្តងទៀត ស្រាប់តែឃើញបន្ទប់បិទភ្លើង និងចាក់សោជាប់ពីខាងក្នុង។ ពេលចាក់សោចូលទៅពិនិត្យ ទើបប្រទះឃើញជនរងគ្រោះចងកនឹងខ្សែភ្លើងស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុ ក្រោមការសម្របសម្រួលពីលោក ជួន សុបញ្ញា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តរតនគិរី កម្លាំងជំនាញការិយាល័យបច្ចេកទេសខេត្ត សហការជាមួយនគរបាលស្រុកបរកែវ បានចុះធ្វើកោសល្យវិច័យ។សមត្ថកិច្ចបានកំណត់អត្តសញ្ញាណសពឈ្មោះណម ថេន ភេទប្រុស អាយុ ៤៣ ឆ្នាំ មុខរបរកសិករ មានស្រុកកំណើតនៅស្រុកអូរជុំ តែមកស្នាក់នៅចាំចំការក្បែរភ្នំដាង ក្នុងស្រុកបរកែវ។
លទ្ធផលពិនិត្យសាកសពដែលចងភ្ជាប់នឹងចំរឹងបង្អួច បង្ហាញថាសពមិនមានស្លាកស្នាមរងការវាយដំឡើយ ក្រៅពីស្នាមជាំទ្រុតខ្លាំងនៅត្រង់ក។ សមត្ថកិច្ចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាស្លាប់ដោយសារការចងកធ្វើអត្តឃាតពិតប្រាកដមែន ហើយបច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

ចែករំលែកព័តមាននេះ