មេឈ្មួញឈើដុះស្លែក្រាស់នៅតែដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាម បានសុខរហូត
- រតនគិរី
ខេត្តរតនគិរី ៖ ការដឹកជញ្ជូនឈើក្នុងខេត្តរតនគិរីនៅតែកើតមានជាបន្តបន្ទាប់ដែលទំនងជាមានការត្រូវរូវគ្នារវាងឈ្មួញ និងសមត្ថកិច្ចទើបដំណើរការបានយ៉ាងរលូនចេញពីព្រៃការពារដោយបរិស្ថានស្រុកលំផាត់ ឆ្ពោះទៅប្រទេសវៀតណាម ។ ការដឹកជញ្ជូនឈើនេះដែរទើបគេប្រទះឃើញនៅវេលាយប់ថ្ងៃទី ១៥ ខែមិថុនាឆ្នាំ ២០២៦ ដែលរថយន្តឡង់គ្រីស័រកែច្នៃកាត់ទ្រុងកំពុងដឹកបើកបរលើកំណាត់ផ្លូវជាតិលេខ៧៨A ចេញពីស្រុកបរកែវឆ្ពោះទៅស្រុកអូរយាដាវ ។
តាមប្រភពបានឱ្យដឹងថា រថយន្តឡង់គ្រីស័រកែឆ្នៃកាត់ទ្រុងដឹកឈើមានមុខកាត់ធំៗពេញប្រៀបនោះជារបស់ឈ្មោះ ផៃ ទី ភេទប្រុសរស់នៅភូមិអ៊ុន ឃុំលំជ័រ ស្រុកអូរយ៉ាដាវ គឺជាឈ្មួញដុះស្លែប្រចាំតំបន់ជាយដែនកម្ពុជា-វៀតណាម គឺដឹកជញ្ជូនដូចស្រមោចពាំស្ករ ។
ប្រភពបន្តថា មេឈ្មួញដុះស្លែឈ្មោះ ផៃ ទី ដែលគេតែងសង្កេតឃើញដឹកជញ្ជូនឈើស្ទើររៀងរាល់យប់ចេញពីតំបន់ព្រៃការពារ ដោយបរិស្ថាន ស្ថិតក្នុងភូមិកែងសាន់ឃុំសេដា ស្រុកលំផាត់ខេត្តរតនគិរី ឆ្ពោះទៅកាន់ប្រទេសវៀតណាម តាមច្រកប៉ុស្តិ ភូមិភិស្ថិតក្នុងឃុំប៉ក់ញ៉ៃ ស្រុកអូរយ៉ាដាវ ដែលមានសមត្ថកិច្ចជាច្រើនស្ថាប័នប្រចាំការនៅទីនោះ ប្រៀបដូចជួយចិញ្ចឹមឆ្នាំងគ្នា ទើបបានសុខ ។
ការដឹកឈើចេញពីព្រៃការពារដោយបរិស្ថាននោះដែរក៏ត្រូវឆ្លងកាត់អាជ្ញាធរ និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ផងដែរតាមបណ្តាស្រុកមាន ស្រុកលំផាត់ ស្រុកបរកែវ និងស្រុកអូរយ៉ាដាវទំនងប្រហែលជាត្រូវថ្នាំសណ្តំអស់ហើយទើបមិនមានការបង្ក្រាប ។ បើតាមការសង្កេតនៅក្នុងខេត្តរតនគិរី ទាំងមូលហាក់ដូចជាមានភាពស្ងប់ស្ងាត់ឈ្មួញដឹកជញ្ជូនឈើទៅលក់នៅប្រទេសជិតខាងលើកលែងតែឈ្មោះ ផៃ ទី នេះម្នាក់គត់ ដែលដុះស្លែក្រាស់ណាស់នៅតែប្រកបរបរនេះដដែលដោយមិនចេះខ្លាច សង្ស័យជួយចិញ្ចឹមគ្នា ។
ព័ត៌មានបន្តនឹងមានផ្សាយនៅលើកាសែតកោះសន្តិភាព ៕



ចែករំលែកព័តមាននេះ