ខេត្តកណ្ដាល ៖ កម្លាំងនគរបាលចម្រុះ នៃនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ចុះឆ្មក់បង្ក្រាបទីតាំងសិប្បកម្មផលិតបារីក្លែងក្លាយ និងខុសច្បាប់ ចំនួន២កន្លែង នៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ដោយបានឃាត់ខ្លួនមនុស្សចំនួន៥នាក់ និងដកហូតបានវត្ថុតាងជាបារីក្លែងបន្លំម៉ាកល្បីៗជាច្រើនប្រភេទ ។
ប្រតិបត្តិការនេះបានធ្វើឡើងកាលពីវេលាម៉ោង១១:០០នាទីព្រឹក ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ក្រោមការចង្អុលបង្ហាញផ្ទាល់ពីនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការណែនាំពីលោកឧត្តមសេនីយ៍ឯក មួង សុធា អគ្គស្នងការរងនគរបាលជាតិ ទទួលដឹកនាំនាយកដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ។
កម្លាំងផ្ទាល់ក្នុងកិច្ចប្រតិបត្តិការនេះ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ហ៊ុន គឹមជាតិ ប្រធាននាយដ្ឋានកណ្តាលនគរបាលយុត្តិធម៌ ដោយមានការចូលរួមសហការពីកម្លាំងនាយកដ្ឋានអន្តរាគមន៍ កម្លាំងនាយកដ្ឋាននគរបាលការពារ និងកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក្រោមការសម្របសម្រួលនីតិវិធីពីលោក សឿន មុន្នីរ័ត្ន ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តកណ្តាល ។
នៅក្នុងកិច្ចប្រតិបត្តិការនោះ សមត្ថកិច្ចបានបែងចែកកម្លាំងចុះបង្ក្រាបទីតាំងចំនួនពីរ អមគ្នាក្នុងពេលតែមួយ រួមមាន ៖
ទីតាំងទី១ ស្ថិតក្នុងភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ដោយកម្លាំងជំនាញបានរកឃើញ និងដកហូតបារីក្លែងបន្លំម៉ាកល្បីៗជាច្រើនប្រភេទ រួមមាន Thang Long (ថាងឡុង), Double Happiness, Manchester, Nanjing, Seven Wolves, Liqun (លីគុន), Gold Flake , Rothmans, Zhongnanhai (ចុងណានហៃ), Hehua (ហេហួ), Kent, និង Chunghwa។
ដោយឡែកទីតាំងទី២ ស្ថិតក្នុងសង្កាត់សិត្បូ ក្រុងតាខ្មៅ សមត្ថកិច្ចបានរកឃើញបារីខុសច្បាប់ម៉ាក Marlboro, Winston, Gold Mount, JPS Classic, Tobacco Gauses (ហ្គោស), Canyon ព្រមទាំងបារីម៉ាកផ្សេងៗជាច្រើនមុខទៀត។
ជាលទ្ធផល នៃកិច្ចប្រតិបត្តិការខាងលើ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនមនុស្សចំនួន៥នាក់ ដែលជាមេការ និងកម្មករ ដើម្បីនាំយកមកធ្វើការសាកសួរចម្លើយ និងបន្តនីតិវិធី។ ចំពោះវត្ថុតាង ដែលជាផលិតផលបារីខុសច្បាប់ និងឧបករណ៍ផលិតទាំងអស់ ត្រូវបានកម្លាំងសមត្ថកិច្ចដកហូត និងធ្វើការឃ្លុំបៀបិទសៀរ ជាបណ្តោះអាសន្ន ដើម្បីកសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់ជាធរមាន៕












ចែករំលែកព័តមាននេះ