វត្តមាន«កូនខ្ទីង»ជាច្រើន ត្រូវបានរកឃើញនៅស្ទឹងត្រែង ខណៈមន្ត្រីជំនាញជំរុញឱ្យបង្កើនការល្បាតការពារ
- ស្ទឹងត្រែង
ខេត្តស្ទឹងត្រែង ៖ មន្ត្រីជំនាញនៃរដ្ឋបាលព្រៃឈើខេត្តស្ទឹងត្រែង សហការជាមួយអង្គការគាំ ពារសត្វព្រៃកម្ពុជា (CWC) បានជំរុញឱ្យប្រជាសហគមន៍បង្កើនសកម្មភាពចុះល្បាតព្រៃឱ្យបានញឹកញាប់ ដើម្បីបង្កើនប្រសិទ្ធភាពក្នុងការអភិរក្សសត្វព្រៃកម្រៗ ក្រោយពីការថតជាប់វត្តមានសត្វព្រៃជាច្រើនប្រភេទ រួមទាំងកូនខ្ទីងតូចៗផងដែរ ។

ក្នុងប្រតិបត្តិការចុះឆែកកាមេរ៉ាសុវត្ថិភាព និងធ្វើល្បាតនៅក្នុងព្រៃសហគមន៍ «ភ្នំប្រជុំមិត្ត» (ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់) និងព្រៃសហគមន៍ «ជាំពេជ្រ» (ឃុំកោះស្នែង ស្រុកបុរីអូរស្វាយសែនជ័យ) កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៦ លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្ទឹងត្រែងបានឱ្យដឹងថា តាមរយៈការឆែកទិន្នន័យពីរូបភាពកាមេរ៉ាចំនួន១៤គ្រឿង ដែលបានដាក់ពង្រាយកន្លងមក ក្រុមការងារបានរកឃើញវត្តមានសត្វចតុបាត និងសត្វស្លាបជាច្រើនប្រភេទ ។ រួមមាន៖ សត្វខ្ទីង, ទន្សោង, ប្រើស, ឈ្លូស, កាំប្រម៉ា, ក្ងោក, ទូច, ស្វា និងប្រភេទសត្វផ្សេងៗមួយចំនួនទៀត ។

លោកបន្តថា តាមរយៈការដាក់កាមេរ៉ានេះ យើងបានតាមដានមើលសកម្មភាពបម្លាស់ទីរបស់សត្វព្រៃ និងបានដឹងថា សត្វអ្វីខ្លះកំពុងរស់នៅសម្បូរបែបជាងគេ។ អ្វីដែលពិសេស គឺយើងបានឃើញមានសត្វខ្ទីងកើតកូនតូចៗជាច្រើនថែមទៀតផង ។ ទោះជាយ៉ាងណាក៏ដោយ លោកបានបន្ថែមថា កាមេរ៉ាសុវត្ថិភាពក៏បានថតជាប់សកម្មភាពរបស់ជនសង្ស័យមួយចំនួន ដែលបានលួចចូលមកកាប់ឈើ និងដាក់អន្ទាក់ទាក់សត្វព្រៃនៅក្នុងតំបន់នោះផងដែរ ។

ជុំវិញបញ្ហានេះ មន្ត្រីអង្គការគាំពារសត្វព្រៃកម្ពុជា (CWC) បានធ្វើការអំពាវនាវយ៉ាងទទូចដល់ប្រជាពលរដ្ឋដែលរស់នៅក្បែរតំបន់ព្រៃឈើ ក៏ដូចជាសាធារណជនទូទៅ បញ្ឈប់ ការបរបាញ់ ការដាក់អន្ទាក់ និងការបំពុលសត្វព្រៃគ្រប់រូបភាព និងងាកមកចូលរួមការពារសត្វព្រៃដែលជាធនធានធម្មជាតិកម្រ និងជិតផុតពូជទាំងអស់នេះ ដើម្បីរក្សាទុកជាប្រយោជន៍បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិ ។

ឆ្លើយតបនឹងកិច្ចខិតខំប្រឹងប្រែងនេះ លោក ចាន់ រតនា តំណាងប្រជាសហគមន៍ភ្នំប្រជុំមិត្ត បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹងចំពោះការដំឡើងកាមេរ៉ាសុវត្ថិភាពនេះ ព្រោះវាបានផ្តល់កម្លាំងចិត្តបន្ថែមដល់ប្រជាសហគមន៍ក្នុងការចុះល្បាត ។ លោកបានបញ្ជាក់ថា សហគមន៍នឹងបន្តផ្សព្វផ្សាយច្បាប់ស្តីពីការអភិរក្សសត្វព្រៃនិងការការពារព្រៃឈើឱ្យបានទូលំទូលាយ ដើម្បីឱ្យប្រជាពលរដ្ឋទាំងអស់បានយល់ដឹង និងចូលរួម ។

គួរបញ្ជាក់ផងដែរថា កន្លងមក មន្ត្រីសង្កាត់រដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ ធ្លាប់បានចុះល្បាតទប់ស្កាត់បទល្មើស និងប្រមូលបានអន្ទាក់សត្វព្រៃជាង៣០០អន្ទាក់ យកមកកម្ទេចចោលរួចរាល់ហើយ នៅក្នុងតំបន់ព្រៃសហគមន៍ទាំងពីរខាងលើ ៕
ចែករំលែកព័តមាននេះ