ខេត្តរតនគិរី ៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តរតនគិរី បានបើកប្រតិបត្តិការទ្រង់ទ្រាយធំ ដោយបានចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ ក្នុងក្រុងបានលុង ដើម្បីទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ និងការពារសុខុមាលភាពរបស់ប្រជាពលរដ្ឋ ។
ក្នុងប្រតិបត្តិការរយៈពេល ២ថ្ងៃ នៃការចុះពិនិត្យអាជ្ញាធរ បានរកឃើញ និងដកហូតភេសជ្ជៈ ព្រមទាំងអាហារហួសកាលបរិច្ឆេទប្រើប្រាស់បានមួយចំនួន ។
បើតាមសមត្ថកិច្ច ក្នុងបេសកម្មនេះ ធ្វើឡើងកាលពីថ្ងៃទី១៧ និងថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ ដឹកនាំដោយលោក វ៉ាន់ សោភា អភិបាលរងខេត្ត និងមានការសម្របសម្រួលផ្នែកច្បាប់ពីលោក ជូន សុបញ្ញា ព្រះរាជអាជ្ញារង អមដោយកម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី និងមន្ត្រីជំនាញ ក.ប.ប ។
បើតាមរបាយការណ៍ពីសមត្ថកិច្ច ក្រុមការងារបានចុះត្រួតពិនិត្យឃ្លាំងស្តុបទំនិញ សរុបចំនួន ១០កន្លែង។ ទោះបីជាការពិនិត្យពុំបានរកឃើញទំនិញគេចពន្ធ ឬទំនិញខុសច្បាប់នាំចូលពីប្រទេសថៃ ដូចការសង្ស័យក្តី ប៉ុន្តែមន្ត្រីជំនាញ ក.ប.ប ខេត្ត បានរកឃើញទំនិញហួសកាលបរិច្ឆេទ (ខូចគុណភាព) មួយចំនួន ដែលកំពុងរក្សាទុកក្នុងឃ្លាំង។ ដូចជា ភេសជ្ជៈប៉ូវកម្លាំងម៉ាក Carabao ចំនួន ១៧កេស, ភេសជ្ជៈតែបៃតង Oishi ចំនួន ២៤ដប និង Green Tea ២០កំប៉ុង, កាហ្វេ Nescafe ចំនួន ២៣កំប៉ុង, មីកំប៉ុង MiGa ចំនួន ១២កំប៉ុង ។
បច្ចុប្បន្ន ភេសជ្ជៈ និងទំនិញហួសកាលបរិច្ឆេទទាំងអស់ ត្រូវបានមន្ត្រីជំនាញដកហូតយកទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីបន្តនីតិវិធីកម្ទេចចោល ។
អាជ្ញាធរខេត្ត ក៏បានរំលឹកដល់អាជីវករ និងម្ចាស់ឃ្លាំងទាំងអស់ ត្រូវមានស្មារតីទទួលខុសត្រូវខ្ពស់ ក្នុងការពិនិត្យមើលកាលបរិច្ឆេទ នៃទំនិញរបស់ខ្លួន មុននឹងចែកចាយលើទីផ្សារ ដើម្បីជៀសវាងការរងពិន័យតាមផ្លូវច្បាប់ និងដើម្បីចូលរួមការពារសុខភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ៕











ចែករំលែកព័តមាននេះ