ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្នុង​ថ្ងៃ​តែ​មួយ! គ្រោះ​រន្ទះបា.ញ់ ងា.ប់​គោ​អស់​១៩​ក្បាល នៅ​ស្រុក​លំ​ផាត់ ខេត្តរតនគិរី

57 នាទី មុន
  • រតនគិរី

ខេត្តរតនគិរី​៖ ករណី​គ្រោះ​ធម្មជាតិ​រន្ទះបាញ់​មួយ បាន​កើតឡើង​យ៉ាង​រន្ធត់ បណ្តាល​ឱ្យ​សត្វ​គោ​របស់​ប្រជា​ពល​រដ្ឋ​សរុប​ចំនួន ១៩​ក្បាល ងាប់​ភ្លាម​ៗ​នៅ​កន្លែង​ផ្សេងគ្នា ក្នុងភូមិ​ចំនួន​ពីរ នៃ​ឃុំ​ជ័យ​ឧត្តម ស្រុក​លំ​ផាត់​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង ១:២០ នាទី​រសៀល ថ្ងៃ​ទី​២៨ ខែឧសភា ឆ្នាំ​២០២៦​។

អភិបាលស្រុក​លំ​ផាត់​លោក កិ សុខ​គា បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​គ្រោះ​ធម្មជាតិ​មួយ​នេះ ដែល​បាន​បង្ក​ឱ្យ​គ្រួសារ​ប្រជាពលរដ្ឋ​ជា​ច្រើន​ខាតបង់​ទ្រព្យសម្បត្តិ និង​ធនធាន​យ៉ាងធ្ងន់ធ្ងរ​។ ការ​ថ្លែង​បែប​នេះ បាន​ធ្វើ​ឡើង​ភ្លាម​ៗ បន្ទាប់​ពី​លោក​ទទួល​បាន​របាយការណ៍​ពី​រដ្ឋបាល​ឃុំ​ជ័យ​ឧត្តម​។

យោង​តាម​របាយការណ៍​ផ្លូវការ គ្រោះថ្នាក់​រន្ទះបាញ់​នេះ​បាន​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន ៥ គ្រួសារ នៅ​ក្នុងភូមិ​ចំនួន​ពីរ រួម​មាន​៖១. ភូមិ​ថ្មី ងាប់​គោ​ចំនួន ៩​ក្បាល ជា​របស់​ប្រជាពលរដ្ឋ ១​គ្រួសារ មាន​ម្ចាស់​ឈ្មោះ ថង ចាន់​ម៉ៅ​។

២. ភូមិ​ស្រែ​ឈូក​៖ ងាប់​គោ​សរុប​ចំនួន ១០​ក្បាល លើ​ប្រជាពលរដ្ឋ​ចំនួន ៤​គ្រួសារ​៖​ម្ចាស់​ឈ្មោះ សៃ អន (​ភេទ​ប្រុស​)៖ ងាប់​គោ​ចំនួន ៦​ក្បាល​។

ម្ចាស់​ឈ្មោះ ឌឿ​ង កៃ (​ភេទ​ប្រុស​)៖ ងាប់​គោ​ចំនួន ២​ក្បាល​។

ម្ចាស់​ឈ្មោះ កែវ ឧត្តម (​ភេទ​ប្រុស​)៖ ងាប់​គោ​ចំនួន ១​ក្បាល​។​ម្ចាស់​ឈ្មោះ លី​ម កា​ដាំ​៖ ងាប់​គោ​ចំនួន ១​ក្បាល​។

ក្រោយ​កើតហេតុ​ភ្លាម​ៗ លោក​អភិបាលស្រុក លំ​ផាត់ ក៏​បាន​ចេញ​សេចក្តី​អំពាវនាវ និង​ណែនាំ​ជាបន្ទាន់​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​នៅ​ក្នុង​មូលដ្ឋាន ឱ្យ​បង្កើន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​សត្វ​ចិញ្ចឹម​គ្រប់​ប្រភេទ ជា​ពិសេស​សត្វ​គោ និង​ក្របី នៅ​ពេល​មាន​ភ្លៀង​ធ្លាក់ ឬ​មេឃ​រកកល​ចង់​ភ្លៀង ដែល​អាច​បង្ក​ឱ្យ​មាន​ខ្យល់​កន្ត្រាក់ និង​បាតុភូត​រន្ទះបាញ់​។

    លោក កិ សុខ​គា បាន​សង្កត់ធ្ងន់ និង​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មាន​របរ​ចិញ្ចឹម​សត្វពាហនៈ​ទាំងអស់​ថា​៖«​ត្រូវ​ប្រញាប់ប្រញាល​កៀង​សត្វ​ទាំងនោះ​បញ្ចូល​ទៅ​ក្នុង​ទ្រុង​ដែល​មាន​ដំបូល​ត្រឹមត្រូវ នៅ​ពេល​ឃើញ​មេឃងងឹត ឬ​រកកល​ចង់​ភ្លៀង​។

ជា​ដាច់ខាត មិន​ត្រូវ​ទុក​ឱ្យ​សត្វ​ចិញ្ចឹម​ជ្រក​នៅ​ក្រោម​ដើមឈើ​ឡើយ ព្រោះ​វា​ជា​ចំណុច​ប្រឈម​ខ្ពស់​បំផុត​ក្នុង​ការ​រង​ការ​វាយប្រហារ​ដោយ​រន្ទះបាញ់​»៕