ព្រំដែនបិទតែឈ្មួញនៅតែប្រថុយ៖ កម្លាំងចម្រុះស្រុកម៉ាឡៃឆ្មក់បង្ក្រាបការលួចដឹកជញ្ជូនបារីខុសច្បាប់ទៅថៃ និងរឹបអូសបារីរាប់សិបការ៉ុង និងម៉ូតូ៦គ្រឿង
- បន្ទាយមានជ័យ
ខេត្តបន្ទាយមានជ័យ ៖ សមត្ថកិច្ចចម្រុះបើកប្រតិបត្តិការបង្ក្រាបករណីលួចដឹកជញ្ជូនបារីខុសច្បាប់ឆ្លងដែនមួយបានកើតឡើង កាលពីល្ងាចម៉ោង១៩ និង៤៣នាទីយប់ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅត្រង់ចំណុចច្រករបៀង ភូមិល្វា ឃុំបឹងបេង ស្រុកម៉ាឡៃ ។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា ក្រុមឈ្មួញខិលខូចបានលួចដឹកជញ្ជូនបារីជាច្រើនការ៉ុង ចេញពីស្រុកសំពៅលូន ឆ្ពោះមកកាន់ព្រំដែនស្រុកម៉ាឡៃ ដើម្បីនាំចេញទៅក្រៅប្រទេស(ថៃ)។ នេះគឺជាជើងលើកទី៥ហើយ ដែលបង្ហាញឱ្យឃើញថា ក្រុមឈ្មួញនៅតែបន្តប្រថុយប្រថានយ៉ាងសកម្មបន្ទាប់ពីព្រំដែនត្រូវបានបិទ ។

ក្នុងប្រតិបត្តិការបង្ក្រាបនេះ កម្លាំងសមត្ថកិច្ចចម្រុះ ដែលដឹកនាំដោយ លោកស្វាយ ជា អភិបាលនៃគណៈអភិបាលស្រុកម៉ាឡៃ សហការជាមួយលោកវរសេនីយ៍ឯក សួង សៅ មេបញ្ជាការវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៥ និងកម្លាំងយោធាពីកងពលតូចលេខ៥១ និងលេខ៥៣ ដោយសារតែខ្លាចកម្លាំងសមត្ថកិច្ច ក្រុមកម្មករដឹកជញ្ជូនបានរត់គេចខ្លួនបន្សល់ទុកម៉ូតូ៦គ្រឿង និងវត្ថុតាងបារី៣៦ការ៉ុង និង២១កេសកន្លះ រទេះអូស២នៅនឹងកន្លែងជិតមាត់អូរព្រំដែន ។

បច្ចុប្បន្ន សមត្ថកិច្ចជំនាញកំពុងស្រាវជ្រាវស្វែងរកម្ចាស់បារី(ជាមេឈ្មួញ)ដើម្បីឃាត់ខ្លួនកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕




ចែករំលែកព័តមាននេះ