សុខភាព៖ យោងតាមចុះផ្សាយពីប្រភពបរទេស ទឹកក្រូចឆ្មារគឺជាប្រភពដ៏អស្ចារ្យនៃវីតាមីន C និងអាស៊ីតស៊ីទ្រីក ដែលជួយពង្រឹងប្រព័ន្ធភាពស៊ាំ ជួយឱ្យស្បែកស្អាត និងមានសមត្ថភាពពិសេសក្នុងការបង្ការ «ក្រួសក្នុងតម្រងនោម» ដោយសារវាជួយកាត់បន្ថយការកកកុញនៃជាតិកាល់ស្យូម។ ទោះជាយ៉ាងណាក៏ដោយ បើលោកអ្នកប្រើប្រាស់មិនបានត្រឹមត្រូវ វានឹងប្រែជាសត្រូវបំផ្លាញសុខភាពវិញយ៉ាងឆាប់រហ័ស។
ការញ៉ាំទឹកក្រូចឆ្មារក្នុងកម្រិតខ្លាំងពេក ឬញ៉ាំនៅពេលពោះទទេ អាចបង្កជាផលវិបាកធ្ងន់ធ្ងរដូចជា រលាកភ្នាសក្រពះ ធ្វើឱ្យធ្មេញស្រៀវដោយសារការសឹកស្រទាប់ការពារ និងបង្កបញ្ហាច្រាលអាស៊ីត។ ជាពិសេស ចំពោះអ្នកដែលមានបញ្ហាតម្រងនោមរ៉ាំរ៉ៃ ការញ៉ាំទឹកក្រូចឆ្មារដោយគ្មានការណែនាំពីគ្រូពេទ្យ អាចធ្វើឱ្យបាត់បង់តុល្យភាពអេឡិចត្រូលីតក្នុងឈាម ដែលគ្រោះថ្នាក់ខ្លាំងដល់ជីវិត។
ដើម្បីទាញយកអត្ថប្រយោជន៍ឱ្យបានអតិបរមា លោកអ្នកគួរអនុវត្តតាមតិចនិក ៣ យ៉ាង៖ ទី១ ត្រូវលាយទឹកក្រូចឆ្មារឱ្យរាវ (ក្រូចឆ្មារ ១-២ ផ្លែ លាយជាមួយទឹក ១ ទៅ ១,៥ លីត្រ) ទី២ ពេលវេលាល្អបំផុតគឺញ៉ាំ «ក្រោយពេលបាយ» ដើម្បីការពារក្រពះ និងទី៣ សម្រាប់អ្នកមានសុខភាពល្អ គួរញ៉ាំត្រឹម ១-២ កែវក្នុងមួយថ្ងៃគឺគ្រប់គ្រាន់ហើយ។ ការប្រើប្រាស់ដោយភាពវៃឆ្លាត នឹងធ្វើឱ្យទឹកក្រូចឆ្មារក្លាយជាខែលការពាររាងកាយយ៉ាងពូកែ៕
ចែករំលែកព័តមាននេះ