នៅពេលដែលទ្រព្យសម្បត្តិដែលខំរកទាំងញើសឈាម បែរជាត្រូវចោរលួចទៅបាត់ក្នុងមួយប៉ព្រិចភ្នែក? ថ្ងៃនេះ ពន្លឺនៃក្ដីសង្ឃឹមបានលេចឡើងវិញហើយ ! បន្ទាប់ពីកិច្ចប្រតិបត្តិការតាមប្រមាញ់ជិត ២សប្តាហ៍ ដោយកម្លាំងនគរបាលបានឈានជើងចូលកម្ទេចទីតាំងទទួលទិញផលចោរកម្មដ៏ធំមួយ ដែលអាចជាកន្លែងលាក់ទុកនូវរថយន្តរបស់បងប្អូនពលរដ្ឋជាច្រើននាក់ ។
កិច្ចប្រតិបត្តិការអនុវត្តច្បាប់ដ៏ក្ដៅគគុកមួយបានផ្ទុះឡើង នៅក្នុងភូមិសាស្ត្រស្រុកគងពិសី កាលពីវេលាយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៦ បន្ទាប់ពីកម្លាំងនគរបាលមកពីពីរខេត្ត គឺខេត្តព្រៃវែង និងខេត្តកំពង់ស្ពឺ បានសហការគ្នាយ៉ាងស្អិតរមួត ដើម្បីឈានជើងចូលបង្ក្រាបទីតាំងសង្ស័យទិញលក់រថយន្តខុសច្បាប់មួយកន្លែង ។
នៅក្នុងកិច្ចប្រតិបត្តិការដែលធ្វើឡើងទាំងយប់ សមត្ថកិច្ចមិនត្រឹមតែបានកំណត់មុខសញ្ញា និងឈានទៅដល់ការចាប់ខ្លួនជនសង្ស័យ ដែលពាក់ព័ន្ធនឹងការទទួលទិញផលចោរកម្មប៉ុណ្ណោះទេ ប៉ុន្តែអ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់បំផុតនោះ គឺមានបុគ្គលមួយចំនួន បានព្យាយាមចេញមុខមករារាំង និងបង្កឧបសគ្គដល់កិច្ចការងាររបស់សមត្ថកិច្ច ។
ជាលទ្ធផល បុគ្គលដែលព្យាយាមរារាំងទាំងនោះ ក៏ត្រូវបានកម្លាំងជំនាញឃាត់ខ្លួន ដើម្បីចាត់ការតាមនីតិវិធីច្បាប់ផងដែរ ដែលនេះជាសារព្រមានមួយថា គ្មានបុគ្គលណាម្នាក់មានសិទ្ធិស្ថិតនៅលើច្បាប់ ឬរារាំងការអនុវត្តតួនាទីរបស់មន្ត្រីយុត្តិធម៌បានឡើយ ។
ពាក់ព័ន្ធនឹងករណីនេះ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដែលជាកម្លាំងបង្គោលម្នាក់ក្នុងប្រតិបត្តិការនេះបានបញ្ជាក់នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់លោក នាថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ថា ចំពោះស្ថានភាពបច្ចេកទេសនៃរថយន្តដែលដកហូតបាន ថា តើស្របច្បាប់ ឬមិនស្របច្បាប់ សមត្ថកិច្ចនឹងធ្វើការបញ្ជាក់ជូនជាសាធារណៈក្នុងពេលឆាប់ៗខាងមុខនេះ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យឯកសារ។
ជាមួយគ្នានេះ លោកស្នងការបានអំពាវនាវដល់សាធារណជនថា តើពលរដ្ឋណាខ្លះធ្លាប់បាត់រថយន្តដឹកទំនិញ អាចទំនាក់ទំនងមកនគរបាលខេត្តព្រៃវែង ដើម្បីស្វែងរកទាំងអស់គ្នា ។ អ្វីដែលទទួលបានការចាប់អារម្មណ៍ និងការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន គឺការលើកឡើងរបស់លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន អំពីគោលការណ៍គ្រឹះរបស់នគរបាលជាតិ ។
លោកបានសង្កត់ធ្ងន់ថា នគរបាលជាតិ គឺជាកូនចៅរបស់ប្រជាពលរដ្ឋខ្មែរ ហើយគ្មានថ្ងៃឡើយដែលនគរបាលខេត្តព្រៃវែងទៅជំរិតទារប្រាក់ ឬធ្វើទារុណកម្មលើពលរដ្ឋខ្លួនឯងនោះ ។ លោកបានបន្ថែមថា ក្រមសីលធម៌ គោរពវិជ្ជាជីវៈ គោរពបទបញ្ជា គឺជាអាទិភាពចម្បង ។ មិនមានថ្ងៃណាមួយឡើយ ដែលនគរបាលយកប្រជាជនជាសត្រូវ ។ យុត្តិធម៌នឹងមានចំពោះប្រជាពលរដ្ឋសុច្ចរិត ។ប្
រតិបត្តិការនេះមិនត្រឹមតែជាការបង្ហាញពីប្រសិទ្ធភាពនៃការសហការឆ្លងខេត្តរបស់កម្លាំងនគរបាលជាតិប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាការបញ្ជាក់ពីជំនឿចិត្តដល់ប្រជាពលរដ្ឋក្នុងការការពារទ្រព្យសម្បត្តិ និងការស្វែងរកយុត្តិធម៌ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចរៀបចំសំណុំរឿង ដើម្បីបន្តនីតិវិធីទៅតាមផ្លូវច្បាប់ ។ ចំពោះបងប្អូនប្រជាពលរដ្ឋដែលធ្លាប់បានបាត់បង់រថយន្តដឹកទំនិញនាពេលកន្លងមក សូមប្រញាប់ទំនាក់ទំនងទៅកាន់ស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីពិនិត្យផ្ទៀងផ្ទាត់ ក្រែងមានរថយន្តរបស់បងប្អូនស្ថិតក្នុងចំណោមរថយន្តដែលសមត្ថកិច្ចដកហូតបានក្នុងប្រតិបត្តិការនេះ ៕
ចែករំលែកព័តមាននេះ