រាជធានីភ្នំពេញ ៖ មហាជនបានសម្តែងការភ្ញាក់ផ្អើល បន្ទាប់ពីតារាសម្តែងជើងចាស់លោក ទេព រិនដារ៉ូ បានទម្លាយរឿងរ៉ាវផ្ទាល់ខ្លួនថា លោកធ្លាប់មានប្រពន្ធ និងកូនស្រីម្នាក់តាំងពីឆ្នាំ១៩៨៧ ខណៈពេលរឿងនេះ លោកមិនធ្លាប់ប្រាប់មហាជនអោយបានដឹងនោះឡើយ ។

យ៉ាងណា បច្ចុប្បន្ន ជីវិតអាពាហ៍ពិពាហ៍របស់លោក បានដើរដល់ផ្លូវបំបែកហើយ ដោយបន្សល់ទុកនូវកូនស្រីម្នាក់ ។ តាមរយៈបទសម្ភាសន៍ជាមួយនាយព្រែក កាលពីពេលថ្មីៗនេះ តារាសម្តែងលោក ទេព រិនដារ៉ូ បានអោយដឹងថា តាមពិតលោកក៏ធ្លាប់មានប្រពន្ធម្តងហើយ តាំងពីអំឡុងឆ្នាំ១៩៨៧ មកម្ល៉េះ ប៉ុន្តែក្រោយរៀបការបានប្រហែលមួយឆ្នាំពួកលោកក៏បែកគ្នាវិញ ។
លោកបន្តថា ក្នុងជីវិតជាប្តីប្រពន្ធនោះ លោកក៏ទទួលបានចំណងដៃកូនស្រីម្នាក់ដែរ ហើយបច្ចុប្បន្ន កូនស្រីរបស់លោកក៏មានគ្រួសារហើយដែរ ។ លោកបញ្ជាក់ថា ចាប់តាំងពីបែកគ្រួសារនោះមក រហូតមកទល់ពេលនេះ លោកមិនទាន់មានភរិយាថ្មីនៅឡើយទេ ពោល គឺលោកនៅរស់មានឈ្មោះជាបុរសពោះម៉ាយអស់ជាច្រើនឆ្នាំ ។

យ៉ាងណា បើតាមលោក ទេព រិនដារ៉ូ កន្លងមក លោកក៏ធ្លាប់ចាប់ផ្តើមមានគ្រួសារថ្មីដែរ ប៉ុន្តែដោយសារនារីៗដែលលោកទាក់ទងនោះភាគច្រើនគឺស្រដៀងគ្នា ពោលគឺតែងតែមានអារម្មណ៍ប្រចណ្ឌ ខឹង នៅពេលដែលលោកថតអោយជាមួយតួស្រី ។
លោកបន្ថែមថា ចំណុចនេះ បានធ្វើអោយលោកនៅតែមានការស្ទាក់ស្ទើរនៅក្នុងការចាប់ផ្តើមយកគ្រួសារថ្មី ក្នុងពេលដែលលោកក៏ជាមនុស្សគិតគ្រួសារជាធំផងនោះ ។ គិតគ្រួសារជាធំដោយសារលោកជាមេគ្រួសារ ដូចនេះ លោកត្រូវមានភារកិច្ចរកប្រាក់ចញ្ចឹមឪពុកម្តាយ និងប្អូនៗ ដូច្នេះ បើលោកមានគ្រួសារនោះ លោកនឹងត្រូវបែងចែកទាំងថវិកា និងពេលវេលា ហើយនោះជាបន្ទុកដ៏ធ្ងន់សម្រាប់លោក ។

យ៉ាណា លោក ទេព រិនដារ៉ូ បានគូសបញ្ជាក់ថា បច្ចុប្បន្នលោកក៏មានគូកំណាន់ចិត្តដែរ នោះ គឺជានារីដែលនៅក្រៅប្រទេសដែលកំពុងស្វែងយល់ចិត្តគ្នា ។
គួរបញ្ជាក់ថា លោក ទេព រិនដារ៉ូ គឺជាតារាសម្តែងមួយរូប ដែលធ្លាប់មានកេរ្តិ៍ឈ្មោះល្បីរន្ទឺនៅក្នុងពិភពភាពយន្តខ្មែរកាលពីអំឡុងទសវត្សន៍ឆ្នាំ៩០ ។ លោកជាតារារួមជំនាន់ដែលមានដូចជា លោក ខៃ ប្រសិទ្ធ យុត្ថារ៉ា ឆានី យស បូវណ្ណះ និងលោក សម តារា ជាដើម។ល។ ខណះពេលដែលលោកគឺជាតារាប្រុសតែម្នាក់គត់ដែលនៅបន្តអាជីពសម្តែងរហូតមកដល់បច្ចុប្បន្ននេះ ៕


ចែករំលែកព័តមាននេះ