ខេត្តរតនគិរី ៖ ឈើសុក្រំ ចំនួន២២ដុំ ដែលឈ្មួញដឹកមកសម្រាប់លក់ ចែកចាយតាមរោងសិប្បកម្មនានា នៅក្រុងបានលុងនោះ ត្រូវកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការនគរបាលខេត្តរតនគិរី សហការជាមួយកម្លាំងនគរបាលស្រុកកូនមុំ ចុះចាប់ដោយមានបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ អ៊ុង សុភាពស្នងការនគរបាលខេត្តរតនគិរី ឲ្យធ្វើការបង្ក្រាបបទល្មើស ដូចភ្លៀងរលឹម ហើយឈើសុក្រំ ដែលបង្ក្រាបបាន ប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ។
ការបង្រាបរបស់សមត្ថកិច្ចបានធ្វើឡើងនៅវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ នៅត្រង់ចំណុចភូមិទិស ឃុំតាអង ស្រុកកូនមុំ ។
លោកវរសេនីយ៍ទោ លឹម ឡេងលីហួរ នាយការិយាល័យប្រឆាំងបទល្មើស នៃស្នងការនគរបាលខេត្តរតនគិរី បានថ្លែងប្រាប់ភ្នាក់ងារយកព័ត៌មាននៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៦ថា អ្នករកស៊ីដឹកឈើយ៉ាងសកម្មនេះមានទីលំនៅទល់មុខវត្តអូរជុំ ស្រុកអូរជុំខេត្តរតនគិរី ។ ឈើដែលបង្ក្រាបបានជាប្រភេទសុក្រំ មានចំនួន២២ដុំ ស្មើនឹង០,៦៥៨ម៉ែត្រគូប ។
លោកបន្តថា ឈើសុក្រំ ដែលកម្លាំងបង្ក្រាបបានខាងលើនេះ បានប្រគល់ឲ្យផ្នែករដ្ឋបាលព្រៃលំផាត់ ដើម្បីចាត់ចែងតាមច្បាប់ព្រៃឈើ ។
ប្រភពព័ត៌មានដោយឡែកទៀត ប្រាប់ឲ្យដឹងថា នោះជាឈ្មួញរកស៊ីឈើប្រចាំស្រុកអូរជុំ ។ កន្លងទៅមានជាប់បណ្តឹងច្រើនករណីនៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការនគរបាលខេត្តរតនគិរី ប៉ុន្តែមិនដឹងយ៉ាងម៉្តេច បានជាគាត់រួចពីសំណាញ់ច្បាប់រហូត ? ៕


ចែករំលែកព័តមាននេះ