ក្នុងពេលដែលថ្ងៃរៀបអាពាហ៍ពិពាហ៍កាន់តែកៀកចូលមកដល់ ឪពុកតារាកំប្លែងនាយ ព្រែក បានស្កាត់ពីអាមេរិក ដើម្បីមកចូលរួមថ្ងៃមង្គលកូនដែលរៀបចំនៅស្រុកខ្មែរ ដែលនេះចាត់ទុកជាពិធីជួបជុំគ្រួសារដ៏ធំរបស់តារារូបនេះមិនធ្លាប់មានពីមុនមក ។

ជាក់ស្តែង មិនត្រឹមតែឪពុករបស់ខ្លួនបានមកចូលរួមនោះ សូម្បីតែបងស្រីរបស់នាយ ព្រែក ដែលកំពុងរស់នៅ និងមានគ្រួសារនៅទឹកដីអាមេរិកនោះ ក៏បានមកចូលរួមពិធីមង្គលរបស់លោកដោយមិនឲ្យមានការខកខាននោះដែរ ។ តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គមពីនាយ ព្រែក បានឲ្យដឹងថា ឪពុករបស់លោកបានចុះមកដល់ស្រុកខ្មែរកាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ ពោលគឺក្រោយមួយថ្ងៃនៃការមកដល់របស់បងស្រីរបស់លោក ។

បើការបញ្ជាក់របស់នាយព្រែក គិតមកដល់នាពេលនេះ លោកខកខានមិនបានជួបដោយផ្ទាល់ជាមួយឪពុកអស់រយៈពេល៣ឆ្នាំហើយ ដោយសារឪពុករបស់លោកបានទៅរស់នៅអាមេរិក ហើយមានការងារមមារញឹកខ្លាំងនៅទីនោះ ។ លោកបន្ថែមថា អំឡុងពេលនេះ លោកបានត្រៀមរៀបចំសម្លៀកបំពាក់គ្រប់គ្រាន់សម្រាប់ឪពុកស្លៀកចូលរួមក្នុងពិធីមង្គលការ ខណៈពេលដែលឪពុករបស់លោកសម្តែងក្តីរីករាយនៅពេលដែលបានចូលរួមពិធីមង្គលការរបស់លោកនាពេល
នេះ ។

យ៉ាងណា បើតាមនាយព្រែក ក្រៅពីមកចូលរួមពិធីមង្គលការលោកនាពេលនេះ ឪពុករបស់លោកក៏នឹងឆ្លៀតពេលដើរលេងកម្សាន្ត និងជួបជុំបងប្អូនសាច់ញាតិដែលកំពុងរស់នៅក្នុងស្រុក បន្ទាប់ពីបញ្ចប់មង្គលការរបស់លោក ។ ជាការកត់សម្គាល់ កន្លងមក មានទស្សនិកជនជាច្រើនបានស្គាល់តារាកំប្លែងជើងចាស់អ្នកស្រី នួន សារី ហៅយាយ យ៉យ ម្ដាយនាយ ព្រែក តែមិនធ្លាប់ដឹងថា ឪពុកនាយព្រែក មានមុខមាត់យ៉ាងណានោះឡើយ ខណៈពេលដែលមហាជនជាច្រើនក៏បង្ហាញបំណងចង់ស្គាល់មុខមាត់ពិតរបស់ឪពុកនាយព្រែកផងដែរ ។

ពាក់ព័ន្ធបញ្ហានេះ កន្លងមក នាយព្រែក ធ្លាប់បានអះអាងថា កន្លងមករូបលោកមិនសូវបានបង្ហោះរូបជាមួយឪពុកប៉ុន្មានទេ ព្រោះតែអ្នកមានគុណរូបនេះ ជាប់បំពេញកាតព្វកិច្ចនៅទល់ដែនកម្ពុជាវៀតណាម យូរៗទើបបានឡើងមកលេងកូនៗ និងអ្នកម្ដាយនៅភ្នំពេញម្ដង ម្យ៉ាងទៀតឪពុករបស់លោកក៏មិនសូវចូលចិត្តបង្ហាញខ្លួននៅលើសង្គមហ្វេសប៊ុកដែរ ។ រហូតមកទល់នាពេលនេះឪពុករបស់នាយ ព្រែក មានវ័យជាង៦០ឆ្នាំហើយ ។

គួរបញ្ជាក់ថា តាមគម្រោងមង្គលការរបស់តារាកំប្លែងលោក ខេង រតនៈ និងតារាសម្តែងនាង នី មុន្នីនាថ នឹងធ្វើឡើងរយៈពេល២ថ្ងៃគឺថ្ងៃទី៦-៧ ខែធ្នូ ឆ្នាំ២០២៥ ក្នុងពេលដែលពិធីមង្គលការរបស់អ្នកសិល្បៈមួយគូរនេះ អាចចាត់ទុកជាមង្គលការដ៏ធំប្រចាំឆ្នាំផងដែរ ព្រោះមានអ្នកសិល្បៈជាច្រើននឹងចូលរួម ជាពិសេសនោះ គឺសាច់ញាតិរបស់នាយព្រែក ដែលបានជួបជុំគ្នាយ៉ាងកម្រ ៕



ចែករំលែកព័តមាននេះ