ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួង​ការងារ​នឹង​បើក​ពិព័រណ៍​ ក្នុងខេត្តសៀមរាប ដែលផ្តល់​ឱកាស​ការងារ ​ដល់​បងប្អូន​អតីត​ពលករ​ខ្មែរ ​ត្រឡប់​មក​ពី​ប្រទេស​ថៃ

47 នាទី មុន

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ស្រុក​ចំនួន ២ របស់​ខេត្តសៀមរាប​គឺ​ស្រុក​សូទ្រនិគម…

រាជធានីភ្នំពេញ​ ៖ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នឹង​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ នៅ​ស្រុក​ចំនួន ២ របស់​ខេត្តសៀមរាប​គឺ​ស្រុក​សូទ្រនិគម និង​ស្រុក​ពួក ដើម្បី​ផ្តល់​ឱកាស​ការងារ អត្ថប្រយោជន៍​នៃ​របប​បេឡា​ជាតិ​សន្តិសុខ​សង្គម​(​ប​.​ស​.​ស​.) និង​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ​ដោយ​ឥត​គិតថ្លៃ​ជូន​ប្រជាពលរដ្ឋ ជា​ពិសេស អតីត​ពលករ​ដែល​ត្រឡប់​មក​ពី​ប្រទេស​ថៃ ​។

អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក ស៊ុន មេ​សា បានឱ្យ​ដឹង​ថា ក្នុង​ពិព័រណ៍​នេះ នឹង​មាន​សហគ្រាស ក្រុមហ៊ុន និង​រោងចក្រ​ជា​ច្រើន​ចូលរួម​ផ្ដល់​ឱកាស​ការងារ​ជាង ៨​ម៉ឺន​កន្លែង​ជាមួយ​ការ​សម្ភាស​ជ្រើសរើស​បុគ្គលិក​នៅ​កន្លែង​ផ្ទាល់​ ។

ក្នុង​នោះ​អ្នកចូលរួម​ទាំងអស់​នឹង​ទទួល​បាន​ព័ត៌មាន​ អំពី​ឱកាស​ការងារ​ដ៏​សម្បូរ​បែប វគ្គ​បណ្តុះបណ្តាល​បច្ចេកទេស និង​អត្ថប្រយោជន៍​របស់​បេឡា​ជាតិ​សន្តិសុខ​សង្គម​ផង​ដែរ​។ បន្ថែម​ពី​នេះ អ្នកចូលរួម​នឹង​ទទួល​បាន សេវា​កាត់សក់ អាហារ ភេសជ្ជៈ និង​អាវយឺត​ដោយ​ឥត​គិតថ្លៃ​ថែម​ទៀត​ផង ​។

ទន្ទឹម​នឹង​នេះ លោក ស៊ុន មេ​សា បាន​អំពាវនាវ​ឱ្យ​អតីត​ពលករ​ទាំងអស់ ដែល​បាន​ត្រឡប់​មក​ពី​ប្រទេស​ថៃ ចូលរួម​ឱ្យ​បាន​ច្រើន​ក្នុង​ពិព័រណ៍​នេះ ដើម្បី​រក​ឱកាស​ការងារ​ថ្មី បង្កើន​ជំនាញ និង​បង្កើន​គុណភាព​ជីវិត ​។

សូម​បញ្ជាក់​ផង​ដែរ​ថា ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​រៀបចំ​ពិព័រណ៍​ការងារ សន្តិសុខ​សង្គម និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ខេត្ត​ចំនួន ២ រួច​មក​ហើយ​គឺ ខេត្តបាត់ដំបង​កាលពី​ថ្ងៃ​ទី​១៥-១៦ ខែវិច្ឆិកា ឆ្នាំ​២០២៥ និង​ខេត្តបន្ទាយមានជ័យ​កាលពី ថ្ងៃ​ទី​២២-២៣ ខែវិច្ឆិកា ឆ្នាំ​២០២៥ សម្រាប់​ខេត្ត​បន្ទាប់​គឺ​ខេត្តសៀមរាប​ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពី​ថ្ងៃ​ទី​៦-៧ ខែធ្នូ ឆ្នាំ​២០២៥ ៕ អត្ថបទសហការ