រាជធានីភ្នំពេញ ៖ លោក ហង់ ភូមិរ៉ា ជាគ្រូបង្រៀនម្នាក់នៃក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី បានសម្តែងមោនភាព ក្រោយជោគជ័យនៅក្នុងការបង្ហាត់បង្រៀនយុវជនជំនាន់ ក្រោយលើផ្នែកសិល្បៈបុរាណតាំងពីក្រុមតូចរហូតដល់ក្រុមធំដែលមានយុវជនរាប់រយនាក់ចុះឈ្មោះចូលរៀន ។

លោកចាត់ទុកថា នេះជាជោគជ័យមួយដ៏ធំរបស់លោកដែលបានប្រឹងប្រែងក្នុងរយៈពេល១០ឆ្នាំមកនេះ ខណៈពេលដែលនេះ គឺជាបំណងប្រាថ្នារបស់លោកដែលចង់ឃើញយុវជនកាន់តែច្រើនមកចូលរួមហាត់រៀនសិល្បៈបុរាណខ្មែរក្នុងន័យចូលរួមថែរក្សា និងការពារ ។
លោក ហង់ ភូមិរ៉ា បានលើកឡើងតាមបណ្តាញសង្គមថា គិតៗទៅបានប៉ុណ្ណឹង ខិតខំ១០ឆ្នាំ ជោគជ័យពីក្រុមសិល្បៈតូចមួយ រហូតដល់ក្រុមសិល្បៈធំ មនុស្សរាប់ពាន់រាប់រយនាក់ចូលមកហាត់រៀន ប្រើរយៈពេល១០ឆ្នាំនេះ ពិតជាមានន័យស្លាប់ទៅបិទភ្នែកជិតហើយ កម្ពុជារបស់ខ្ញុំ សូមអរគុណបងៗថ្នាក់ដឹកនាំ សហភាពសហព័ន្ធយុវជនកម្ពុជា ដែលតែងគាំទ្រលើកទឹកចិត្តទៅដល់ទីតាំងហាត់ដ៏ធំធេងមួយនេះ ។

លោកបញ្ជាក់ថា សង្ឃឹមអនាគត១០ឆ្នាំទៅមុខទៀត ពួកគាត់នឹងខិតខំផ្សព្វផ្សាយទៅតាមបណ្ដាខេត្តនានា ដើម្បីយល់ដឹងពីសិល្បៈបុរាណកាន់តែច្រើន ។
ជាការកត់សម្គាល់ លោក ហង់ ភូមិរ៉ា ជាគ្រូបង្រៀនម្នាក់នៃក្រុមសិល្បៈយុវជនល្ខោនខោល និងរបាំបុរាណជំនាន់ថ្មី ។ រយៈពេល៥ឆ្នាំហើយ ដែលលោកបានបង្កើតក្រុមនេះឡើង ដើម្បីផ្តល់ការបណ្តុះបណ្តាលល្ខោនខោល និងរបាំ ដោយឥតគិតថ្លៃដល់យុវជន។

ផ្តើមពីការបង្រៀនម្នាក់ឯង រហូតដល់មានការជួយបង្រៀនពីសិស្សមួយជំនាន់ ទៅមួយជំនាន់ លោក ភូមិរ៉ា សង្ឃឹមថា ពន្លកក្រោយ ដែលលោកខិតខំបណ្តុះបណ្តាលនឹងអាចបន្តចំណេះជំនាញនៃសិល្បៈខ្មែរទាំងអស់នេះទៅកូនចៅជំនាន់ៗក្រោយទៀត ។
លោក ហង់ ភូមិរា បានបញ្ចប់ការសិក្សាផ្នែកដឹកនាំសិល្បៈ ពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ក្នុងឆ្នាំ២០១២ ។ ក្រោយបញ្ចប់បរិញ្ញាបត្រ លោកបានក្លាយជាសិល្បករមួយរូបដែរ ដោយការសម្តែងតាមរោងសិល្បៈនានា ។

នៅឆ្នាំ២០១៦ លោក ហង់ ភូមិរា បានបង្កើតក្រុមសិល្បៈល្ខោន និងរបាំជំនាន់ថ្មី ដើម្បី
ផ្តល់ការបណ្តុះបណ្តាលទម្រង់សិល្បៈល្ខោនខោល និងរបាំបុរាណ របាំប្រពៃណី ដោយឥតគិតថវិកា។
ទម្រង់សិល្បៈដែលលោក ហង់ ភូមិរ៉ា ចាប់ផ្តើមបង្ហាត់ រួមមានល្ខោនខោលការច្រៀង និងហាត់ពាក្យពោលល្ខោនខោល របាំប្រពៃណីដូចជា របាំត្រុដិ របាំក្ងោក និងរបាំព្លយសួយ និងរបាំបុរាណមានដូចជា របាំទេពមនោរម្យ និងរបាំជូនពរជាដើម។ ជាមួយគ្នានេះ លោកក៏បង្រៀនពីការធ្វើសម្ភារសិល្បៈផ្សេងទៀតដែលពាក់ព័ន្ធនឹងល្ខោនខោល និងរបាំផងដែរ ដូចជាការប៉ាក់ឌិនសម្លៀកបំពាក់ និងការធ្វើមុខខ្មុក។

ការខំប្រឹងរបស់លោក មានការទទួលស្គាល់ជាច្រើនពីមហាជន ដោយមួយឆ្នាំទៅមួយឆ្នាំ ដោយនៅក្នុងនោះសិស្សកើនឡើងជាលំដាប់ ដោយលោកបើកទូលាយសម្រាប់អ្នកស្រលាញ់ និងចង់ហាត់រៀន។
យ៉ាងណា លោកធ្លាប់បញ្ជាក់ថា យុវជនភាគច្រើនមានចិត្តស្រលាញ់ តែមិនសូវមានការអត់ធ្មត់ក្នុងការហាត់រៀនឡើយ ហើយខ្លះទៀត ស្រលាញ់តែមួយឆាវ ហេតុនេះទើបការជ្រើសរើសសិស្សចូលហាត់រៀនដំបូងរបស់លោកមានចំនួនច្រើន។
មកទល់ពេលពេល លោកបានផ្ទេរជំនាញសិល្បៈល្ខោនខោល និងរបាំបុរាណ ដល់យុវជនជំនាន់ថ្មី មិនតិចជាង១ពាន់នាក់ឡើយ ខណៈពេលកំណើនសិស្សចូលហាត់រៀន ពីមួយឆ្នាំទៅមួយឆ្នាំ ពិតជាធ្វើឱ្យលោកមានមោទកភាព និងសម្រេចក្តីស្រមៃក្លាយជាគ្រូបង្ហាត់ល្ខោនខោល និងរបាំបុរាណដូចសព្វថ្ងៃ ៕



ចែករំលែកព័តមាននេះ