ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រដ្ឋបាល​ខេត្ត ​ចុះ​ពិនិត្យ​ស្រាវជ្រាវ ​និង​ធ្វើ​បច្ចុប្បន្នភាព​​ពលរដ្ឋ​អាស្រ័យ​ផល​ក្នុង​អាង​ធនធានទឹក ស្រុក​​ប​សេដ្ឋ

3 ម៉ោង មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ បាន​រៀបចំ​បង្កើត​គណៈកម្មការ​ចំរុះ​ថ្នាក់​ខេត្ត​ ចុះ​ពិនិត្យ​ស្រាវ​ជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​ លើ​ដី​ដែល​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល នៅ​ក្នុង​ផ្ទៃ​អាង​ទឹក ស្ថិត​ក្នុង​ឃុំ​ពោធិ៍ ម្រា​ល…

ខេត្តកំពង់ស្ពឺ​ ៖ រដ្ឋបាល​ខេត្តកំពង់ស្ពឺ​ បាន​រៀបចំ​បង្កើត​គណៈកម្មការ​ចំរុះ​ថ្នាក់​ខេត្ត​ ចុះ​ពិនិត្យ​ស្រាវ​ជ្រាវ និង​ធ្វើ​បច្ចុប្បន្នភាព​ លើ​ដី​ដែល​ពលរដ្ឋ​កំពុង​អាស្រ័យ​ផល នៅ​ក្នុង​ផ្ទៃ​អាង​ទឹក ស្ថិត​ក្នុង​ឃុំ​ពោធិ៍ ម្រា​ល ស្រុក​ប​សេដ្ឋ ដែល​គ្រប់គ្រង​ដោយ​មន្ទីរ​ធនធានទឹក​។ នេះ​បើ​យោង​តាម​ការ​លើក​ឡើង​របស់​លោក ជេ​ត ដុំ នាយករង​រដ្ឋបាល​សាលាខេត្ត​កំពង់ស្ពឺ​ ក្នុង​អង្គប្រជុំ​ពិភាក្សា​លើ​សំណើរ​សុំ​វាស់វែង​ និង​ចុះបញ្ជី​ដី​ជូន​ប្រជាពលរដ្ឋ​១៥៦​គ្រួសារ​ នៅ​ភូមិ​តា​ដែង​ថ្មី ភូមិ​តា​ដែង​ចាស់​ និង​ភូមិ​តា​នួន ស្ថិត​ក្នុង​ឃុំ​ពោធិ៍​ម្រា​ល ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ថ្ងៃ​ទី​១០ ខែកក្កដា ឆ្នាំ​២០២៥​។

លោក ជេ​ត ដុំ បាន​លើក​ឡើង​ថា អភិបាលខេត្ត​កំពង់ស្ពឺ ជា​ប្រធាន​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ និង​ជា​ប្រធាន​គណៈកម្មាធិការ​ដោះស្រាយ​វិវាទ​ដីធ្លី​ថ្នាក់​ខេត្ត លោក ជាម ច័ន្ទ​សោភ័ណ បាន​ជម្រុញ​ឱ្យ​មានការ​ដោះស្រាយ​ពី​គ្រប់​ភាគី​ពាក់ព័ន្ធ ​ដើម្បី​ឱ្យ​ពលរដ្ឋ​មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ទទួល​បាន​សិទ្ធិ​ស្របច្បាប់​ ក្នុង​ការ​គ្រប់គ្រង ​និង​អាស្រ័យ​ផល​។ ប៉ុន្តែ​ទន្ទឹម​នឹង​ការ​ប្រគល់​នេះ អាជ្ញាធរ និង​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ​ទាំងអស់​ ត្រូវ​តែ​សិក្សា​ស្រាវ​ជ្រាវ ​និង​ចុះ​ឱ្យ​ដល់​មូលដ្ឋាន​ឬ​ដី​ដែល​អាស្រ័យ​ផល​ជាក់ស្តែង ដើម្បី​រក​ឃើញ​អ្នកគ្រប់គ្រង​អាស្រ័យ​ផល​ពិតប្រាកដ ​និង​អ្នក​ដែល​មាន​តែ​ឈ្មោះ​ហើយ​មិន​បាន​ធ្វើ​អ្វី​សោះ​។

លោក​នាយករង​រដ្ឋបាល​ បាន​គូសបញ្ជាក់​ថា ស្ថិតិ​ពលរដ្ឋ​ដែល​សុំ​ឱ្យ​រដ្ឋបាល​ខេត្តកំពង់ស្ពឺ ​កំណត់​ព្រំ​អាង​ទឹក​ ហើយ​កាត់​ឆ្វៀល​ដី​ប្រគល់​ឱ្យ​ពលរដ្ឋ​ មាន​រហូត​ដល់​១៥៦​គ្រួសារ។ តាម​ការ​អះអាង​ថា ដី​ដែល​ពួក​ខ្លួន​បាន​និង​កំពុង​អាស្រ័យ​ផល ​គឺ​បាន​មក​ពី​ឪពុក​ម្តាយ​ចែក​ឱ្យ​ និង​ខ្លះ​ទៀត​​បាន​ពី​រដ្ឋ​ចែក​ឱ្យ ដោយ​ក្នុង​នោះ អាជ្ញាធរ​ឃុំ​ ក៏​បាន​បញ្ជាក់​ថា ​ពួក​គាត់​កាន់កាប់​អាស្រ័យ​ផល​តាំងពី​ឆ្នាំ ១៩៨៦-​១៩៨៧ ​មក​ម្ល៉េះ ហើយ​ដី​នេះ​ គឺ​ជា​ដី​សាមគ្គី​ មិន​មាន​ឯកសារ​កាន់កាប់​ច្បាស់លាស់​នោះ​ទេ​។

មួយវិញទៀត​ ប្រធាន​មន្ទីរ​ធនធានទឹក​ និង​ឧតុនិយម​ខេត្តកំពង់ស្ពឺ​ លោក ញ៉ា​ញ់ ជាប​ហ៊​ង ក៏​បាន​សុំ​ឱ្យ​អាជ្ញាធរ​ខេត្ត​ ធ្វើការ​ស្រាវជ្រាវ ​និង​បញ្ជាក់​អត្តសញ្ញាណ​ឱ្យ​បាន​ច្បាស់លាស់​សម្រាប់​ពលរដ្ឋ​ពាក់​ព័ន្ធ​ទាំង​១៥៦​គ្រួសារ​នេះ​ដែរ ។ហើយ​ក្នុង​ករណី​​រក​ឃើញ​ថា ការ​កាន់កាប់​អាស្រ័យ​ផល​មាន​លក្ខៈ​សម​ស្រប នោះ​មន្ទីរ ​និង​ការ​កាត់​ឆ្វៀល​ជូន​ពលរដ្ឋ​តាម​នីតិវិធី ប៉ុន្តែ​ក្នុង​ការ​ចុះ​ពិនិត្យ​នោះ ​សុំ​ឱ្យ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​និង​ក្រសួង​ធនធានទឹក​ ចូលរួម​ក្នុង​ការ​ចុះ​អង្កេត​នោះ​ផង​ដែរ​។

ជាមួយ​នឹង​ការ​លើក​ឡើង​នេះ​ លោក ជេ​ត ដុំ បាន​ធ្វើការ​ក្រើនរំឭក​ដល់​អាជ្ញាធរ​ភូមិ ឃុំ ស្រុក ​ត្រូវ​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​ទូលំទូលាយ​ដល់​ប្រជាពលរដ្ឋ​ទាំង​បី​ភូមិ ចុះ​ប្រមូល​ទិន្នន័យ គំនូ​ស​បង្ហាញ​ទីតាំង​ដី​ជាក់លាក់​ ដើម្បី​មាន​មូលដ្ឋាន​ដោះស្រាយ​ក្នុង​ក្រប​ខណ្ឌ​គណៈកម្មាធិការ​គ្រប់គ្រង​ដី​រដ្ឋ​ថ្នាក់​ខេត្ត​ជា​មួយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ​និង​ស្ថាប័ន​អន្តរក្រសួង​ពាក់ព័ន្ធ​៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ