រាជធានី ភ្នំពេញ៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការណែនាំដល់គ្រប់ក្រសួង ស្ថាប័ននៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ យកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ ដើម្បីអបអបសាទនៃការដាក់បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧ.ក្រិ.ដ្ឋក.ម្មមកជាមណ្ឌលផ្សះផ្សា និងសន្តិភាពក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

យោងតាមសាលិខិតរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសនៃការចុះ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧ.ក្រិ.ដ្ឋក.ម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នាថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០២៥ នៅប្រទេសបារាំង ដោយសម្តេចធិបតីនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណ ជាពិសេសចំពោះបណ្តាប្រទេសជាមិត្ត និងអង្កការយូណេស្កូ ព្រមទាំងឥស្សរជនទាំងឡាយ ដែលបានទទួលស្គាល់នូវតម្លៃដ៏មហច្ចារ្យជាសកលនៃ «បូជនីយដ្ឋានចងចាំនៃកម្ពុជា ៖ ពីទីតាំងឧ.ក្រិ.ដ្ឋក.ម្ម មកជាមណ្ឌលផ្សះផ្សា និងសន្តិភាព» ហើយបានគាំទ្រសំណើរបស់រាជរដ្ឋាភិបាលកម្ពុជា ចុះតំបន់ទាំងបី ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ដើម្បីជាគុណប្រយោជន៍ដ៏ឧត្តុង្គឧត្តមរបស់មនុស្សជាតិទាំងមូល ជាពិសេស ការចងចាំ និងការការពារសន្តិភាព។

សម្តេចមហាបវរធិបតីបានបញ្ជាក់ថា៖ «ដើម្បីអបអរសាទរព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ខ្ញុំសូមធ្វើការណែនាំដល់គ្រប់ក្រសួង ស្ថាប័នរបស់រាជរដ្ឋាភិបាល នៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ រួមមាន ៖ គ្រប់រាជធានីខេត្ត គ្រប់មន្ទីរជំនាញរាជធានី ខេត្ត គ្រប់ក្រុង ស្រុក ខណ្ឌ និងគ្រប់ឃុំ សង្កាត់ រួមគ្នាធ្វើការវាយគង ទូងស្គរ ទះប៉ោត និងគោះត្រឡោក តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅវេលាម៉ោង ០៧:០០ព្រឹក នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥ នៅគ្រប់ទីកន្លែង សាធារណៈសំខាន់ៗ រួមមានទីស្តីការក្រសួង ស្ថាប័ន និងអង្គភាព គ្រប់សាលារាជធានី ខេត្ត គ្រប់សាលាក្រុង ស្រុក ខណ្ឌ គ្រប់សាលាឃុំ សង្កាត់ គ្រប់វត្តអារាម និងសាលាបុណ្យ ព្រមទាំងគ្រប់ទីប្រជុំសហគមន៍នៅតាមភូមិ ដើម្បីជាការបំផុសបន្ថែមទៀត នូវការប្រឆាំងដាច់ខាតនៃវិនាសកម្មសង្គ្រាម ឧ.ក្រិ.ដ្ឋក.ម្មប្រល័យពូជសាសន៍ និងដើម្បីរំលឹកអំពីភាពចាំបាច់នៃការរួបរួមគ្នាការពារសន្តិភាព ឱ្យបានគង់វង្ស ជាមរតកសម្រាប់ជនជំនាន់ក្រោយ»។

ជាមួយគ្នានោះដែរ សម្តេចបវរធិបតី ក៏សូមអំពាវនាវដល់ជនរួមជាតិកម្ពុជាគ្រប់រូប ដោយមិនប្រកាន់អាយុ ស្រទាប់វណ្ណៈ ពណ៌សម្បុរ មុខរបរ និងឋានៈសង្គម សូមរួមគ្នាធ្វើការដាក់ផ្កាគោរពវិញ្ញាណក្ខន្ធ ដើម្បីឧទ្ទិសដល់ជនរងគ្រោះក្នុងរបបខ្មែរក្រហម តាមគ្រប់មធ្យោបាយដែលខ្លួនមាន នៅតាមបូជនីយដ្ឋានចងចាំនៃកម្ពុជា នៅរៀងរាល់ថ្ងៃទី១១ ខែកក្កដា ជារៀងរាល់ឆ្នាំ។
ក្នុងឱកាសនោះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ក៏បានបន្ថែមយ៉ាងដូច្នេះថា៖ «ខ្ញុំក៏សូមអំពាវនាវផងដែរ ដល់គ្រប់ស្ថានីយវិទ្យុ ទូរទស្សន៍ និងបណ្តាញព័ត៌មានទាំងអស់ មេត្តាចូលរួមសហការផ្សព្វផ្សាយព្រឹត្តិការណ៍ មោទនភាពជាតិដ៏មានសារៈសំខាន់នេះ ឱ្យបានទូលំទូលាយបំផុត»៕


ចែករំលែកព័តមាននេះ