រាជធានីភ្នំពេញ ៖ តារាស្រី អ្នកនាង ឌី សូនីតា បានបង្ហាញអារម្មណ៍ក្តុកក្តួល បន្ទាប់ពីម្តាយបានយំឱបនាង ហើយពោលពាក្យបែបអាណិតមកលើរូបនាង ដោយសារការមើលឃើញពីការនឿយហត់របស់នាងនៅក្នុងការខិតខំរកប្រាក់មកផ្គត់ផ្គង់គ្រួសារតែម្នាក់ឯងអស់រយៈពេលជាច្រើនឆ្នាំមក
នេះ ។

តារាស្រីរូបនេះបានអះអាងថា នាងចុកទ្រូងស្ទើរនិយាយអ្វីមិនចេញ ក្នុងពេលដែលម្តាយយំឱបរូបនាងក្នុងន័យអាណិតអាសូរមកលើកូន ក្នុងពេលដែលនាងចាត់ទុកការខិតខំរបស់នាងគ្មានន័យ ដោយសារឃើញអ្នកមានគុណមិនសប្បាយរីករាយដូច្នេះ ។
ជាមួយនឹងរូបភាពវីដេអូបង្ហោះលើបណ្តាញសង្គមបង្ហាញពីទិដ្ឋភាពដែលនាងម្តាយយំឱបនោះ ឌី សូនីតា បានភ្ជាប់ជាមួយសំណេរថា នាង(ម្តាយរបស់នាង)និយាយថា កូនម៉ែស្អាតណាស់ តែហេតុអីបានកូនម៉ែមិនស្រណុក?

នាងបញ្ជាក់ថា ពាក្យមួយមាត់នេះ ខ្ញុំរកចម្លើយឲ្យម៉ែមិនបានទេ សុំទោសណាម៉ែ ។ នាងគិតច្រើនតែរឿងខ្ញុំមួយមុខគត់ នាងអាណិតកូនរហូតដល់គិតច្រើន ឃើញកូនស្អាតក៏យំ ឃើញកូនហត់ក៏យំ ឃើញកូនរវល់ក៏យំ ខ្ញុំពិតជាចុកទ្រូងណាស់ មានអារម្មណ៍ថា បរាជ័យ ខ្ញុំប្រឹងគ្មានន័យ ពេលដែលឃើញគាត់មិនរីករាយបែបនេះ។
ដោយឡែក បន្ថែមពីលើនេះ ឌី សូនីតា ក៏បានបញ្ជាក់ប្រាប់មហាជនតាមរយៈការខមមិនពីក្រោមវីដេអូដែលនាងបង្ហោះនោះថា អ្នកម្ដាយខ្ញុំ ឃើញខ្ញុំរ៉ាប់រងគ្រួសារតែម្នាក់ឯង ១០០មុខម្នាក់ឯង! គាត់ពិបាកចិត្តជំនួសយើង ខ្ញុំក៏ប្រាប់គាត់ដោយក្ដីស្រលាញ់ថា (ម៉ាក់កុំពិបាកចិត្តជំនួសកូន ម៉ាក់ធ្វើម៉េចថែសុខភាពខ្លួនឯងអោយល្អ ទោះម៉ាក់ពិបាកចិត្តក៏វានៅតែប៉ុណ្ណឹង ចុះបើម៉ាក់ឈឺទៀត កូនរឹតតែលំបាកថែមទៀត! គាត់ក៏បើកចិត្តទំលាក់ចុះ ហើយធ្វើតាមខ្ញុំប្រាប់…..!។

នាងបន្តថា ខ្ញុំស៊ូលំបាកម្នាក់ឯង តែខ្ញុំមិនចង់ឃើញទឹកភ្នែកម្ដាយខ្ញុំទេ ខ្លួនខ្ញុំផ្ទាល់ក៏ចឹងដែរ ទោះខ្ញុំហត់និងលំបាកប៉ុណ្ណា ខ្ញុំមិនដែលយំឬត្អូញត្អែរអោយគាត់ឮ ឬឃើញទេ! ពេលខ្លះរឹងមាំពេកដល់គាត់សួរថា កូន តើកូនពិបាកចិត្តទេ? ព្រោះបញ្ហាមានរហូតត្រូវកូនរ៉ាប់រងតែម្នាក់ឯង តែម៉ាក់ឃើញកូនសើចរហូត? ។
យ៉ាងណា បើតាម ឌី សូនីតា បើយើងចង់អោយគាត់រឹងមាំ យើងត្រូវតែរឹងមាំពីមុខគាត់ ដើម្បីកុំអោយអារម្មណ៍គាត់ទោរទន់តាមយើង ។

ជាការកត់សម្គាល់ តារាសម្តែងនាង ឌី សូនីតា គឺជាតារាស្រីមួយរូបដែលអាចនិយាយបានថា នាងក៏មានភាពជោគជ័យមួយដែរសម្រាប់ការងារសិល្បៈ និងមុខរបរសម្អាងការផ្ទាល់ខ្លួនដែលនាងកំពុងតែមានធ្វើរាល់ថ្ងៃនេះ ។
យ៉ាងណា ភាពជោគជ័យលើការងារងារនេះក៏ពិតមែន ប៉ុន្តែបើនិយាយពីបញ្ហាស្នេហាវិញតារាស្រីរូបនេះ គឺមិនសមប្រកបនោះឡើយ ពោលនាងបានរស់នៅមានឈ្មោះជាស្ត្រីមេម៉ាយ ដោយទទួលរាប់រងបីបាច់ចិញ្វឹមកូនស្រីម្នាក់តែម្នាក់ឯង ក្រោយនាងបែកបាក់ពីគ្រួសារ ។

ឌី សូនីតា ធ្លាប់បានលើកឡើងតាមរយៈបណ្តាញសង្គមថា បទពិសោធន៍និងរឿងដែលខ្ញុំបានជួបប្រទះក្នុងជីវិតមួយនេះ វាបានបង្រៀនខ្ញុំជាច្រើន ពីទន់ជ្រាយមករឹងមាំ ពីការដេកដួលមកក្រោកឈរម្តងទៀត ពីរឿងអយុត្តធម៌ មកជាការទទួលយកទាំងញញឹម ហើយក៏ដើរចេញ ។
ជីវិតមួយនេះ វាពិតជារញ៉េរញ៉ៃហើយខ្លីខ្លាំងណាស់ បើយើងមិនចេះរៀបចំ ។ រឿងខ្លះយើងគួរតែឆ្លាត ហើយរឿងខ្លះទៀតយើងគួរតែល្ងង់ តែអ្វីដែលយើងប្រកាន់ខ្ជាប់ហើយមិនបោះបង់ គឺឧត្តមគតិ ភាពស្មោះត្រង់ និងក្តីស្រលាញ់ ៕




ចែករំលែកព័តមាននេះ