សហរដ្ឋអាមេរិក ៖ កីឡាផ្សារភ្ជាប់នឹងចំណេះដឹងដ៏ថ្មីសន្លាំង និងចម្លែកបំផុតមួយប្រភេទបានលេចរូបរាងឡើងនៅសហរដ្ឋអាមេរិក បន្ទាប់ពីសិស្សនិស្សិតមួយក្រុមនៅទីក្រុងឡូសអាន់ជ័រលេស (Los Angeles) បានរៃអង្គាសប្រាក់បានចំនួន១,៥លានដុល្លារ ដើម្បីបង្កើនការយល់ដឹងពីការថយចុះការមានកូនរបស់បុរស តាមរយៈការរៀបចំព្រឹត្តិការណ៍ប្រកួតប្រណាំងមេជីវិតឈ្មោលដំបូងបំផុតរបស់ពិភពលោក។ នេះបើយោងតាមប្រភពពីសារព័ត៌មាន The Telegraph និង Daily Mail បានចេញផ្សាយ។
សហគ្រិនអាមេរិកវ័យក្មេង៤រូប បានរៃអង្គាសប្រាក់បានចំនួន ១,៥លានដុល្លារ ដើម្បីរៀបចំព្រឹត្តិការណ៍កីឡាប្រកួតប្រណាំងមេជីវិតឈ្មោល កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៥ ដែលដើមឡើងគ្រោងធ្វើនៅសាលមហោស្រព Hollywood Palladium ប៉ុន្តែក្រោយមកត្រូវបានបដិសេធ ហើយផ្លាស់ទីតាំងទៅរៀបចំនៅស្ទូឌីយ៉ូភាពយន្តមួយកន្លែងកណ្តាលទីក្រុងឡូសអាន់ជ័រលេស។ ចំណែកឯសំបុត្រចូលរួមត្រូវបានរាយបញ្ជីក្នុងតម្លៃ ២០ដុល្លារ ៤០ដុល្លារ និងសំបុត្រ VIP តម្លៃរហូតដល់ ៩៩៩,៩៩ដុល្លារ។
ព្រឹត្តិការណ៍ប្រកួតប្រណាំងមេជីវិតឈ្មោលដំបូងបំផុតរបស់ពិភពលោក ឬម្យ៉ាងទៀតថា ការប្រកួតប្រជែងសុខភាពបន្តពូជដំបូងគេបង្អស់របស់ពិភពលោក ដែលជាកីឡាប្រកួតប្រជែងដ៏ថ្មីសន្លាំងនេះ បានជ្រើសរើសនិស្សិតសាកលវិទ្យាល័យវ័យក្មេងដែលមានសុខភាពល្អចំនួនពីរនាក់ ដើម្បីប្រើប្រាស់មេជីវិតរបស់ពួកគេយកមកប្រកួតប្រជែងគ្នានៅលើផ្លូវប្រណាំង២ផ្លូវផ្សេងគ្នាប្រវែង២០សង់ទីម៉ែត្រយកគំរូតាមប្រព័ន្ធបន្តពូជស្ត្រី ដោយបានបង្ហាញតាមរយៈមីក្រូទស្សន៍ ព្រមទាំងផ្សាយជូនចូលរួមផ្ទាល់ និងតាមប្រព័ន្ធអនឡាញផងដែរ។ សំណាកទឹកកាមទៀតសោតត្រូវបានប្រមូលយកមកថ្មីៗមិនអាចទុកយូរបានឡើយ មុនការប្រកួតប្រណាំងចាប់ផ្តើម។ សកម្មភាពទាំងអស់នេះត្រូវបានអះអាងថាជាកិច្ចខិតខំប្រឹងប្រែងលើកកម្ពស់ការយល់ដឹងការមានកូនរបស់បុរស។
និស្សិតអាមេរិកទាំង២រូបខាងលើ ម្នាក់ឈ្មោះ Tristan Mykel អាយុ២០ឆ្នាំមកពីសកលវិទ្យាល័យ Southern California និងម្នាក់ទៀតឈ្មោះថា Asher Proeger អាយុ១៩ឆ្នាំមកពីសកលវិទ្យាល័យ California។ ជាលទ្ធផល Tristan Mykel គឺជាអ្នកគ្រងតំណែងជើងឯកជាមួយពានរង្វាន់រូបតំណាងមេជីវិតឈ្មោលមួយ និងប្រាក់រង្វាន់១ម៉ឺនដុល្លារ។ យុវជនរូបនេះបានប្រាប់ Daily Mail ថា រូបគេមានមោទកភាពជាមួយជ័យជម្នះនេះ។
សហស្ថាបនិកវ័យក្មេង៣រូបដែលបានបង្កើតព្រឹត្តិការណ៍ដ៏ថ្មីនេះឡើងរួមមាន យុវជន Eric Zhu អាយុ១៧ឆ្នាំ Nick Small អាយុ១៦ឆ្នាំ និង Shane Fan អាយុ២២ឆ្នាំ បានបង្ហាញគោលបំណងដូចគ្នាថា ការបង្កើតព្រឹត្តិការណ៍ការប្រកួតប្រណាំងមេជីវិតឈ្មោលដំបូងបំផុតរបស់ពិភពលោកនេះឡើងមក ដើម្បីលើកកម្ពស់ការយល់ដឹងពីភាពគ្មានកូនរបស់បុរស ខណៈដែលពិភពលោកអាចនឹងមានអនាគត ដែលគ្មាននរណាម្នាក់នឹងអាចបង្កើតកូនបាន។
អ្នកជំនាញផ្នែកសេដ្ឋកិច្ចម្នាក់ ដែលមិនត្រូវបានបញ្ចេញឈ្មោះ ស្រង់សម្តីចេញប្រភពពីកាសែត Daily Mail បានលើកឡើងថា ការបង្កើតព្រឹត្តិការណ៍នេះ គឺជាវិធីសាស្ត្រដ៏ល្អមួយក្នុងការលើកកម្ពស់ការយល់ដឹងអំពីការមានកូនរបស់បុរស ហើយមិនតែប៉ុណ្ណោះវាក៏ដូចជាការកម្សាន្តដ៏ប្លែកភ្នែកមួយផងដែរ៕





ចែករំលែកព័តមាននេះ