រាជធានីភ្នំពេញ ៖ កម្មវិធីប្រគំតន្ត្រីយុវវ័យរីករាយរបស់ស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍េលខ១១ដែលរៀបចំបង្កើតឡើងកាលពីដើមឆ្នាំ២០១១ ដោយធ្វើឆាកនៅសួនចំការព្រីងក្នុងខណ្ឌសែនសុខក្បែរវត្តសំរោងអណ្តែតនោះត្រូវបានរើចេញពីទីនោះមកដាក់នៅផ្សារទំនើបស៊ីធីម៉លជាន់ទី២វិញ។
អ្នកដឹកនាំកម្មវិធីប្រគំតន្ត្រីយុវវ័យរីករាយបានឱ្យដឹងថា កន្លងមកកម្មវិធីប្រគំតន្ត្រីយុវវ័យរីករាយនេះស្ថានីយទូរទស្សន៍អប្សរាប៉ុស្តិ៍លេខ១១ និងក្រុមហ៊ុនទីគាខូអិលធីឌីបានសហការគ្នារៀបចំឡើងដោយមានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍អប្សរារាល់ល្ងាចថ្ងៃអាទិត្យវេលាម៉ោង៦ល្ងាចរហូតដល់ម៉ោង៨យប់។ កម្មវិធីនេះតែងតែអញ្ជើញសិល្បករ សិល្បការិនីជាតារាចំរៀង តារាសម្តែង និងក្រុមតារាកំប្លែងដែលមានកេរ្តិ៍ឈ្មោះល្បី និងមិនទាន់មានឈ្មោះឱ្យឡើងច្រៀង សម្តែងបង្ហាញទេពកោសល្យជូនប្រិយមិត្តទស្សនិកជនបានឃើញ និងបានស្តាប់សំលេងផ្ទាល់។
ជាក់ស្តែងកាលពីល្ងាចថ្ងៃអាទិត្យទី៣ ខែកក្កដា កម្មវិធីយុវវ័យរីករាយបានអញ្ជើញសិល្បករ សិល្បការិនីមួយចំនួនដូចជាអ្នកនាងឡេង មុន្នីរចនា, លោកហង្ស ឧត្តមមុន្នី និងកញ្ញាគឹម នីហ្សា ជាដើម ព្រមទាំងក្រុមអ្នករាំកំដរឆាកជាច្រើនទៀត។
អ្នករៀបចំកម្មវិធីតន្ត្រីយុវវ័យរីករាយឱ្យដឹងថា ការផ្លាស់ប្តូរឆាកពីសួនសុបិនចំការព្រីងមកធ្វើនៅផ្សារទំនើបស៊ីធីម៉លវិញនេះ គឺដោយសារចាប់ពីខែកក្កដាទៅមានភ្លៀងធ្លាក់ច្រើន ម្ល៉េះហើយក្រុមការងារមានការលំបាកក្នុងការធ្វើដំណើរទៅមក។ មួយវិញទៀតតាមសំណូមពរប្រិយមិត្តទស្សនិកជនមួយចំនួនធំដែលរស់នៅក្នុងរាជធានីភ្នំពេញចង់ឃើញការប្រគំតន្ត្រីយុវវ័យរីករាយផ្ទាល់។
អ្នករៀបចំកម្មវិធីឱ្យដឹងថា ការរៀបចំកម្មវិធីប្រគំតន្ត្រីយុវវ័យរីករាយនេះឡើងមិនត្រឹមតែបង្កលក្ខណៈឱ្យប្រជាពលរដ្ឋបានទស្សនាសប្បាយរីករាយក្រោយពីខិតខំប្រឹងប្រែងបំពេញការងាររកសីុទទួលទានពេញមួយសប្តាហ៍នោះទេ គឺបានជួយផ្តល់ឱកាសដល់សិល្បករ សិល្បការិនីថ្មីៗមានឱកាសបានឡើងបង្ហាញទេពកោសល្យទឹកដមសម្លេងជូនប្រិយមិត្តទស្សនិកជនវាយតម្លៃផងដែរ។ ក្រៅពីនេះក៏ជួយឱ្យសិល្បករ សិល្បការិនីមានអាជីព និងដើម្បីជួយលើកស្ទួយវិស័យសិល្បៈវប្បធម៌ខ្មែរឱ្យមានការរីកចំរើនរុងរឿង ៕
ចែករំលែកព័តមាននេះ