ប្រទេសចិន ៖ ហាងលក់អនឡាញមួយចំនួននៅប្រទេសចិនបានដាក់លក់កំទេចដីបង្កើតទ្រព្យ ដែលពួកគេយកបានពីបរិវេនធនាគារ ហើយដាក់លក់តម្លៃខ្ពស់ដល់១២០ដុល្លារក្នុងមួយក្រឡតូច ឬមួយកញ្ចប់តូច ដោយអះអាងថា អ្នកទិញនឹងក្លាយជាអ្នកមាន តាមរយៈលាភសំណាងទទួលបានពីដីបង្កើតទ្រព្យ ដែលពួកគេបានទិញ។ នេះបើតាមកាសែត South China Morning Post ចេញផ្សាយកាលពីពេលថ្មីៗនេះ។
ការអះអាងមិនសមហេតុផលនេះ ទទួលការចាប់អារម្មណ៍ និងការសើចចំអកមកជាមួយគ្នាពីបណ្តាអ្នកលេងបណ្តាញសង្គមនៅចិន។ កាសែត South China Morning Post បានរាយការណ៍ថា «ដីធនាគារ» ដែលត្រូវបានអ្នកលក់ខ្លះហៅថា ដីបង្កើតទ្រព្យ ដីមាសដីប្រាក់នោះ ត្រូវបានលក់ក្នុងតម្លៃខ្ពស់ ៨៨៨យ៉េន ឬ ១២០ដុល្លារ។ អ្នកលក់អះអាងថា ដីត្រូវបានជីក និងប្រមូលដោយដៃផ្ទាល់យកបានពីក្នុង ឬជុំវិញបរិវេនធនាគារនានា សូម្បីតែកំទេចដីពីដើមឈើដុះនៅក្រៅ និងដើមរុក្ខជាតិនៅក្នុងកន្លែងទទួលភ្ញៀវធនាគារ រហូតដល់ធូលីដីពីម៉ាស៊ីនរាប់លុយផងដែរ។
អ្នកលក់ម្នាក់បានអះអាងលើបណ្តាញសង្គមថា គាត់មានដីដល់ទៅ៤ប្រភេទ ដាក់លក់ក្នុងតម្លៃផ្សេងៗគ្នា ប្រមូលបានពីធនាគារធំៗចំនួន ៥ គឺ ធនាគារចិន (Bank of China) ធនាគារឧស្សាហកម្ម និងពាណិជ្ជកម្មចិន (Industrial and Commercial Bank of China) ធនាគារកសិកម្មចិន (Agricultural Bank of China) ធនាគារសំណង់ចិន (China Construction Bank) និងធនាគារទំនាក់ទំនង (Bank of Communications) តម្លៃថោកបំផុតត្រឹម ២៤យន់ ឬ ៣ដុល្លារប៉ុណ្ណោះ។ ហើយដីទាំងអស់សុទ្ធតែប្រមូលដោយដៃផ្ទាល់ពីធនាគារធំៗទាំង ៥ អាចជួយបង្កើតទ្រព្យសម្បត្តិអ្នកទិញ និងរំលាយធាតុអាក្រក់ចេញពីខ្លួន។
ហាងលក់អនឡាញមួយចំនួនផ្សេងទៀតអះអាងថា ដីពួកគេត្រូវបានប្រមូលពេលយប់ ចំណែកខ្លះទៀតថា ប្រមូលបានតែពេលថ្ងៃត្រង់ប៉ុណ្ណោះ ខណៈខ្លះទៀតហ៊ានអះអាងថា ដីពួកគេផ្តល់អត្រាជោគជ័យខ្ពស់រហូតដល់ ៩៩៩.៩៩៩% ក្នុងការបង្កើតទ្រព្យសម្បត្តិដល់អ្នកទិញ។ ហាងអនឡាញមួយចំនួនទៀត ថែមទាំងថតវីដេអូបង្ហោះលើបណ្តាញសង្គមបង្ហាញពីសកម្មភាពជីក និងប្រមូលដីជាក់ស្តែងនៅកន្លែងពិតៗតែម្តង។
យោងតាមបទប្បញ្ញត្តិស្តីពីការរៀបចំសណ្តាប់ធ្នាប់ និងទេសភាពទីក្រុង នៃប្រទេសចិន គ្មានអង្គភាពណាមួយត្រូវបានអនុញ្ញាតឱ្យបំផ្លាញទីធ្លាបៃតងក្នុងទីក្រុង រួមទាំងការជីកដីផងដែរ។ ដូច្នេះហើយ ទើបបានជាបណ្តាអ្នកលេងបណ្តាញសង្គមចិនជាច្រើនលើកឡើងថា តើដីធនាគារ ឬដីមាសដីប្រាក់ ដីនាំលាភនាំសំណាងទាំងនេះ បំពានបទប្បញ្ញត្តិដែរឬទេ? អ្នកខ្លះបញ្ចេញមតិជាមួយរូបភាពសើចខ្លាំងៗថា តើដីធនាគារជាអ្វី? ខ្ញុំធ្វើការនៅធនាគារ ហើយខ្ញុំត្រូវយកដីពីផ្ទះទៅដាំផ្កានៅការិយាល័យខ្ញុំ។ ម្នាក់ទៀតលើកឡើងថា «ផ្ទះខ្ញុំនៅក្បែរធនាគារ ហេតុអ្វីបានជាសំណាងខ្ញុំមិនប្រសើរឡើងសោះ? ដីធនាគារនាំលាភ ប្រហែលជាមិនពិតប្រាកដទេ ប៉ុន្តែរឿងបង់ពន្ធទើបបានពិតប្រាកដ៕ ប្រភព ៖ South China Morning Post



ចែករំលែកព័តមាននេះ