រាជធានីភ្នំពេញ ៖ តារាកំប្លែងនាយព្រីង ក្រោយកាត់ជើងខាងឆ្វេង ពេលនេះ នាយបានចេញពីមន្ទីរពេទ្យហើយ ដោយស្ថានភាពនាយមានភាពល្អប្រសើរជាងមុន តែអ្វីដែលនាយជួបការលំបាកនាពេលនេះ កូនប្រុសថា «គ្មានថវិកាទិញរទះយកលោកឪពុក» ។
ជាការពិត នាយព្រីង ធ្លាក់ខ្លួនឈឺ និងបាត់វត្តមានសម្តែងជាច្រើនឆ្នាំ ដោយមួយរយៈចុងក្រោយនេះ ស្ថានភាពជំងឺនាយកាន់តែធ្ងន់ធ្ងរ នាពេលថ្មីៗនេះ នាយត្រូវបង្ខំចិត្តកាត់ជើងចោល ខណៈស្ថានភាពគ្រួសារជួបការលំបាកផងនោះ។ កាលពីប៉ុន្មានថ្ងៃមុននេះ ពេលនាយព្រីងបានចេញពីពេទ្យនោះ កូនប្រុសរបស់នាយ បានបង្ហោះក្នុងបណ្តាញសង្គមថា «ពេលនេះសុខភាពប៉ា (នាយព្រីង) បានធូស្បើយខ្លះ ហើយប្រសើរជាងមុន អរគុណអុំ ពូ មីង បងៗ ប្អូនៗទាំងអស់ ដែលបានសួរសុខទុក្ខ និងជូនពរប៉ារហូតមកដល់ផ្ទះវិញអរគុណណាស់ ជូនពរអ៊ំ ពូ មីង បងប្អូនទាំងអស់គ្នា ក្នុងឆ្នាំថ្មីទទួលបានលាភជ័យសំណាងល្អក្នុងជីវិត រកទទួលមានបានសុខភាពល្អមាំមួន កម្លាំងខ្លាំងក្លាបញ្ញាវៀងវៃប្រាថ្នាអ្វីៗបានសម្រេចដូចបំណង»។
តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព លោក ជីចំណាប់ ដែលជាកូនប្រុសរបស់នាយព្រីងប្រាប់ថា ឪពុកខ្លួនបានចេញពីមន្ទីរពេទ្យហើយ ក្រោយសម្រាកព្យាបាលវះកាត់ជើងចោល ដោយជំងឺទឹកនោមផ្អែមប្រមាណជាជិត២សប្តាហ៍នោះ។
កូននាយព្រីងបន្តថា ឪពុកលោកឈឺតាំងពីថ្ងៃទី០១ ដូច្នេះ ក្នុងរយៈប្រមាណជា១៥ថ្ងៃមកនេះ គឺលោកមិនបានចេញទៅសម្តែងល្ខោននោះទេ ដូច្នេះ ចំពោះការចំណាយរបស់លោកក្នុងរយៈពេលកន្លងទៅនេះ ចំណាយអស់ប្រមាណជា៧០០ដុល្លារ ខណៈលោកមានប័ណ្ណ បសស ចំពោះការចូលនិវត្តន៍ពីការងារ។
លោក ជី ចំណាប់ កូននាយព្រីងបន្តថា ពេលលោកចេញពីពេទ្យ គឺបានខ្ចីលុយគេចំនួន១០ម៉ឺនរៀលមកទៀត ជាសោហ៊ុយធ្វើដំណើរយកឪពុកមកផ្ទះវិញ ខណៈលោកឪពុកបានធូរខ្លះហើយក្តី ។ កូនប្រុសនាយព្រីងបន្តទាំងលំបាកថា ក្នុងនាមដែលមានឈាមជ័របន្តសិល្បៈពីឪពុកផ្នែកល្ខោនបាសាក់ គឺរាល់ថ្ងៃលោកទទួលរ៉ាប់រងទាំងអស់ ព្រោះលោកមានឪពុកចាស់ និងបងប្រុសមានសតិមិនល្អ ដូច្នេះការងារទាំងអស់ និងការផ្គត់ផ្គង់លោកជាអ្នកចាត់ចែង ។
គួរបញ្ជាក់ដែរថា កូនប្រុសនាយព្រីងមានទេសកោសល្យសមត្ថភាពបន្តជំនាញល្ខោនបាសាក់ពីឪពុក ខណៈកាលពីកន្លងទៅនាយព្រីង ធ្លាប់ជាតារាកំប្លែង និងជាតួអង្គល្ខោនបាសាក់សម្តែងដ៏ល្អនោះ ពោលលោកមានកូនប្រុសពីរនាក់ កូនទី១សតិមិនល្អ និងកូនប្រុសទី២ តួល្ខោនបាសសាក់រកប្រាក់ចិញ្ចឹមឪពុក និងបងប្រុស៕
ចែករំលែកព័តមាននេះ