ពិតជាអស្ចារ្យណាស់ អ្នកច្នៃម៉ូត គង់ អូលីវ៉ា ចំណាយពេលស្ទើរតែ២០ថ្ងៃ ក្រោយលោកចង់បង្ហាញអំពីឈុតមួយនេះអោយមហាជនខ្មែរបានឃើញ ក្រោយច្នៃឡើងជាឈុតសម្លៀកបំពាក់សហសម័យ ដែលមានទម្ងន់ធ្ងន់ និងធ្វើឡើងពីស្បែកគោទាក់ទងនឹងល្ខោនស្បែកធំ ។

ជាការពិត សម្លៀកបំពាក់មួយឈុតនេះ ចំណាយពេលធ្វើឡើងទាំងកម្លាំងកាយកម្លាំងចិត្ត បើគ្មានឆន្ទៈក្នុងការធ្វើ គឺមិនធ្វើទៅបាននោះឡើយ ហើយអ្នកគ្រងឈុតមួយនេះ កាន់តែមានភាពអន់ធ្មត់ទៀត ព្រោះវាមានទម្ងន់១៧គីឡូក្រោម ហើយវែងទៀតផងនោះ។

គួរជម្រាបដែរថា ឈុតមួយនេះមានឈ្មោះថា សមរាត្រីបរមវិស្ណុលោក « ឈុតនេះចង់បង្ហាញពីសមរាត្រី ចង់សំដៅលើព្រះអាទិត្យ រះចំកំពូលប្រសាទអង្គរវត្ត ដែលជាបាតុភូតដ៏អស្ចារ្យ កើតឡើងពីរដងក្នុងមួយឆ្នាំ និងភាពត្រជះត្រចង់នៃសាច់រឿងកូរសមុទ្រទឹកដោះ ដែលដូនតារបស់យើងបាន បន្សល់ទុកនៅលើជញ្ជាំងប្រសាទអង្គរវត្ត »។

ទៀតសោត មូលដ្ឋានគ្រឹះដែលធ្វើឈុតនេះឡើង គឺជារចនាបថក្នុងសាច់រឿងកូសមុទ្រទឹកដោះ ឆ្លាក់នៅលើជញ្ជាំំងប្រាសាទអង្គរវត្ត។ រចនាបទ ថ្ងៃរះចំកណ្តាលកំពូលប្រាសាទអង្គរវត្ត ច្នៃឡើងពីស្បែកគោ ដែលយកទម្រង់តាមល្ខោនស្បែកធំ។

តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី60Buzz នៃសារព័ត៌មានកោះសន្តិភាព លោក គង់ អូលីវ៉ា អ្នកច្នៃម៉ូដដែលពោរពេញដោយឆន្ទៈថា ការធ្វើឡើងជួបការលំបាកច្រើន ពោលឈុតមួយនេះ ធ្វើឡើងពីស្បែកគោ ដែលទម្ងន់ដល់ទៅ១៧គីឡូក្រាម ត្រូវមានអ្នកប៉ាក់ឌិនដោយទាមទារការផ្ចិតផ្ចង់ខ្ពស់ ចំណាយកម្លាំងដល់ទៅ៤នាក់ ។ លើសពីនេះ លោកថា អ្នកដែលរៀបចំកាត់ស្បែកគោចំនួន២នាក់ទៀត ហើយទៀតសោតចំណាយពេល១៧ថ្ងៃ ទើបបានចេញជាឈុតដ៏ស្រស់ស្អាតមួយនេះឡើយមក ។

លោក គង់ អូលីវ៉ា ដែលជាកូនអ្នកខេត្តពោធិ៍សាត់បន្តថា ឈុតនេះជាឈុតសហសម័យ ដែលជាការរចនាបថច្នៃឡើង បុរាណលាយឡំជាមួយសម័យ មានការបញ្ចូលទម្រង់សិល្បៈជាច្រើនដែលបានច្របាច់បញ្ចូលក្នុងឈុត សមរាត្រីបរមវិស្ណុលោក។

លោក គង់ អូលីវ៉ា បន្តថាឈុតនេះ លោកបានបង្ហាញម្តងមកហើយកាលពីកន្លងទៅ នៅក្នុងទីក្រុងកាន ប្រទេសបារាំង តែលោកមិនអស់ចិត្តទេ ព្រោះលោកចង់បង្ហាញម្តងទៀតនៅក្នុងកម្មវិធីសាទរកម្ពុជា ដើម្បីអោយប្រជាពលរដ្ឋបានឃើញនៅឈុតដ៏ល្អមួយនេះ។

គួរបញ្ជាក់ដែរថា លោក គង់ អូលីវ៉ា ពិតជាមានមនសិកា និងឆន្ទៈខ្ពស់ក្នុងការបង្ហាញឈុតមួយនេះឡើយ ការប្រកួតបង្អួតអោយបរទេសបានទស្សនា ដោយមានបញ្ចូលទម្រង់សិល្បៈ វប្បធម៌ដ៏រស់នៅរវើករបស់ខ្មែរជាច្រើននៅលើជញ្ចាំងប្រាសាទ ៕




ចែករំលែកព័តមាននេះ