ដេននី ក្វាន់ ឆ្លើយតបមហាជនដែលមិនគាំទ្រ ល្អ ហួស ចូលប្រកួតបវរកញ្ញាដែលធ្លាប់គ្រងម្កុដ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្នុងនាមជាម្តាយអ្នកនាង ដេននី ក្វាន់ បានចេញមុខធ្វើការឆ្លើយតបចំពោះអ្នករិះគន់ និងមិនគាំទ្រទៅលើកូនស្រី ល្អ ហួស ដែលបានសម្រេចដាក់ពាក្យចូលរួមប្រកួតកម្មវិធី Miss Teen & Miss Teen Icon Cambodia 2025 ដែលជាកម្មវិធីមួយដែលនាងធ្លាប់គ្រងម្កុដម្តងរួចមក
ហើយ ។

បន្ទាប់ពីផេកហ្វេសប៊ុកផ្លូវការ Miss Teen & Miss Teen Icon Cambodia បង្ហាញបេក្ខភាព ជូរី ល្អហួស បានដាក់ពាក្យចូលរួមប្រកួតនោះ គេឃើញមានមហាជនមួយចំនួនបានចូលទៅធ្វើការខំមិន ដោយអ្នកខ្លះហាក់មិនគាំទ្រ ចំពោះការចូលរួមរបស់ ល្អ ហួស នាពេលនេះឡើយ ព្រោះនាងធ្លាប់ឈ្នះម្កុដ ខណៈពេលដែលគេចង់ឃើញកម្មវិធីផ្តល់ឱកាសឲ្យអ្នកថ្មី ។
ពួកបានលើកឡើងស្រដៀងគ្នាថា ខ្ញុំអត់គាំទ្រទេ ព្រោះមិនប្រាកដទេថា គេនិងឲ្យម្កុដគាត់ម្តងទៀត គួរតែទុកឱកាសឲ្យអ្នកផ្សេងទៅ ក្មេងស្រីគួរតែត្រៀមសម្រាប់ Miss Universe ឬក៏ Miss ណាផ្សេងទៀតដែលមិនមែនជាក្រុមតែមួយដូច Miss teen Miss Peteen Miss teenicon …. វាហាក់ដូចជាការលេងហ្គេមមួយចឹង ។ ល្អហួសបានទាំងព្រមមិនបាច់ប្រកួតក៏ឈ្នះ ខ្ញុំគិតថា គួរតែទុកឱកាសអោយអ្នកមិនទាន់ គ្រាន់តែឃើញល្អហួសដាក់ពាក្យគ្នាបាក់ទឹកចិត្តបាត់ទៅហើយ ។

យ៉ាងណា ឆ្លើយតបការខំមិនខាងលើពីមហាជននោះអ្នកនាង ដេននី ក្វាន់ ក៏បានចេញមុខបកស្រាយជំនួសកូនស្រី ល្អ ហួស ដោយនៅក្នុងនោះ នាងបានអរគុណសម្រាប់ការមិនគាំទ្រកូនស្រីរបស់ខ្លួន ប៉ុន្តែនាងមិនគាំទ្រសម្រាប់ការបិទសិទ្ធិមិនឲ្យកូនស្រីរបស់នាងចូលរួមប្រកួតនោះ
ឡើយ ។
តាមរយៈសំណេរដែលបានបង្ហោះលើបណ្តាញសង្គម អ្នកនាង ដេននី ក្វាន់ បានលើកឡើងថា អរគុណសំរាប់ការComment🙏 គាត់មិនគាំទ្រកូនស្រីខ្ញុំក្នុងការប្រកួតនេះ ព្រោះចង់ទុកឱកាសសំរាប់អ្នកផ្សេង តែខ្ញុំគិតថា កូនស្រីល្អហួសក៏មានឱកាសដូចអ្នកផ្សេងដែល មិនមែនគាត់ធ្លាប់ប្រកួតហើយ ត្រូវបិទគាត់មិនអោយប្រកួតទៀតទេ ។
នាងបញ្ជាក់ថា គាត់ប្រកួតព្រោះចង់បានបទពិសោធន៍ដើម្បីចូលប្រកួត Miss ធំៗ…មួយទៀតខ្ញុំចង់ប្រាប់ថា កូនស្រីខ្ញុំយកសមត្ថភាពទៅប្រកួត មិនមែនជាការចាប់ដាក់អោយយកមកុដនោះទេ បើចាប់ដាក់ដដែល តើគេបង្កើតកម្មវិធី អោយមានការដាក់ពាក្យចូលប្រកួតធ្វើអី? ហើយបើអ្នកដែលចូលប្រកួតគាត់មានសមត្ថភាពនឹងខ្លាំងពូកែជាងល្អហួស ក៏គ្រងមកុដទៅ វាអត់មានអីពិបាកផង ។
បើតាមអ្នកនាង ដេននី ក្វាន់ មិនថា ប្រកួតកម្មវិធី Miss មួយណាទេ គឺត្រូវតែប្រើសមត្ថភាពពិតៗ អត់មានអីដែលត្រូវខ្លាច ហើយបិទគាត់មិនអោយចូលប្រកួតនោះទេ..ប្រកួតច្រើនបទពិសោធន៏ក៏ច្រើនវាកាន់តែល្អ នៅពេលដែលគាត់គ្រប់អាយុចូលMiss ។

ជាការកត់សម្គាល់ ល្អ ហួស ធ្លាប់បានគ្រងមកុដ Miss Preteen Cambodia ឆ្នាំ២០២៣ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដែលបានធ្វើឡើងកាលពីថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០២៣ បន្ទាប់ពីឆ្លងកាត់ការប្រកួតយ៉ាងស្វឹតស្វាញជាច្រើនដំណាក់កាលមក ។
ល្អ ហួស បានចូលរួមការប្រកួតនៅក្នុងកម្មវិធីប្រកួតសម្រស់ខាងលើនេះជាលើកដំបូង ក្នុងគោលដៅត្រៀមខ្លួនចូលរួមកម្មវិធីបវរកញ្ញាធំៗជាបន្តបន្ទាប់ ខណៈពេលគោលដៅដំបូងរបស់នាងបានសម្រេចចេញជារូបរាងហើយ ក្រោយគ្រងមកុដកម្មវិធីប្រឡងបវរកញ្ញា Miss Preteen Cambodia ។
មិនត្រឹមតែឈ្នះម្កុដក្នុងស្រុកនោះឡើយ ប៉ុន្តែ ល្អ ហួស បានគ្រងមកុដនៃកម្មវិធី Miss Preteen Junior Idol ២០២៤ ដែលបានធ្វើឡើងនៅក្នុងវគ្គផ្តាច់ព័ត្រកាលពីអំឡុងខែមីនា ឆ្នាំ២០២៤ នៅក្នុងប្រទេសថៃ ក្នុងចំណោមបេក្ខភាពផ្សេងទៀតដែលមកពីបណ្តាប្រទេសនានាជុំវិញពិភពលោក ៕

ចែករំលែកព័តមាននេះ