បរទេស ៖ ខេត្ត Binh Dinh ជាខេត្តជាប់មាត់សមុទ្រ មានទីតាំងនៅភាគកណ្តាលប្រទេសវៀតណាម ដែលមានល្បីល្បាញក្នុងនាមជាទឹកដីនៃសិល្បៈក្បាច់គុន ល្ខោនបុរាណ និងជាមជ្ឈមណ្ឌលនៃដំណាំដូងដ៏ធំ បូកផ្សំជាមួយធនធានធម្មជាតិចម្រុះ និងបរិស្ថានបៃតងស្រស់នោះ កំពុងស្នើឱ្យសុំការអនុញ្ញាតពីរដ្ឋាភិបាលវៀតណាម ដើម្បីដាក់ឱ្យដំណើការសាកល្បងសេវាតាក់ស៊ីលើអាកាសគ្មានមនុស្សបើកក្នុងទីក្រុង eVTOL ។

យោងតាមការចុះផ្សាយរបស់សារព័ត៌មាន VN Express នៅថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ បានឱ្យដឹងថា គោលគំនិតចម្បងនៅពីក្រោយផែនការដាក់ឱ្យចរាចរណ៍សេវាតាក់ស៊ីលើអាកាស ក្នុងទីក្រុងត្រូវបានគណៈកម្មាធិការប្រជាជនខេត្ត Binh Dinh អះអាងថា តាក់ស៊ីហោះ eVTOL មានលក្ខណៈពិសេស ច្នៃប្រឌិត និងលើកកម្ពស់បទពិសោធន៍ទេសចរណ៍ក៏ដូចជា រួមចំណែកយ៉ាងសំខាន់ដល់ការថែរក្សាបរិស្ថានបៃតង ។ កាលពីថ្ងៃទី២៩ ខែតុលា គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បានដាក់ស្នើផែនការនេះ ទៅកាន់រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូនវៀតណាម ដើម្បីត្រួតពិនិត្យ និងផ្តល់អនុសាសន៍ មុនពេលរាយការណ៍ជូននាយករដ្ឋមន្ត្រី ដើម្បីអនុម័តគម្រោងសាកល្បងសេវាតាក់ស៊ីលើអាកាសគ្មានមនុស្សបើកក្នុងខេត្តមួយនេះ ។

គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh បញ្ជាក់ថា តាក់ស៊ីហោះនេះ អាចផ្ទុកមនុស្សបានពី៤ ទៅ៥នាក់ ទាំងការហោះឡើងចុះ គឺមានលក្ខណៈបញ្ឈរ ដោយថាមពលអគ្គិសនី មិនតម្រូវឱ្យមានអាកាសយានដ្ឋានសម្រាប់ចុះចត ឬផ្លូវរត់ ដើម្បីហោះឡើងទេ គឺពួកគេហោះឡើងនិងចុះថតស្រដៀងគ្នាទៅនឹងឧទ្ធម្ភាគចក្រដែរ តែមានកម្រិតសំឡេងរំខានទាបជាងយន្តហោះធម្មតា ។
យោងលើចំណុចពិសេសទាំងនេះវាត្រូវបានគេរំពឹងថា នឹងក្លាយជាមធ្យោបាយដឹកជញ្ជូនដ៏ល្អសម្រាប់ភ្ញៀវទេសចរទស្សនា និងគយគន់សម្រស់ធម្មជាតិពីលើអាកាស ។

ថ្នាក់ដឹកនាំខេត្តក៏បានវា.យតម្លៃសេវាដឹកជញ្ជូនថ្មីនេះថា ពោរពេញទៅដោយភាពច្នៃប្រឌិត ងាយស្រួលផ្លាស់ទី និងមិនបញ្ចេញសារធាតុគ្រោះថ្នាក់ដូចជារថយន្ត រថភ្លើង…បូកផ្សំចេញជាពាក្យ៣មាត់ថា «បៃតង ថ្មី ប្លែក» ហើយគុណសម្បត្តិទាំងនេះ គឺស័ក្តិសមសម្រាប់តម្រូវការអភិវឌ្ឍទេសចរណ៍របស់ខេត្ត Binh Dinh និងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាព ។ ដោយសម្លឹងឃើញនូវគុណប្រយោជន៍ទាំងនេះ គណៈកម្មាធិការប្រជាជនខេត្ត Binh Dinh ជឿជាក់ថា នឹងទទួលបានការគាំទ្រយ៉ាងពេញទំហឹងពីក្រសួងជំនាញ និងរដ្ឋាភិបាល ហើយអ្វីដែលត្រូវការជាចាំបាច់នោះ គឺផែនការហោះហើរសាកល្បង, ផែនទីបង្ហាញផ្លូវ និងលិខិតច្បាប់គតិយុត្តិ ដើម្បីឈានទៅដាក់ឱ្យដំណើរការប្រើប្រាស់សេវាតាក់ស៊ីលើអាកាសគ្មានមនុស្សបើកក្នុងទីក្រុងជាផ្លូវការ ។

គួរកត់សម្គាល់ថា សេវាតាក់ស៊ីលើអាកាសគ្មានមនុស្សបើកក្នុងទីក្រុង eVTOL លេចចេញជាលើកដំបូងក្នុងឆ្នាំ២០០៩ ខណៈដែលប៉ុន្មានឆ្នាំថ្មីៗនេះ ប្រទេសជាច្រើនបានស្រាវជ្រាវ និងបង្កើតយានជំនិះប្រភេទនេះសម្រាប់កម្មវិធីដឹកជញ្ជូន រួមមានប្រទេសចិន សហរដ្ឋអាមេរិក អាល្លឺម៉ង់ ចក្រភពអង់គ្លេស សិង្ហបុរី កូរ៉េខាងត្បូង និងប្រទេសឥណ្ឌនេស៊ីជាដើម ។ តែក្នុងចំណោមប្រទេសទាំងនោះ គឺមហាយក្សចិនបានឈានមុខគេ ដោយបានប្រកាសដាក់ឱ្យដំណើការ សេវាតាក់ស៊ីលើអាកាសក្នុងទីក្រុងដំបូងគេបំផុតនៅលើពិភពលោក កាលពីចុងខែកុម្ភៈឆ្នាំ២០២៤កន្លងទៅ ក្រោយពីចិនបានបញ្ចប់ការហោះហើរសាកល្បងដោយជោគជ័យ ក្នុងខេត្តក្វាងទុង ភាគខាងត្បូងប្រទេស ។

«តាក់ស៊ីហោះ» ឬ «តាក់ស៊ីលើអាកាស» របស់ចិន ដំណើការដោយយន្តហោះស្វ័យប្រវត្តិ eVTOL ឈ្មោះថា «Prosperity» ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនបច្ចេកវិទ្យាឈានមុខ AutoFlight ហើយក្រៅពីការបម្រើសេវាក្នុងខេត្ត ចិនគ្រោងនឹងដាក់មានសេវាតាក់ស៊ីតាមផ្លូវអាកាសដំណើរការពេញលេញនៅទូទាំងតំបន់ និងបណ្តាទីក្រុងធំៗទូទាំងប្រទេសចិន រួមទាំងមហិច្ចតាពង្រីកការហោះហើរឆ្លងទ្វីប ទៅកាន់ទីក្រុងជាច្រើនទូទាំងពិភពលោក ៕







ចែករំលែកព័តមាននេះ