កំពូលតារាហូលីវូត អេនជីលីណា ជូលី ដែលជាតារាបច្ចឹមប្រទេស មានសញ្ជាតិកម្ពុជាស្រាប់ បានបង្ហាញចំណាប់អារម្មណ៍ថា លោកស្រី អាចនឹងចំណាយពេលវេលាច្រើន នៅក្នុងប្រទេសកម្ពុជា ក្រោយបញ្ចប់ក្តីក្តាំរឿងលែងលះជាមួយនឹងតារា ប្រេត ភីត ។
នៅក្នុងបទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន កាលពីពេលថ្មីៗកន្លងទៅ តារាសម្តែង ហូលីវូដ រូបនេះបានបង្ហាញយ៉ាងច្បាស់ពីបំណងចង់ចំណាយពេលច្រើននៅកម្ពុជា បន្ទាប់ពីផ្លាស់ចេញពីទីក្រុងឡូសអែនជឺ ឡេស ។
លោកស្រី អេនជឺលីណា ជូលី កំពុងមានជម្លោះដ៏រញ៉េរញ៉ៃជាមួយអតីតស្វាមី ឥឡូវនេះនៅក្នុងបទសម្ភាសន៍ថ្មីៗនេះជាមួយ The Hollywood Reporter តារាសម្ដែងរូបនេះ បានបង្ហាញពីបំណងចង់ចាកចេញពីទីក្រុងឡូសអេនជីឡេស បន្ទាប់ពីបញ្ចប់ការលែងលះដាច់ស្រេច ហើយធ្វើដំណើរជុំវិញពិភពលោកដើម្បីទៅសួរសុខទុក្ខសមាជិកគ្រួសាររបស់នាង ហើយជាពិសេស គឺនៅកម្ពុជា ។ លោកស្រីបានបន្តថា កូនៗរបស់លោកស្រី ដោយរួមទាំងកូនចិញ្ចឹមបងគេ ម៉ាដុក ដែលមានសញ្ជាតិដើមជាកម្ពុជាធំៗអស់ហើយ ។ លោកស្រីក៏ចង់ឲ្យពួកគេ មានភាពឯកជន សន្តិភាព សុវត្ថិភាព និងឯករាជ្យភាព ។
លោកស្រីបានបញ្ជាក់ថា «បន្ទាប់ពីទីក្រុងឡូសអេនជឺឡេស ខ្ញុំនឹងចំណាយពេលច្រើននៅប្រទេសកម្ពុជា ។ ខ្ញុំនឹងចំណាយពេលទៅលេងសមាជិកគ្រួសាររបស់ខ្ញុំ គ្រប់ទីកន្លែងដែលពួកគេអាចនៅលើពិភពលោក» ។
សូមបញ្ជាក់ថា អេនជីលីណា ជូលី និងប្រេត ភីត នៅពេលរៀបការពួកគេមានកូន៦នាក់ ដោយនៅក្នុងនោះ ម៉ាដុក អាយុ២៣ឆ្នាំ, ផាកអាយុ២១ឆ្នាំ, ហ្សាហារ៉ាអាយុ២០ឆ្នាំ, ស៊ីឡូស និងណុកអាយុ១៨ឆ្នាំ, និងវីវីយេន អាយុ១៦ឆ្នាំ ។ តារាទាំងពីរ កំពុងតែមានជម្លោះនឹងគ្នា ជុំវិញបញ្ហាចម្ការស្រាទំពាំងបាយជូបារាំង ដែលមានតម្លៃប្រមាណជា១៦៤លានដុល្លារ ៕
ចែករំលែកព័តមាននេះ