ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កោះ​ដ៏​អស្ចា​រ្យ​ក្នុង​ដែនសមុទ្រ​ខេត្ត​កែបនឹង​កំពុង​​ត្រៀម​អភិវឌ្ឍ​ន៍​

3 ខែ មុន
  • កែប

ខេត្ត​កែប ៖ ប្រជុំ​កោះ​នៅ​ក្នុង​លម្ហ​សមុទ្រ​នៃ​ខេត្ត​កែប ពិតជា​មាន​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​នៅ​តាមកោះ​មួយ​ចំនួន​ក៏​មាន​ប្រជាពលរដ្ឋ​រស់នៅ ដែល​ភាគច្រើន​ប្រកប​របរ​នេសាទ ហើយ​ក្នុង​ចំណោម​កោះ​ទាំងនោះ​នឹង​មានការ​អភិវឌ្ឍ​នា​ពេល​ខាង​មុខ ។ ប្រជុំ​កោះ​មួយ​ចំនួន​ក្នុង​ដែនសមុទ្រ​ខេត្ត​កែប កន្លង​មក​…

ខេត្ត​កែប ៖ ប្រជុំ​កោះ​នៅ​ក្នុង​លម្ហ​សមុទ្រ​នៃ​ខេត្ត​កែប ពិតជា​មាន​ភាព​ស្ងប់ស្ងាត់ ប៉ុន្តែ​នៅ​តាម
កោះ​មួយ​ចំនួន​ក៏​មាន​ប្រជាពលរដ្ឋ​រស់នៅ ដែល​ភាគច្រើន​ប្រកប​របរ​នេសាទ ហើយ​ក្នុង​ចំណោម​កោះ​ទាំងនោះ​នឹង​មានការ​អភិវឌ្ឍ​នា​ពេល​ខាង​មុខ ។

ប្រជុំ​កោះ​មួយ​ចំនួន​ក្នុង​ដែនសមុទ្រ​ខេត្ត​កែប កន្លង​មក​ មាន​ក្រុមហ៊ុន​មួយ​ចំនួន​បាន​មក​សិក្សា​គម្រោង ដើម្បី​ធ្វើការ​អភិវឌ្ឍ​នៅ​លើ​ដែន​កោះ​ទាំងនោះ ប៉ុន្តែ​ក្រុមហ៊ុន​ទាំងនោះ​ក៏​មិន​ទាន់​បាន​កំណត់​កាលបរិច្ឆេទ​ឱ្យ​បាន​ច្បាស់លាស់​នៅឡើយ​ទេ ។ ក្នុង​ពេល​បច្ចុប្បន្ន នៅ​តាម​កោះ​ខ្លះ​ក៏​មាន​ពលរដ្ឋ​រស់នៅ ដែល​ភាគច្រើន​ប្រកប​មុខរបរ​នេសាទ​សមុទ្រ តែ​ពួក​គាត់​ប្រឈម​នឹង​ការ​ខ្វះខាត​ទឹកសាប​ប្រើប្រាស់ ។

ក្នុង​ដែនសមុទ្រ​ខេត្ត​កែប មាន​កោះ​ទាំងអស់​ចំនួន​១២ និង​ថ្ម​ប៉ប្រះ​ទឹក​១ រួម​មាន ៖ ១-​កោះ
ទន្សាយ ២-​កោះត្បាល់ ៣-​កោះ​ស្វាយ ៤-​កោះ​ពោធិ៍ ៥-​កោះ​ម៉ាក់​ប្រាង្គ ៦-​កោះសេះ ៧-​កោះ​អង្ក្រង ៨-​កោះ​ស្វាយព្រៃ ៩-​កោះ​ហាល​ត្រី ១០-កោះ​កា​រ៉ាង ១១-​កោះ​កុក ១២-​កោះ​ម្ទេស និង១៣-​គឺ​ថ្ម​ប៉ប្រះ​ទឹក ។ ក្នុង​ចំណោម​កោះ​ទាំងអស់ ក៏​មាន​កោះ​មួយ​ចំនួន មាន​ប៉ុស្តិ៍​នគរបាល​ការពារព្រំ​ដែនទឹក និង​មាន​ប្រជាពលរដ្ឋ​រស់នៅ ដែល​ភាគច្រើន​ប្រកប​មុខរបរ​នេសាទ ដូច​ជា​កោះទន្សាយ កោះ​ស្វាយ កោះ​ពោធិ៍ កោះសេះ និង​កោះ​កា​រ៉ាងជាដើម ។ខាងក្រោម​នេះ ជា​របាយការណ៍​ជុំវិញ​ស្ថានភាព​កោះ​មួយ​ចំនួន​ក្នុង​ដែនសមុទ្រ​ខេត្ត​កែប ។


កោះទន្សាយ​-​ជា​រមណីយដ្ឋាន​ធម្មជាតិ​ដ៏​ល្អ​ប្រណីត​និង​នៅ​ជិត​ដីគោក ។ កោះ​នេះ មាន​លក្ខណៈ​អំណោយផល​ពី​ធម្មជាតិ ព្រោះ​មាន​ឆ្នេរខ្សាច់​ចំនួន​២​កន្លែង ដែល​មាន​វាល​ខ្សាច់​សក្បុសពី​ធម្មជាតិ អាច​ធ្វើ​ជា​កន្លែង​សម្រាប់​ងូតទឹក​សមុទ្រកម្សាន្ត​សប្បាយ​បាន ។ ទឹកសមុទ្រ​មាន​ជម្រាល​វែង​ហើយ​រាក់ ។ និយាយ​រួម ទឹកសមុទ្រ​នៅ​កោះទន្សាយ​មាន​ជម្រៅ​រាក់ ដោយសារ​តែ​មាន​ឆ្នេរ​នៅ​ព័ទ្ធ​ជុំវិញ​កោះ ហើយ​វា​មាន​ភាព​ជម្រាល​បន្តិចម្តង​ៗ ជា​ហេតុ​ធ្វើ​ឱ្យ​កោះ​នេះ​ក្លាយជា​កន្លែង​សម្រាប់​ការ​ហែល​ទឹក​លេង​កម្សាន្ត ។

ខាងក្រោម​ទឹកសមុទ្រ​មាន​ផ្កាថ្ម សត្វ​សមុទ្រ រុក្ខជាតិ​សមុទ្រ អំណោយផល​ដល់​ការ​ស្រាវជ្រាវ​ពី​ប្រព័ន្ធ​បរិស្ថាន​ចម្រុះ ។នៅ​លើ​កោះ​នេះ​មានផ្ទះ​សំណាក់​ចំនួន ៨ និង​ភោជនីយដ្ឋាន​ចំនួន​៥ បាន​បើក តែ​ចំនួន​នេះ​អាច​មាន​ច្រើន​ទៀត​ព្រោះ​នេះ​ជា​ចំនួន​ដែល​បាន​ដកស្រង់​ក្នុង​ឆ្នាំ​២០២០ ។
ពេល​ថ្ងៃ កោះ​នេះ​អាច​នឹង​មមាញឹក​ខ្លាំង​ជាមួយ​អ្នកទេសចរ​នៅ​ពេល​ថ្ងៃ ដែល​ចាកចេញ​ក្នុង​រង្វង់​ម៉ោង​៤​រសៀល ហើយ​នៅ​ពេល​ថ្ងៃ​លិច​គឺ​មាន​មនុស្ស​តិច​ទេ ដែល​ស្នាក់​នៅ​ពេញ​មួយ​យប់​នៅ​ទីនោះ ។

អគ្គិសនី​មាន​ត្រឹមតែ​ពី​ម៉ោង​៦​ទៅ​ម៉ោង​៩យប់ តាម​រយៈ​ម៉ាស៊ីនភ្លើង ។ ទឹក​មាន​ក្នុង​រយៈពេល​ខ្លី​កំឡុង​ខែប្រាំង (​ធ្នូ​-​មេ​សា​) និង​ទូក​វែង​ៗដែល​មាន​ធុង​ទឹកធំ​ៗ​ផ្គត់ផ្គង់​ភាព​ខ្វះខាត ។ សព្វថ្ងៃ​មាន​ប្រជាជន​មិន​ច្រើន​គ្រួសារ​ទេ​រស់នៅ​លើ​កោះ​នេះ ។ ពួក​គេ​ប្រកប​របរ​នេសាទ​និង​ដាំ​ដើមដូង ។
កោះត្បាល់​-​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​(CDC) បាន​សម្រេច​ចេញ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ ជូន​ដល់​ក្រុមហ៊ុន​របស់​លោកអ្នកឧកញ៉ា ទ្រី ភាព ក្នុង​ការ​ស្នើ​សុំ​អភិវឌ្ឍ​កោះត្បាល់ ស្ថិត​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប ។

ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បាន​សម្រេច​ចុះបញ្ជី​អនុញ្ញាត​ឲ្យ​លោកអ្នកឧកញ៉ា ទ្រី ភាព តាម​រយៈ​ក្រុមហ៊ុន TRY PHEAP KOH TUNSAY RESORTS CO., LTD ដើម្បី​អភិវឌ្ឍន៍​កោះត្បាល់ ដែល​មាន​ទីតាំង​វិនិយោគ​ស្ថិត​នៅ​ភូមិ​កែប សង្កាត់​កែប ក្រុងកែប ក្នុង​ទុន​វិនិយោគ​ចំនួន​១៧​លាន​ដុល្លារ​អា​មេ​រិ​ក និង​អាច​បង្កើត​ការងារ​បាន​ចំនួន​១០៥​កន្លែង ។

លោកអ្នកឧកញ៉ា ទ្រី ភាព ជា​ពាណិជ្ជករ​កំពុង​ឈរជើង​ចាក់​គ្រឹះ​យ៉ាង​រឹង​មាំ​នៅ​ក្នុង​ទឹកដី​ខេត្ត​កែប ខណៈ​ដែល​កន្លង​ទៅ​រាជរដ្ឋាភិបាល​សម្រេច​ផ្តល់​ការ​អនុញ្ញាត​ឲ្យ​ធ្វើការ​អភិវឌ្ឍ​នៅ​តាម​កោះ​ជា​ច្រើន​កន្លែង​រួច​មក​ហើយ ។ឯកឧត្តម សោម ពិសិដ្ឋ អភិបាលខេត្ត​កែប ថ្លែង​ឱ្យ​ដឹង​ថា តាម​រយៈ​ការ​សហការ​គ្នា​រវាង​វិស័យ​រដ្ឋ​និង​ឯកជន ក្នុង​ការ​អភិវឌ្ឍ​នៅ​ខេត្ត​កែប ពិត​ណាស់​នឹង​ជះ​ឥទ្ធិពល​ជា​វិជ្ជមាន​សម្រាប់​វិស័យ​ទេសចរណ៍ និង​សេដ្ឋកិច្ច​របស់​ខេត្ត​កែប ដើម្បី​លើកកម្ពស់​ជីវភាព​របស់​ប្រជាពលរដ្ឋ​មូលដ្ឋា​ន ដែល​អាច​ផ្តល់​កន្លែង​ការងារ សំដៅ​កាត់បន្ថយ​ការ​ធ្វើ​ចំណាកស្រុក ។ ដូចនេះ ការ​ធ្វើ​ឱ្យ​គម្រោង​លេច​ចេញ​ជា​រូបរាង​ឡើង គឺជា​រឿង​ដែល​យើង​ខិតខំ​បន្ត ។

កោះត្បាល់ ជា​កោះ​ធម្មជាតិ​មួយ​ដែល​មាន​ចម្ងាយ​ប្រហែល​៦​គីឡូម៉ែត្រ​ពី​ក្រុងកែប និង​ធ្វើ
ដំណើរ​តាម​ទូក​ប្រមាណ​ពី​៣៥​ទៅ​៤៥​នាទី​។ កោះត្បាល់​ក៏​នៅ​ជាប់​នឹង​កោះទន្សាយ ដែល​ស្ថិត​ក្នុង​គម្រោង​អភិវឌ្ឍន៍​របស់​ក្រុមហ៊ុន ទ្រី ភាព ផង​ដែរ ដោយ​មាន​ចម្ងាយ​ពី​គ្នា តែ​១,៥​គីឡូម៉ែត្រ​ប៉ុណ្ណោះ ។
កោះ​ហាល​ត្រី​-​ជា​កោះ​ធម្មជាតិ​មួយ​ស្ថិតក្នុង​ប្រជុំ​កោះ​ពោធិ៍ និង​កោះទន្សាយ ដែល​មានទេសភាព​យ៉ាង​ស្រស់បំព្រង អម​ដោយ​ខ្យល់​អាកាស​បរិសុទ្ធ ទឹកសមុទ្រ​ថ្លាឈ្វេង រួម​ទាំង​ព្រៃឈើ​ខៀវស្រងាត់ លាយឡំ​ជាមួយនឹង​ទេសភាព​កោះ​ដទៃ​ទៀត​ព័ទ្ធ​ជុំវិញ ក្លាយជា​ទស្សនីយភាព​ដ៏​សែន​មនោ​រម្យ​សម្រាប់​ភ្ញៀវ​ទេសចរ​មក​លំហែ​អារម្មណ៍​តាម​ឆ្នេរ គយគន់​ព្រះអាទិត្យ​ពេល​អស្ដង្គត ឬ​ជិះទូក​ស្ទូចត្រី​លេង​កម្សាន្ត​ជាដើម ។

យើង​អាច​ធ្វើ​ដំណើរ​ចេញពី​ក្រុងកែប​ដោយ​ត្រូវ​ចំណាយពេល​ប្រមាណ ៣៥​ទៅ​៤៥​នាទី​តាម
រយៈ​ទូក ឬ​កាណូត​ទេសចរណ៍​ដែល​សំចត​ចាំ​ភ្ញៀវ​ទេសចរ​ព្រោងព្រាត ។កោះសេះ​-​ជា​កោះ​ដែល​មាន​សក្តានុពល​ផ្នែក​ទេសចរណ៍ ដោយសារ​តែ​កោះ​នេះ​ស្ថិត​នៅ​ក្បែរ​កោះត្រល់ ។ កោះ​នេះ​មាន​វិសាលភាព​ទំហំ​៥០០​ហិ​កតា ហើយ​សព្វថ្ងៃ​ពុំ​ទាន់​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ច្រើន​ទៅ​កម្សាន្ត​នៅ​ទីនោះ​នៅឡើយ​ទេ ។

ប៉ុន្តែ​ប្រសិនបើ​បងប្អូន​មាន​បំណង​ចង់ទៅ​កម្សាន្ត បងប្អូន​អាច​ទៅ​កំពង់​ផែ​កោះ​ខ្យង​របស់​ខេត្ត​ព្រះ
សីហ​នុ រួច​សុំ​ទូក​ដែល​មាន​ទិស​ដៅ​ទៅ​កោះ​ថ្មីដើម្បី​ជូន​ទៅ​កោះសេះ ព្រោះ​កោះ​ថ្មី ខេត្ត​ព្រះ​សី​ហនុមាន​ចម្ងាយ​ជិត​កោះសេះ​របស់​ខេត្ត​កែប​ដែល​ពី​មុន​ស្ថិត​ក្នុង​រដ្ឋបាល​គ្រប់គ្រង​របស់​ខេត្ត
កំពត ។កោះ​ពោធិ៍​-​ជា​កោះ​មួយ​ដែល​មាន​ទេសភាព​ស្រស់​ស្អាត អាច​ត្រូវ​នឹង​ចំណូលចិត្ត​ភ្ញៀវ​ទេសចរ ដែល​និយម​គោលដៅ​អេកូ​ទេសចរណ៍ ហើយ​វា​ក៏​មាន​ឆ្នេរ​ខ្សាច់​ល្អ​ប្រកបដោយ​ភាព​ស្ងប់
ស្ងាត់​ផង​ដែរ ។ កោះ​នេះ​លម្អ​ដោយ​ឆ្នេរ​ខ្សាច់​ពណ៌​ពងមាន់ ព័ទ្ធ​ជុំវិញ​ដោយ​ព្រៃឈើ​ពណ៌​បៃ
តង​ស្រស់ ។កោះ​ពោធិ៍ គឺជា​ភូមិករ​របស់​អ្នកនេសាទ​ប្រមា​ណ​ជាង​៥០​គ្រួសារ ដែល​រស់នៅ​យ៉ាង​ស្ងាត់ស្ងៀម​លើ​កោះ​ក្នុងភូមិ​សាស្ត្រ​ខេត្ត​កែប​នេះ ។ វា​ក៏​ដូចនឹង​សហគមន៍​អ្នកនេសាទ​ឯទៀត​ដែរ អ្នក​ភូមិ​កោះ​ពោធិ៍​រស់នៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ និង​សកម្ម​ក្នុង​អាជីព​ជា​អ្នកនេសាទ ។

ប្រជាជន​នៅ​លើ​កោះ​ពោធិ៍ ១០០% គឺជា​អ្នកនេសាទ ពួក​គាត់​ពុំដែល​ចាក​ចេញពី​មហាសាគរ​ទៅ​រក​ដីគោក​ឡើយ ។ ទីនោះ​ពុំ​មាន​សាលារៀន​សម្រាប់​កុមារ គ្មាន​មន្ទីរពេទ្យ ហើយ​ក៏​គ្មាន​អគ្គិ
ស​នី​ប្រើប្រាស់​ដែរ ។ អ្វី​ដែល​ខ្វះ​នោះ​គឺ​ទឹកសាប​ប្រើប្រាស់ តែបើ​រដូវ​រាំង​ស្ងួត​មិន​វែង​ហើយ​ធ្លាក់​ភ្លៀង នោះ​ពួក​គាត់​តែង​ត្រងទឹក​ភ្លៀង​ទុក​ហូប​និង​ប្រើប្រាស់ តែ​ឆ្នាំ​កន្លង​មកនេះ​ខណៈ​ការ​រាំង​ស្ងួត​អូស​បន្លាយ ប្រជាពលរដ្ឋ​បាន​ប្រឈម​នឹងការ​ខ្វះ​ទឹក ហើយ​អាជ្ញាធរ​បាន​ដឹក​ទឹក​ទៅ​ចែក​និង​មួយ​ចំណែក​បាន​ទិញ​ទឹកសាប​ដែល​គេ​ដឹក​លក់ ។ជា​ភូមិ​ដាច់​ស្រយាល​ដែល​មាន​ចម្ងាយ​ប្រមា​ណ​១០​គីឡូម៉ែត្រ​ពី​ក្រុងកែប ទី​នេះ​គឺជា​ករណី​ពិសេស​នៅ​ជុំវិញ​មហាសាគរ​នៃ​ខេត្ត​កែប ។ ដើម្បីទៅ​ដល់​កោះ​ពោធិ៍​គឺ ត្រូវធ្វើ​ដំណើរ​២​ម៉ោង ទាំង​ទៅ​ទាំង​មក​ដោយ​ជិះទូក ។

កោះ​ម្ទេស​-​ជា​កោះ​ធម្មជាតិ​មួយ​ស្ថិត​នៅ​ក្នុង​ចំណោម​កោះ​ដទៃ​ទៀត​នៃ​ប្រជុំ​កោះ​ពោធិ៍ និង​កោះទន្សាយ ដែល​មាន​ទេសភាព​ដ៏​ស្រស់​ត្រ​កាលពី​ធម្មជាតិ លម្អ​ជុំវិញ​ដោយ​ទឹកសមុទ្រ​ថ្លាយង់ ។ ខ្យល់អាកាស​ដ៏​បរិសុទ្ធ​ពី​សមុទ្រ បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ដែល​មក​កម្សាន្ត​បាន​ធូរស្បើយ​អស់​ទុក្ខ​កង្វល់​ទាំងឡាយ​ក្នុង​កាយា ។

ជា​ទូទៅ គេ​សង្កេត​ឃើញ​មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​និយម​ចូល​ចិត្ត​ទៅ​ស្ទូចត្រី​លេង​កម្សាន្ត​នៅ​កោះ​ម្ទេស​ផង​ដែរ ។ ម្យ៉ាងទៀត កោះ​នេះ​ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​បញ្ចូល​ជាមួយនឹង​កោះ​ដទៃ​ទៀត ជា​តំបន់​អភិរក្ស​ជីវចម្រុះ​ក្នុង​សមុទ្រ​ទៀត​ផង ។ បើ​យើង​ធ្វើ​ដំណើរ​ពី​ក្រុងកែប ត្រូវ​ចំណាយពេល​ប្រមាណ ៣៥​ទៅ​៤៥​នាទី តាម​រយៈ​ទូក ឬ​កាណូត​ទេសចរណ៍ ដែល​សំចត​ចាំ​បម្រើ​ទេសចរ​យ៉ាងច្រើន​នៅ​ផែ​ក្រុងកែប ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ