ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា និងចិនប្រកាសបើកច្រករបៀងវប្បធម៌រួមគ្នា ដើម្បីជំរុញទេសចរណ៍

2 ខែ មុន
  • ភ្នំពេញ

ច្រករបៀង​វប្បធម៌​កម្ពុជា​-​ចិន​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ចិន​បាន​ប្រកាស​បើក​រួម​គ្នា នៅ​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៤ ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​ប្រទេស​ចិន ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត​ដែល​ជាប់​ដង​ទន្លេមេគង្គ​-​ឡាន​ឆាង ។ ពិធី​បើក​ច្រករបៀង​វប្បធម៌​កម្ពុជា​-​ចិន​នេះ…

ច្រករបៀង​វប្បធម៌​កម្ពុជា​-​ចិន​ត្រូវ​បាន​រដ្ឋាភិបាល​នៃ​ប្រទេស​កម្ពុជា និង​ចិន​បាន​ប្រកាស​បើក​រួម​គ្នា នៅ​ថ្ងៃ​ទី​០៦ ខែសីហា ឆ្នាំ​២០២៤ ដើម្បី​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យមក​ទស្សនា​ប្រទេស​ចិន ប្រទេស​កម្ពុជា និង​ប្រទេស​ផ្សេង​ទៀត​ដែល​ជាប់​ដង​ទន្លេមេគង្គ​-​ឡាន​ឆាង ។

ពិធី​បើក​ច្រករបៀង​វប្បធម៌​កម្ពុជា​-​ចិន​នេះ ត្រូវ​បាន​រៀបចំ​ឡើង​ក្រោម​ប្រធានបទ​«​ជំនួប​បេតិកភណ្ឌ​ពិភពលោក ពួតដៃ​អរិយធម៌​ក្នុង​ការ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​» នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ ដោយ​លោក ឈាង លាង រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង លោក ស៊ា យុន​ហា​យ (XIA Yunhai) អគ្គនាយករង​នៃ​អគ្គនាយកដ្ឋាន​ផ្សព្វផ្សាយ​អន្តរជាតិ​នៃ​ការិយាល័យ​កិច្ចការ​ព័ត៌មាន​ក្រុមប្រឹក្សា​កិច្ចការរដ្ឋ​ចិន ។

ច្រករបៀង​វប្បធម៌​ចិន​-​កម្ពុជា នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​សៀមរាប​អង្គរ​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​នៅ​ក្នុង​តំបន់​ចេញដំណើរ​សម្រាប់​អ្នកដំណើរ​អន្តរជាតិ​នៃ​អាកាសយានដ្ឋាន​រួម​មាន ៖ ពិព័រណ៍​រូបថត​ក្រោម​ប្រធានបទ «​ជំនួប​បេតិកភណ្ឌ​ពិភពលោក​ពួតដៃ​អរិយធម៌​ក្នុង​ការ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​» និង​តំបន់​ពិព័រណ៍​បែប Static ជាដើម ។

ក្នុង​នោះ​ការ​តាំងពិព័រណ៍​រូបថត​រួម​មាន រូបថត​ដ៏​ស្អាត​ប្រណីត​ចំនួន​១០០​សន្លឹក ដែល​ភាគច្រើន​ពាក់ព័ន្ធ​នឹង​ប្រទេស​ចិន និង​កម្ពុជា ហើយ​គ្របដណ្តប់​ប្រទេស​ទន្លេមេគង្គ​ផ្សេង​ៗ​ទៀត ។ តំបន់​ពិព័រណ៍​បែប Static ផ្តោត​លើ​ប្រធានបទ​សំខាន់​ចំនួន​៣ គឺ «​ប៉ាក់​» «​ចម្លាក់​» និង «​ពណ៌​ចម្រុះ​» ដែល​ដាក់​តាំង​បង្ហាញ​ពី​បេតិកភណ្ឌ​វប្បធម៌​អរូបី​របស់​ខេត្ត​យូ​ណា​ន​ប្រទេស​ចិន និង​ប្រទេស​កម្ពុជា ។

លោក ង៉ូ​វ សេង​កាក់ អភិបាលរង​ខេត្តសៀមរាប បានឱ្យ​ដឹង​ថា ការ​រៀបចំ​ព្រឹត្តិការណ៍​នេះ​នឹង​ជួយ​ផ្សព្វផ្សាយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ឱ្យ​មានការ​យល់​ដឹង​កាន់តែ​ស៊ីជម្រៅ និង​ទូលំទូលាយ​អំពី​វប្បធម៌​ដ៏​ចំណាស់ និង​សម្បូរ​បែប​របស់​កម្ពុជា និង​ចិន ។ លោក​ជឿជាក់​ថា កិច្ច​សហប្រតិបត្តិការ​នេះ​នឹង​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា ការ​រួមចំណែក​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្តសៀមរាប ។

លោក​អភិបាលរង​ខេត្ត​បាន​ចាត់​ទុក​ច្រករបៀង​វប្បធម៌​កម្ពុជា​-​ចិន គឺជា​សក្ខីកម្ម​យ៉ាង​រស់​រវើក​នៃ​ចំណងមិត្តភាព​ដ៏​រឹង​មាំ​រវាង​ប្រទេស​កម្ពុជា និង​ចិន ហើយនឹង​ក្លាយជា​ស្ពាន​មិត្តភាព​ដែល​ត​ភ្ជាប់​ប្រជាជន​ទាំង​ពីរ និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ​ក៏​ដូច​ជា ខេត្តសៀមរាប​និង​ខេត្ត​យូ​ណា​ន ។

ក្រសួងទេសចរណ៍​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ចំណោម​ភ្ញៀវ​ទេសចរ​បរទេស​៣,៦ លាន​នាក់​ដែល​ចូល​មក​ទស្សនា​ប្រទេស​កម្ពុជា ភ្ញៀវ​ទស​ចរ​ជនជាតិ​ចិន មាន ១២,៣ ភាគរយ​ឫ​ប្រមាណ​ជា ៣៨៩.៣៦០ នាក់ កើនឡើង​៤៥,២​ភាគរយ នៅ​ក្នុង​រយៈពេល ៦ ខែ​នៃ​ឆ្នាំ​២០២៤ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ