ទីក្រុងព្យុងយ៉ាង៖ ភ្នាក់ងារស៊ើបការណ៍សម្ងាត់បរទេសអះអាងថាប្រមុខដឹកនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ប្រហែលជាធ្លាក់ខ្លួនឈឺធ្ងន់ធ្ងររហូតដល់ធ្វើការលែងកើតផងក៏មិនដឹង។ មូលហេតុដែលគេគិតដូច្នេះដោយសារគាត់កំពុងប្រញឹកដៃក្នុងការបណ្ដុះបណ្ដាលកូនស្រីរបស់គាត់ដើម្បីត្រៀមដឹកនាំប្រទេសកូរ៉េខាងជើង។ ទីភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងរាយការណ៍ជូនរដ្ឋសភាថាលោកគីមជុងអ៊ុនកំពុងត្រៀមដាក់កូនស្រីជំទង់របស់ខ្លួនដើម្បីកាន់តំណែងបន្តនៅពេលលោកស្លាប់ទៅ។

កូនស្រីលោកគីមជុងអ៊ុនឈ្មោះគីមជូអេ (Kim Ju Ae) ដែលគេមិនទាន់ដឹងច្បាស់ថានាងមានអាយុប៉ុន្មានពិតប្រាកដទេ។ គេឃើញនាងអមដំណើរជាមួយឪពុកទៅចូលរួមពិធីសំខាន់ៗជាច្រើន។ ហេតុនេះហើយក៏មានពាក្យចចាមអារ៉ាមថាលោកគីមជុងអ៊ុនទំនងជាសម្លឹងឃើញកូនស្រីម្នាក់នេះជាអ្នកស្នងតំណែង។ អ្នកតំណាងរាស្ត្រកូរ៉េខាងត្បូង លោកស្រីលីសឹងឃ្វីន (Lee Seong-kweun) ថ្លែងថាភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងគិតថាកូនស្រីរូបនេះអាចនឹងក្លាយជាអ្នកកាន់អំណាចបន្តពីឪពុក។

លោកស្រីតំណាងរាស្ត្ររូបនេះថ្លែងប្រាប់អ្នកសារព័ត៌មានថារដ្ឋាភិបាលទីក្រុងព្យុងយ៉ាងកំពុងបង្ហាត់បង្រៀនកូនស្រីរបស់លោកគីមជុងអ៊ុនដើម្បីក្លាយជាទាយាទនយោបាយ។ ដូច្នេះ វាជាការបញ្ជាក់ច្បាស់ថាកូនស្រីរូបនេះជាអ្នកស្នងតំណែងបន្តពីឪពុក។ ភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងក៏បានថ្លែងនៅក្នុងរដ្ឋសភាផងដែរថាលោកគីមជុងអ៊ុនឥឡូវនេះកំពុងធាត់ដុះក្បាលពោះ និងឡើងទម្ងន់ខ្លាំងមែនទែនរហូតដល់១៤០គីឡូក្រាមឯណោះ។ ដូច្នេះ គាត់ប្រឈមនឹងជំងឺបេះដូង។

មេដឹកនាំវ័យ៤០ឆ្នាំរូបនេះល្បីថាជាមនុស្សល្មោភផឹក និងល្មោភជក់។ ម៉្យាងទៀត ពូជអម្បូររបស់គាត់ធ្លាប់មានប្រវត្តិកើតជំងឺបេះដូង។ ដូច្នេះ កត្តាទាំងនេះអាចបានជាតម្រុយថាគាត់ពិបាកនឹងគេចផុតពីជំងឺដ៏កាចសាហាវនេះណាស់។ ឪពុករបស់គាត់ និងជីតារបស់គាត់សុទ្ធតែស្លាប់នឹងនឹងជំងឺគាំងបេះដូង ឬជំងឺដែលពាក់ព័ន្ធនឹងបេះដូង។ តាមដឹងមកថាលោកគីមមានជំងឺលើសសម្ពាធឈាម និងទឹកនោមផ្អែមមិនមែនទើបតែនៅពេលនេះទេ ប៉ុន្តែតាំងពីគាត់មានអាយុ៣០ឆ្នាំប្លាយឯណោះ។ ខាងលើនេះជាអ្វីដែលលោកស្រីលីសឹងឃ្វីននិយាយយោងទៅលើការរ៉ាយរ៉ាប់របស់ភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូង។

តាមមើលទៅ លោកគីមប្រហែលជាប្រើប្រាស់ថ្នាំនៅក្នុងស្រុកមិនសូវកាក់កបប៉ុន្មានឡើយ។ ឥឡូវនេះ កូរ៉េខាងជើងកំពុងស្វះស្វែងរកទិញឱសថពីប្រទេសលោកខាងលិចដើម្បីព្យាបាលជំងឺរបស់លោកគីមជុងអ៊ុន។ ភ្នាក់ងារសម្ងាត់កូរ៉េខាងត្បូងយល់ថាអាចនឹងមានករណីដែលកូរ៉េខាងជើងជ្រើសរើសកូនរបស់លោកគីមជុងអ៊ុនដទៃទៀតដើម្បីស្នងតំណែង។

លោកគីមមានកូនបីនាក់ជាមួយភរិយារបស់គាត់បច្ចុប្បន្នគឺលោកស្រីរីសូលជូ (Ri Sol Ju)។ គាត់មានកូនស្រីពីរនាក់ និងកូនប្រុសម្នាក់។ គ្រាន់តែថាកាលពីពេលកន្លងមក របបក្រុងព្យុងយ៉ាងបញ្ចេញតែកូនស្រីដែលលោកគីមឧស្សាហ៍យកដើរជាមួយតែប៉ុណ្ណោះ។ ចំណែកកូន២នាក់ទៀតពុំដែលប្រកាសជាសាធារណៈទេ។ កូនស្រីលោកគីមឈ្មោះគីមជូអេលេចមុខជាលើកដំបូងកាលពីឆ្នាំ២០២២។ បញ្ហាសុខភាពរបស់លោកគីមជុងអ៊ុនធ្វើឱ្យមជ្ឈដ្ឋានជាតិ និងអន្តរជាតិតាមដានដោយយកចិត្តទុកដាក់។

គេបារម្ភថាបើនៅសុខៗលោកគីមទទួលអនិច្ចកម្មទាំងកណ្ដាលទីដោយមិនទាន់បានផ្ដែផ្ដាំ ឬតែងតាំងអ្នកស្នងតំណែងជាផ្លូវការ និងជាលាយលក្ខណ៍អក្សរ ស្រុកទេសអាចនឹងជ្រួលច្របល់ព្រោះមិនដឹងថានរណាមានសិទ្ធិដោយស្របច្បាប់ដើម្បីឡើងកាន់អំណាចបន្ត? តើអ្នកកាន់អំណាចបន្តនឹងអភិវឌ្ឍកម្មវិធីនុយក្លេអ៊ែរបន្តពីលោកគីមជុងអ៊ុនឬយ៉ាងណា? ទាំងនេះសុទ្ធតែជាសេណារីយោដែលគេកំពុងតែគិត។ នេះបើយោងតាមការចុះផ្សាយរបស់គេហទំព័រអេប៊ីស៊ីអូស្ត្រាលី និងប្រភពដទៃទៀត៕
ចែករំលែកព័តមាននេះ