ទីក្រុងម៉ូស្គូ៖ មានហេតុការណ៍រថភ្លើងបើកបុករថយន្តធុនធំ (ឡានទ្រុង) នៅប្រទេសរុស្ស៊ីបណ្ដាលឱ្យរងរបួសមនុស្សយ៉ាងតិច១៤០នាក់។ រថភ្លើងមួយគ្រឿងនោះដឹកអ្នកដំណើរ៨០០នាក់, បើកសុខៗក៏បុកឡានទ្រុងពេញមួយទំហឹងបណ្ដាលឱ្យទូរថភ្លើងយ៉ាងតិចក៏៨ដែរបានផ្អៀងទៅជ្រុងម្ខាងៗ។ នេះបើយោងតាមការបញ្ជាក់ឱ្យដឹងពីអាយស្ម័យយានរបស់រុស្ស៊ី។
រថភ្លើងនោះចាកចេញដំណើរពីប្រទេសកាហ្សាក់ស្ថាននៃសមុទ្រខ្មៅតម្រង់ចូលទៅប្រទេសរុស្ស៊ីក៏ជួបនឹងគ្រោះថ្នាក់នេះតែម្ដង។ អ្នកបើករថភ្លើងខំប្រឹងចាប់ហ្វ្រាំងពេញមួយទំហឹងនៅពេលគាត់ឃើញឡានទ្រុងបើកលឹមៗពីចម្ងាយ។ អ្នកបើកឡានទ្រុងនោះបានប្រព្រឹត្តកំហុសដ៏ធំមួយ។ គាត់បើកបំពានច្បាប់ចរាចរណ៍ និងបើកឆ្លងកាត់ផ្លូវរថភ្លើងដោយឥតខ្លាចញញើតអ្វីទាំងអស់។ បុគ្គលិកមើលផ្លូវរថភ្លើងក៏បានបង្ហាញសញ្ញាគ្រោះថ្នាក់ទៅអ្នកបើកបរឡានទ្រុងនោះដែរ ប៉ុន្តែគាត់នៅតែបំពាន។
រថភ្លើងបើកបុកឡានទ្រុងនៅពេលនោះគឺបើកបុកមួយទំហឹងតែម្ដងនៅក្នុងល្បឿន៦៥គីឡូម៉ែត្រក្នុង១ម៉ោង។ ចំណុចកើតហេតុនោះនៅត្រង់ចំណុចស្ថានីយឈប់សំចត១កន្លែងស្ថិតនៅតំបន់វ៉ុលហ្គោក្រាតខាងត្បូង (Volgograd) ចម្ងាយ១២០០គីឡូម៉ែត្រពីទីក្រុងម៉ូស្គូ។ អាយស្ម័យយានប្រទេសរុស្ស៊ីបានចេញសេចក្ដីប្រកាសថាមនុស្សប្រហែល១៤០នាក់ទទួលរងរបួសដាច់រលាត់ស្បែក និងមានស្នាមជាំនៅលើស្បែក។ នៅក្នុងចំណោមនោះ មនុស្ស១៥នាក់របួសខ្លាំងគួរសមដល់ថ្នាក់បញ្ជូនទៅមន្ទីរពេទ្យ។
អ្នកបើកឡានទ្រុងកាំម៉ាស់ (Kamaz) ត្រូវខ្ទាតចម្ងាយ១៥ម៉ែត្រពីកន្លែងកើតហេតុ ហើយរងរបួសយ៉ាងធ្ងន់ធ្ងរ។ នេះបើយោងតាមការប្រកាសនៅលើបណ្ដាញតេឡេក្រាមដែលបង្ហាញរូបវីឌីអូនៅកន្លែងកើតហេតុ។ គេឃើញឡានទ្រុងខូចខាតផ្នែកខាងមុខ និងឃើញបុរសម្នាក់ប្រហែលជាតៃកុងឡានកាំម៉ាស់នោះហើយមើលទៅ។ ផ្ទៃមុខរបស់គាត់ប្រឡាក់សុទ្ធតែឈាម។
តាមរយៈវីឌីអូដែលផ្សព្វផ្សាយដោយទីភ្នាក់ងារព័ត៌មានរបស់រដ្ឋរុស្ស៊ីឈ្មោះតាស់ (TASS) គេឃើញថាទូរថភ្លើងខ្លះមិនត្រឹមតែផ្អៀងទៅម្ខាងៗទេ ថែមទាំងកំពិតចូលគ្នាតែម្ដង។ ពីដំបូងដៃ មានសេចក្ដីរាយការណ៍ថាហេតុការណ៍នេះបណ្ដាលឱ្យមនុស្ស២នាក់ស្លាប់។ ប៉ុន្តែក្រោយមកទៀត គេបានពិនិត្យផ្ទៀងផ្ទាត់ទៅឃើញថាព័ត៌មាននេះមិនមែនជាការពិតទេ។
មន្ត្រីផ្លូវការរបស់រដ្ឋាភិបាលរុស្ស៊ីមិនបានប្រកាសជាផ្លូវការថាមានមនុស្សស្លាប់នៅក្នុងហេតុការណ៍នេះទាល់តែសោះ។ ក្រសួងសង្គ្រោះបន្ទាន់នៃប្រទេសរុស្ស៊ីអះអាងថាទីភ្នាក់ងារផ្នែកពន្លត់អគ្គិភ័យ និងសង្គ្រោះបន្ទាន់កំពុងខិតខំគាស់ទូររថភ្លើងដើម្បីរំដោះមនុស្សចេញមកខាងក្រៅ។ ក្រសួងបញ្ជាក់បន្ថែមទៀតថាទូររថភ្លើងសរុបចំនួន៩ដែលផ្អៀងទៅម្ខាងៗ៕
ចែករំលែកព័តមាននេះ