រាជធានីភ្នំពេញ ៖ រថយន្តដឹកស៊ីទែនទឹក មួយបានបើកឡើងចំណោទមិនរួចហើយ រអិលថយក្រោយ វិញទៅបុករបងថ្មព្រំដី និងកន្លែងលក់ផ្លែឈើដាក់តាំងលក់ និងបុកចូលផ្ទះរងការខូចខាត តែសំណាងពុំបណ្តាលអោយមនុស្សរងគ្រោះថ្នាក់ ។
ហេតុការណ៍នេះបង្កអោយភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៣និង៣០នាទីរសៀលថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៤ ស្ថិតនៅតាមបណ្តោយផ្លូវ៩៩ ផ្លូវបេតុងអតីតផ្លូវរថភ្លើង(ផ្ទះក្រហម) ក្នុងសង្កាត់ទួលសង្កែទី០១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
រថយន្តបង្កគ្រោះថ្នាក់ដឹកស៊ីទែនទឹក ពាក់ស្លាកលេខ ភ្នំពេញ 3C-5313 បើកបរដោយបុរសម្នាក់ និងរួមដំណើរដោយបុរសម្នាកទៀត ។
តាមម្ចាស់ផ្ទះ បានអោយដឹងថា មុនកើតហេតុ ខណៈពេល ដែលគាត់ឈរមុខផ្ទះរថយន្តដឹកស៊ីទែនទឹក មួយគ្រឿងខាងលើ ធ្វើដំណើរតាមផ្លូវ៩៩ យ៉ាងលឿង ក្នុងទិសដៅពីលិចទៅកើត ឡើងផ្លូវបេតុងដែលជាអតីតផ្លូវរថភ្លើង ក្នុងស្ថានភាពចោទ ខណៈឡើងចំណោទជិតផុតទៅហើយ ក៏ស្រាប់តែរថយន្តបានរអិលថយក្រោយ វិញជ្រុលមកឆ្វេងដៃ ទៅបុកបាក់របងថ្មព្រំដី ហើយបានកិនកម្ទេចផ្លែប័រ ដែលដាក់លក់ខាងមុខផ្ទះរបស់គាត់ ។
តាមព័ត៌មានបានអោយដឹងទៀតថា នៅពេលនោះ រថយន្តក៍ជ្រុលទៅបុកចូលផ្ទះ បណ្តាលអោយទ្វាររងការខូខាត់ស្ទើរតែទាំងស្រុង តែមិនបង្កអោយមនុស្សរងរបួសនោះឡើយ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចនគរបាលជំនាញចរាចរណ៏ បានមកដល់កន្លែងកើតហេតុហើយភាគីតំណាងរថយន្តដឹកស៊ីទែនទឹក មកដោះស្រាយ ដោយសម្របសម្រួលសងការខូចខាតដើម្បីបញ្ចប់រឿង ៕







ចែករំលែកព័តមាននេះ