ទីក្រុងហាណូយ៖ លោកតូឡាម ដែលជាប្រធានាធិបតីវៀតណាម បានទទួលយកភារកិច្ច និងតួនាទីទាំងអស់របស់លោកង្វៀនហ៊្វូជុងក្នុងនាមជាអគ្គលេខាបក្ស និងដែលទើបតែទទួលអនិច្ចកម្មនៅរសៀលនៅម៉ោង១:៣៨រសៀលថ្ងៃសុក្រ។ តាមពិត ការផ្ទេរភារកិច្ច និងតួនាទីនេះធ្វើឡើងតែបន្តិចប៉ុណ្ណោះមុនពេលលោកង្វៀនហ៊្វូជុងទទួលអនិច្ចកម្ម។

លោកតូឡាមឡើងកាន់តំណែងជាប្រធានាធិបតីវៀតណាមកាលពីខែឧសភា ឆ្នាំ២០២៤ ហើយថ្មីៗបំផុតនេះលោកទទួលការតែងតាំងជាអគ្គលេខាបក្សស្ដីទី។ លោកជាមនុស្សដ៏មានឥទ្ធិពលខ្លាំងខាងចាត់ចែងកិច្ចការបក្ស កិច្ចការសន្តិសុខផ្ទៃក្នុង និងកិច្ចការនយោបាយ។ នៅក្នុងសម័យអន្តរកាលនេះ លោកតូឡាមមានភារកិច្ចមើលការខុសត្រូវរាល់ប្រតិបត្តិការ និងការប្រព្រឹត្តទៅនៃគណៈមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម មើលការខុសត្រូវលើការិយាល័យនយោបាយ និងលេខាធិការដ្ឋាន។

លោកតូឡាមឥឡូវនេះមានភារកិច្ចចាត់ចែងការត្រៀមរៀបចំមហាសន្និបាតលើកទី១៤របស់បក្សដែលនឹងប្រព្រឹត្តទៅនៅខែមករា ឆ្នាំ២០២៦។ បន្ទាប់ពីវៀតណាមឆ្លងកាត់ដំណាក់កាលប្រកួតប្រជែងអំណាចគ្នា មានការដកហូតមុខតំណែង និងការចុះចេញពីតំណែងជាហូរហែរួចមក ដល់ពេលដែលលោកតូឡាមចូលមកកាច់ចង្កូតជោគវាសនាអនាគតរបស់ជាតិវិញម្ដងចាប់ពីពេលនេះរហូតដល់ដើមឆ្នាំ២០២៦។ គិតទៅមានរយៈពេលប្រហែល១៧ខែទៅមុខទៀត។

បើលោកតូឡាមអាចមានឱកាសឈោងចាប់យកតំណែងអគ្គលេខាធិការបក្សពេញសិទ្ធិនៅក្នុងមហាសន្និបាតបក្សលើកទី១៤នោះ គេគិតថាលោកនឹងក្លាយជាមនុស្សដ៏មានឥទ្ធិពលខ្លាំងមែនទែន។ គណៈមជ្ឈិមបក្សអាចនឹងជួយសម្រួលលក្ខខណ្ឌមួយចំនួនដើម្បីកុំឱ្យស្មុគស្មាញពេក ហើយអាចនឹងបោះឆ្នោតជ្រើសរើសសមាជិកការិយាល័យនយោបាយ និងអគ្គលេខាធិការបក្សនៅក្នុងគ្រានោះ។ លោកតូឡាមមានស្នាដៃច្រើនកាលពីពេលលោកកាន់តំណែងជារដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈ។ លោកបានចូលរួមនៅក្នុងយុទ្ធនាការបោសសម្អាតអំពើពុករលួយដែលដឹកនាំដោយផ្ទាល់ដោយលោកង្វៀនហ៊្វូជុង។

ឥឡូវនេះ គេសម្លឹងឃើញមនុស្សសំខាន់២នាក់ដែលអាចនឹងមានឱកាសឈោងចាប់យកតំណែងអគ្គលេខាធិការបក្ស។ ទី១-លោកតូឡាម និងទី២-លោកផាំមិញជិញ។ លោកទាំង២មានអាយុ៦៥ឆ្នាំដូចគ្នា និងមានលក្ខណៈសម្បត្តិប្រហាក់ប្រហែលគ្នា។ លោកតូឡាមខ្លាំងខាងផ្នែកកិច្ចការបក្ស និងសន្តិសុខជាតិ រីឯលោកផាំមិញជិញខ្លាំងផ្នែកសេដ្ឋកិច្ច និងការអភិវឌ្ឍជាតិ។

សម្រាប់ពេលបច្ចុប្បន្ននេះ ទោះបីលោកង្វៀនហ៊្វូជុងបានលាចាកលោកនេះទៅហើយក្ដី, ប៉ុន្តែនយោបាយជាតិ និងនយោបាយការបរទេសរបស់វៀតណាមប្រហែលជារក្សាទុកដូចដើមទាំងអស់ គ្មានអ្វីប្រែប្រួលទេ។ លោកង្វៀនហ៊្វូជុងដែលមានវ័យ៨០ឆ្នាំត្រូវគេចាប់អារម្មណ៍អំពីបញ្ហាសុខភាពរបស់លោកចុះទ្រុឌទ្រោមខ្លាំងជាយូរមកហើយ។

លោកបង្ហាញមុខជាលើកចុងក្រោយកាលពីថ្ងៃទី២០ ខែមិថុនានៅពេលទទួលស្វាគមន៍ដំណើរទស្សនកិច្ចរបស់លោកពូទីននៅទីក្រុងហាណូយ។ មុនពេលលោកទទួលមរណភាព មន្ត្រីកំពូលៗរបស់វៀតណាមទាំងនៅក្នុងជួរបក្ស និងជួររដ្ឋាភិបាលបានលះបង់កម្លាំងកាយចិត្តនៅបម្រើលោកនៅនាទីចុងក្រោយ។ ពួកគេប្រមូលក្រុមអ្នកជំនាញ និងគ្រូពេទ្យល្បីៗដើម្បីព្យាបាលជំងឺឱ្យអស់ពីលទ្ធភាព។ ប៉ុន្តែសង្ខាររបស់មនុស្សពិតជាមិនទៀងមែន។ លោកក៏បានលាចាកលោកនេះទៅ៕
ចែករំលែកព័តមាននេះ