ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​បញ្ជា​ឱ្យ​ស្ថាប័ន​ពាក់​ព័ន្ធ​សកម្ម​នៅ​ក្នុង​សំណុំ​រឿង​ស្លា.ប់​ជន​ជាតិ​ខ្លួន​នៅ​ប្រទេស​ថៃ

5 ខែ មុន

ទី​ក្រុង​ហាណូយ៖ នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក​ផាំ​មិញ​ជិញ បាន​ណែ​​នាំ​ឱ្យ​ក្រសួង​ការ​បរទេស​វៀតណាម​សហ​ការ​គ្នា​ជា​មួយ​ប្រទេស​ថៃ​ដើម្បី​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​​សំណុំ​រឿង​ស្លាប់​ជន​ជាតិ​វៀតណាម​៦​នាក់​នៅ​ក្នុង​សណ្ឋាគារ​ទី​ក្រុង​បាងកក​។ ការ​ដាក់​ចេញ​វិធាន​ការ​​ទាំង​នេះ​សំដៅ​ធានា​សិទ្ធិ​រស់​រាន​មានជីវិត​របស់​ពលរ​ដ្ឋ​វៀតណាម​គ្រប់​រូប​។​ ការ​ចេញ​បទបញ្ជា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចេញ​សារាចរណ៍​របស់​នាយក​រដ្ឋ​មន្ត្រី​​ចុះ​​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៤​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​អ្នក​ទេស​ចរ​ជន​ជាតិ​វៀតណាម​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​។ សារាចរណ៍​នោះ​ត្រូវ​បាន​វៀតណាម​ផ្ញើ​ជូន​ក្រសួង​ការ​បរទេស​វៀតណាម,…

ទី​ក្រុង​ហាណូយ៖ នាយក​រដ្ឋ​មន្ត្រី​វៀតណាម លោក​ផាំ​មិញ​ជិញ បាន​ណែ​​នាំ​ឱ្យ​ក្រសួង​ការ​បរទេស​វៀតណាម​សហ​ការ​គ្នា​ជា​មួយ​ប្រទេស​ថៃ​ដើម្បី​ចូល​រួម​នៅ​ក្នុង​ដំណើរ​ការ​ស៊ើប​អង្កេត​​សំណុំ​រឿង​ស្លាប់​ជន​ជាតិ​វៀតណាម​៦​នាក់​នៅ​ក្នុង​សណ្ឋាគារ​ទី​ក្រុង​បាងកក​។ ការ​ដាក់​ចេញ​វិធាន​ការ​​ទាំង​នេះ​សំដៅ​ធានា​សិទ្ធិ​រស់​រាន​មានជីវិត​របស់​ពលរ​ដ្ឋ​វៀតណាម​គ្រប់​រូប​។​

ការ​ចេញ​បទបញ្ជា​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​ការ​ចេញ​សារាចរណ៍​របស់​នាយក​រដ្ឋ​មន្ត្រី​​ចុះ​​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​២០២៤​ពាក់​ព័ន្ធ​នឹង​ការ​ស្លាប់​អ្នក​ទេស​ចរ​ជន​ជាតិ​វៀតណាម​នៅ​ទី​ក្រុង​បាងកក​ ប្រទេស​ថៃ​។ សារាចរណ៍​នោះ​ត្រូវ​បាន​វៀតណាម​ផ្ញើ​ជូន​ក្រសួង​ការ​បរទេស​វៀតណាម, ក្រសួង​សន្តិ​សុខ​សាធារណៈ​របស់​វៀតណាម និង​ស្ថាន​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម​ប្រចាំ​​​ទី​ក្រុង​បាងកក​។​

សមត្ថ​កិច្ច​ថៃ​រក​ឃើញ​​មនុស្ស​៦​នាក់​ដេក​ស្លាប់​នៅ​ក្នុង​បន្ទប់​សណ្ឋាគារ​ជាន់​ទី​៥​កាល​ពី​ម៉ោង​​៥:៣០​ល្ងាច​ថ្ងៃ​អង្គារ​។ តាម​រយៈ​វីឌីអូ​ឃ្លីប​ដែល​គេ​ទាញ​ចេញ​ពីកាមេរ៉ា​សុវត្ថិ​ភាព​របស់​សណ្ឋាគារ​ គេ​ឃើញ​ថា​​ស្ត្រី​រស់​នៅ​បន្ទប់​​ជាន់​ទី​៥​បាន​កុម្ម៉ង់​អាហារ​ឱ្យ​បុគ្គលិក​លើក​ដល់​មុខ​បន្ទប់​។ បន្ទាប់​មក ស្ត្រី​នោះ​បបួល​​ជន​រង​គ្រោះ​​​៥​នាក់​ដែល​ស្នាក់​នៅ​​ជាន់​ទី​៧​ដើម្បី​ចុះ​ទៅ​ញ៉ាំ​​អាហារ​ជុំ​គ្នា​នៅ​ក្នុង​បន្ទប់​របស់​ខ្លួន​។

សមត្ថ​កិច្ច​សន្និដ្ឋាន​ថា​ស្ត្រី​រូប​នោះ​ទំនង​ជា​បាន​ដាក់​ថ្នាំ​ពុល​ស្យានីត (Cyanide) នៅ​ក្នុង​ទឹក​តែ កាហ្វេ និង​បំពង់​ទឹក​ក្ដៅ​។ ចំណែក​អាហារ​ដែល​បុគ្គលិក​សណ្ឋាគារ​លើក​ទៅ​ឱ្យ​ស្ត្រី​នោះ​ដល់​ក្នុង​បន្ទប់​គឺ​​នៅ​សល់​ទាំង​អស់​ គ្មាន​​បាន​ប៉ះ​ពាល់​សូម្បី​តែ​មួយ​ម៉ាត់​។ រូប​វីឌីអូ​នៅ​ក្នុង​កាមេរ៉ា​បង្ហាញ​ថា​​ក្រៅ​ពី​អ្នក​ទាំង​៦​នោះ​គឺ​គ្មាន​អ្នកដទៃ​ចេញ​ចូល​បន្ទប់​នោះ​ទេ​​។​

ឥឡូវ​នេះ សមត្ថ​កិច្ច​សន្និដ្ឋាន​ជំហាន​ដំបូង​ថា​ប្រហែល​ជា​នារី​នោះ​ជា​មេ​គំនិត​ដាក់​ថ្នាំ​ពុល​សម្លាប់​មនុស្ស​៥​នាក់​ ហើយ​ក៏​ផឹក​ថ្នាំ​ពុល​សម្លាប់​ខ្លួន​ឯង​តាម​ក្រោយ​។ អ្នក​ខ្លះ​ដាក់​ការ​សង្ស័យ​ថា​ជា​ការ​ធ្វើ​អត្ត​ឃាត​ជុំ​គ្នា​។ ប៉ុន្តែ​ទោះ​បី​ស្លាប់​ក្រោម​ហេតុ​ផល​អ្វី​ក៏​ដោយ​ គេ​ដឹង​ច្បាស់​​ត្រង់​ចំណុច​មួយ​​ថា​​ពួកគេ​ស្លាប់​ដោយ​ថ្នាំ​ពុល​ស្យានីត។ ​​ក្រុម​គ្រូ​ពេទ្យ​នៅ​សាកល​វិទ្យា​ល័យ​ជូឡា​ឡុង​កនរក​ឃើញ​ថ្នាំ​ពុល​នេះ​​​នៅ​ក្នុង​ខ្លួន​សាក​សព​។

​នៅ​ក្នុង​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី​វៀតណាម ​លោក​បាន​ណែនាំ​ឱ្យ​ក្រសួង​ការ​បរទេស​មាន​បុរេ​សកម្ម​ក្នុង​ការ​​​ស្រាយ​បញ្ហា​តាម​មធ្យោបាយ​ការ​ទូត​ជា​មួយ​ប្រទេស​ថៃ​ ហើយ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ព័ត៌​មាន​​ឱ្យ​បាន​ទាន់​ពេល​វេលា​​ជូន​អ្នក​សារ​ព័ត៌​មាន​ និង​សា​ធារណ​ជន​អំពី​សភាព​ការ​ណ៍​វិវត្ត​ថ្មី​ៗ​។ ក្រសួង​សន្តិ​សុខ​សាធារណៈ​វៀតណាម​បាន​ទទួល​ការ​ចាត់​តាំង​​ឱ្យ​សម្រប​សម្រួល​ជា​មួយ​អាជ្ញាធរ​ថៃ​ដើម្បី​ស៊ើប​អង្កេត​រឿង​នេះ​ និង​ចែក​រំលែក​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​​ប្រវត្តិ​គ្រួសារ​របស់​ជន​រង​គ្រោះ​ជា​មួយ​ក្រសួង​ការ​បរទេស​។ ធ្វើ​បែប​នេះ​ដើម្បី​ការ​ពារ​អាយុ​ជីវិត​របស់​ពល​រដ្ឋ​។​

​ឯក​អគ្គ​រដ្ឋ​ទូត​វៀតណាម​ប្រចាំ​ប្រទេស​ថៃ​មាន​ភារកិច្ច​តាម​ដាន​សភាព​ការណ៍​ដោយ​យក​ចិត្ត​ទុក​ដាក់​ ក៏​ដូច​ជារាយ​ការណ៍​អំពី​​ដំណើរ​ការ​ស៊ើប​អង្កេត​តើ​វិវត្ត​ដល់​ណា​ហើយ​ និង​ចាត់​វិធាន​ការ​ការ​ពារ​ពល​រដ្ឋ​របស់​ខ្លួន​។ នៅ​ក្នុង​ចំណោម​វិធាន​ការ​នោះ​មាន​ដូច​ជា​ការ​ផ្ដល់​ការ​គាំទ្រ​ផ្សេង​ៗ ការ​ផ្ដល់​គោល​ការណ៍​ណែ​នាំ និង​ការ​ផ្ដល់​ការ​គាំទ្រ​ចំពោះ​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​។ វិធាន​ការ​ទាំង​នេះ​ត្រូវ​ធ្វើ​ឡើង​ស្រប​ទៅ​តាម​បទ​បញ្ជា​របស់​នាយក​រដ្ឋ​មន្ត្រី​វៀតណាម​ លោក​​ផាំ​មិញ​ជិញ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ