ទីក្រុងប៉េកាំង៖ បុរសម្នាក់ត្រូវសមត្ថកិច្ចចិនចាប់ខ្លួននៅពេលគាត់ព្យាយាមនាំចូលសត្វពស់រស់ជាងមួយរយក្បាលពីប្រទេសដទៃចូលប្រទេសចិនដីគោក។ គាត់ខំលាក់បំពួនពស់ទាំងនោះនៅក្នុងខោជើងវែង។ នេះបើយោងតាមភ្នាក់ងារគយនៅច្រកព្រំដែន។ បុរសដែលគេមិនបានប្រាប់អត្តសញ្ញាណម្នាក់នោះនៅពេលធ្វើដំណើរឆ្លងពីទីក្រុងហុងកុងចូលទៅចិនដីគោកសុខៗក៏ត្រូវអាជ្ញាធរហៅទៅសួរនាំ។

នៅពេលឆែកឆេរនៅលើរាងកាយរបស់គាត់ចុះឡើងៗ ភ្នាក់ងារគយរកឃើញថានៅក្នុងហោប៉ៅខោរបស់គាត់ញាត់របស់អ្វីម៉្យាង។ គាត់ខំបិតបង់ស្អិតពីខាងក្រៅដើម្បីលាក់បាំងកុំឱ្យគេឃើញ។ នៅពេលបើកបង់ស្អិតឱ្យអស់ទៅទើបដឹងថាកញ្ចប់នីមួយៗមានដាក់ពស់រស់នៅក្នុងនោះ។ ពស់ទាំងនោះមានពណ៌ និងទំហំផ្សេងៗគ្នា។ អាជ្ញាធរចិនចេញសេចក្ដីបំភ្លឺថាពួកគេរកឃើញសត្វពស់សរុប១០៤ក្បាល។

ក្នុងនោះក៏មានពស់ពព្លាក់ និងពស់ក្រហមផងដែរ។ ភាគច្រើនមិនមែនជាពស់មានស្រុកកំណើតនៅប្រទសចិនទេ។ តាមវីឌីអូឃ្លីបមួយឈុត គេឃើញភ្នាក់ងារគយព្រំដែនពីរនាក់ស្រាយថង់ផ្លាស្ទិចពណ៌សមកមើល និងឃើញពស់ចម្រុះគ្នាមានពណ៌ក្រហម ស៊ីជម្ពូ និង និងពណ៌ស។ ប្រទេសចិនជាទឹកដីដែលរត់ពន្ធសត្វព្រៃពីទីកន្លែងដទៃទៀតច្រើនបំផុតនៅលើពិភពលោក។

ការនាំចូលដោយលួចលាក់នៅក្នុងបំណងអ្វីម៉្យាងជាទង្វើរបស់ជនខិលខូច។ ឧទាហរណ៍ ពួកគេរត់ពន្ធភ្លុកសត្វ ខ្នាយសត្វ កុយរមាស ឬស្រកាសត្វពង្រូលដើម្បីធ្វើឱសថបុរាណ។ ប៉ុន្តែអាជ្ញាធរក៏ចាត់វិធានការបង្ក្រាបយ៉ាងខ្លាំងក្លានារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ច្បាប់របស់ប្រទេសចិនហាមឃាត់ការនាំចូលសត្វពីប្រទេសដទៃទៀតចូលទៅក្នុងប្រទេសចិនដោយគ្មានការអនុញ្ញាត៕


<<កំណត់សម្គាល់: រាល់ការបញ្ចេញមតិទៅលើអត្ថបទមិនមែនជាការទទួលខុសត្រូវរបស់កោះសន្តិភាពទេ។ វាជាការទទួលខុសត្រួវដោយផ្ទាល់របស់អ្នកបញ្ចេញមតិ។ ដូច្នេះ សូមមិត្តអ្នកអានទាំងអស់ ធ្វើការបញ្ចេញ មតិប្រកបដោយការទទួលខុសត្រូវ មានសីលធម៌ និង ប្រកបដោយន័យស្ថាបនា ហើយចៀសវាង ការបញ្ចេញមតិណាដែលមិនពិត ជេរប្រមាថ និង អុជអាល នាំដល់ការយល់ច្រឡំ ឬ ការរើសអើង ជាតិសាសន៍ សាសនា ឬក៏ បុគ្គលណាមួយ។>>
ចែករំលែកព័តមាននេះ