ទីក្រុងកៀវ៖ អ៊ុយក្រែនប្រកាសច្រានចោលយ៉ាងដាច់អហង្ការបន្ទាប់ពីរុស្ស៊ីដាក់លក្ខខណ្ឌថាបើចង់បញ្ចប់សង្គ្រាមងាយស្រួលទេ។ អ៊ុយក្រែនត្រូវប្រគល់តំបន់ចំនួន៤ដែលរុស្ស៊ីកំពុងកាន់កាប់ទៅឱ្យរុស្ស៊ីផ្ដាច់មុខបូកជាមួយតំបន់គ្រីម៉េមួយទៀត។ អ៊ុយក្រែនក៏ត្រូវតែបោះបង់ចោលផែនការចូលជាសមាជិកអង្គការណាតូ។ បើអ៊ុយក្រែនធ្វើបែបនេះបាន រុស្ស៊ីនឹងបិទបញ្ចប់ការវាយប្រហារទាំងស្រុង។ ប្រទេសទាំង២អាចចុះកិច្ចព្រមព្រៀងសន្តិភាពជាមួយគ្នាបានហើយ។

ក្រសួងការបរទេសអ៊ុយក្រែនថ្លែងថាលោកពូទីនធ្វើរបៀបនេះជាទង្វើឥតន័យ។ ក្រសួងយល់ថាលោកពូទីនកំពុងតាំងខ្លួនជាជើងឯកខាងស្វះស្វែងរកសន្តិភាព។ ប៉ុន្តែមែនទែនទៅគឺគាត់នេះហើយដែលជាអ្នកបង្កសង្គ្រាមធ្វើឱ្យបាត់បង់អស់សណ្ដាប់ធ្នាប់ពិភពលោក និងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ ផែនការរបស់រុស្ស៊ីមិនមែនដើម្បីសន្តិភាពទេ ប៉ុន្តែដើម្បីធ្វើសង្គ្រាមជាបន្តទៀត ដើម្បីកាត់ច្រៀកយកទឹកដីរបស់អ៊ុយក្រែន ដើម្បីបំផ្លិចបំផ្លាញប្រជាជនអ៊ុយក្រែន និងដើម្បីឈានទៅវាយចូលតំបន់ដទៃទៀតនៅអឺរ៉ុប។

រដ្ឋមន្ត្រីការបរទេសអាមេរិកឡយអូស្ទីនថ្លែងប្រាប់អ្នកសារព័ត៌មាននៅទីស្នាក់ការធំរបស់អង្គការណាតូប្រចាំទីក្រុងប្រ៊ុចសែល ប្រទេសបែលហ្សិចថាលោកពូទីនគ្មានសិទ្ធិហារស្ដី ឬបង្គាប់បញ្ជាឱ្យអ៊ុយក្រែនធ្វើបែបនេះ ឬបែបនោះដើម្បីជាថ្នូរនឹងសន្តិភាពទេ។

លោកពូទីនបង្ហើបឱ្យដឹងអំពីផែនការសន្តិភាពរបស់លោកមុនពេលមានកិច្ចប្រជុំកំពូលដើម្បីស្វែងរកសន្តិភាពសម្រាប់អ៊ុយក្រែនដែលនឹងរៀបចំឡើងនៅប្រទេសស្វីស។ ប្រទេសជាច្រើននឹងជួបជុំគ្នានៅចុងសប្ដាហ៍នេះដើម្បីពិភាក្សាអំពីផែនការសន្តិភាព។ ប្រទេសស្វីសជាអ្នករ៉ាប់រងធ្វើជាម្ចាស់ផ្ទះទទួលគណៈប្រតិភូចជំនួន៩០ក្រុម។ អង្គការអន្តរជាតិ និងអង្គការសហប្រជាជាតិផងដែរនឹងចូលរួមនៅក្នុងកិច្ចប្រជុំនេះ។ លោកហ្សេឡិនស្គីទើបតែធ្វើដំណើរទៅប្រទេសអាស៊ីមួយចំនួនដើម្បីបញ្ចុះបញ្ចូលពួកគេឱ្យចូលរួម។

រុស្ស៊ីមិនត្រូវគេអញ្ជើញឱ្យចូលរួមទេ ហេតុនេះរុស្ស៊ីគ្មានវត្តមាននៅក្នុងកិច្ចប្រជុំនោះទេ។ មូលហេតុដោយសារអ៊ុយក្រែនមិនចង់ឱ្យរុស្ស៊ីចូលរួម។ ស្វីសក៏យល់ព្រមធ្វើតាមសំណើនេះ។ ប៉ុន្តែជាគោលជំហររបស់ស្វីស ស្វីសចង់ឃើញរុស្ស៊ីចូលរួម។ ទោះបីមិនចូលរួមទាំងស្រុង យ៉ាងហោចណាស់ក៏ចូលរួមចំណែកណាមួយ។ អ្នកនាំពាក្យវិមានក្រឹមឡាំងថ្លែងថាកិច្ចប្រជុំនេះនឹងក្លាយជារឿងឥតន័យបើគ្មានវត្តមានរបស់រុស្ស៊ី។

យោងតាមផែនការរបស់លោកពូទីន អ៊ុយក្រែនត្រូវតែប្រគល់តំបន់ដូញែត, លូហាន, ខឺសុន និងហ្សាប៉ូរីហ្សៀនៅភាគខាងកើត និងខាងត្បូងទៅឱ្យរុស្ស៊ី។ រុស្ស៊ីទាមទារតំបន់ទាំងនេះតាំងពីឆ្នាំ២០២២ ប៉ុន្តែប្រទេសភាគច្រើនមិនយល់ស្របទេ ហើយចាត់ទុកថានេះជាទង្វើខុសច្បាប់។ សព្វថ្ងៃនេះ ថ្វីដ្បិតកងទ័ពរុស្ស៊ីកាន់កាប់តំបន់ទាំង៤នេះ ហើយបានដាក់បញ្ចូលជាទឹកដីរបស់រុស្ស៊ី ប៉ុន្តែរុស្ស៊ីមិនទាន់អាចកាន់កាប់ពេញដៃ១០០%ទេ៕
ចែករំលែកព័តមាននេះ