អ្នកដំណើរម្នាក់ ត្រូវបណ្តេញចេញពីតៃវ៉ាន់ ព្រោះតែបាយសាច់ជ្រូកខ្វៃ លាយមាន់ទឹកស៊ីអ៊ីវ១ប្រអប់
កោះតៃវ៉ាន់ ៖ បរុសអ្នកដំណើរជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើដំណើរពីហុងកុងទៅកាន់កោះតៃវ៉ាន់
កោះតៃវ៉ាន់ ៖ បរុសអ្នកដំណើរជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើដំណើរពីហុងកុងទៅកាន់កោះតៃវ៉ាន់
កោះតៃវ៉ាន់ ៖ បរុសអ្នកដំណើរជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលធ្វើដំណើរពីហុងកុងទៅកាន់កោះតៃវ៉ាន់ ត្រូវបានបណ្តេញចេញពីកោះមួយនេះ បន្ទាប់ពីគ្មានលទ្ធភាពបង់ថ្លៃប្រាក់ពិន័យចំនួន ២០ម៉ឺនដុល្លារតៃវ៉ាន់ ឬស្មើនឹង ៦,២០០ដុល្លារអាមេរិក ដោយសារនាំយកប្រអប់បាយថ្ងៃត្រង់ សាច់ជ្រូកខ្វៃ លាយមាន់ទឹកស៊ីអ៊ីវ ចូលព្រលានយន្តហោះ ដែលបំពាននឹងបទប្បញ្ញត្តិបានកំណត់។
យោងតាមប្រភពពីសារព័ត៌មានហុងកុង South China Morning Post និង The Straits Times របស់ប្រទេសសិង្ហបុរី កាលពីថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤ ដោយបានស្រង់ប្រភពពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក បានរាយការណ៍ថា បុរសអ្នកដំណើរជនជាតិឥណ្ឌូនេស៊ីខាងលើ ដែលចេញដំណើរពីហុងកុងបានមកដល់កោះតៃវ៉ាន់ កាលពីថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៤ កន្លងទៅ ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋានអន្តរជាតិ Taoyuan ដោយទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិរបស់តៃវ៉ាន់ពីបទបំពានបទប្បញ្ញត្តិនៃការនាំចូល។អាជ្ញាធរតៃវ៉ាន់ត្រូវបានជូនដំណឹងភ្លាមៗ បន្ទាប់ពីសុនខគយ១ក្បាលហិតក្លិនរកឃើញប្រអប់បាយក្នុងវ៉ាលីបុរសរូបនោះ ដែលហូបសល់ពីលើយន្តហោះ។
រូបថតប្រអប់បាយត្រូវបានបង្ហោះតាមប្រព័ន្ធអ៊ីនធឺណិតបង្ហាញឱ្យឃើញប្រអប់បាយសាច់ជ្រូកខ្វៃនិងសាច់មាន់ទឹកស៊ីអ៊ីវបានកាត់ជាជំនិតៗ ដែលជាម្ហូបប្រពៃណីចិនកាតាំង។
យ៉ាងណាមិញ មន្ត្រីម្នាក់មកពីទីភ្នាក់ងារត្រួតពិនិត្យសុខភាពសត្វ និងរុក្ខជាតិ បានបញ្ជាក់ថា អ្នកដំណើររូបនោះ ត្រូវបានផ្ទេរទៅទីភ្នាក់ងារអន្តោប្រវេសន៍ ហើយក្រោយមកត្រូវបាននិរទេសចេញពីកោះតៃវ៉ាន់ ដោយសារមិនអាចបង់ប្រាក់ពិន័យបាន។ មន្ត្រីដដែលបន្តថា អាហារយកចេញពីយន្តហោះ និងកប៉ាល់ទេសចរណ៍ ត្រូវបានចាត់ទុកជាផលិតផលបរទេស ហើយអាជ្ញាធរបានក្រើនរំលឹកអ្នកធ្វើដំណើរទាំងអស់កុំឱ្យយករបស់ដែលសល់បែបនេះចូលមកកាន់កោះតៃវ៉ាន់។
អាជ្ញាធរតៃវ៉ាន់បានបញ្ជាក់រួចហើយថា ការរឹតបន្តឹងបែបនេះ កើតឡើងដោយសារតែការកើនឡើងនៃជំងឺប៉េស្តជ្រូកអាហ្រ្វិក ដូច្នេះអាហារណាដែលមានសាច់ ផ្លែឈើ និងបន្លែស្រស់ៗ មិនអាចនាំចូលមកកោះតៃវ៉ាន់បាននោះទេ។
ទោះជាយ៉ាងណាក៏ដោយ បរុសអ្នកដំណើរជនជាតិឥណ្ឌូណេស៊ីខាងលើ ដែលត្រូវបាននិរទេសចេញពីកោះតៃវ៉ាន់ ព្រោះមិនអាចបង់ប្រាក់ពិន័យភ្លាមៗបាននោះ ត្រូវតែបង់ប្រាក់ពិន័យជាមុនសិន មុនពេលគាត់អាចចូលមកកោះតៃវ៉ាន់លើកក្រោយ។ បន្ថែមពីនេះទៀត អាជ្ញាធរតៃវ៉ាន់ក៏បានក្រើនរំឭកដល់អ្នកដំណើរទាំងអស់ ត្រូវយកចិត្តទុកដាក់ខ្ពស់លើអីវ៉ាន់ក្នុងវ៉ាលីរបស់ពួកគេ មុនពេលឆ្លងកាត់គយត្រួតពិនិត្យ ដែលរកឃើញរបស់របស់មិនអនុលោមតាមច្បាប់ ដើម្បីជៀសវាងការពិន័យដូចបរុសអ្នកដំណើរជនជាតិឥណ្ឌូណេស៊ីខាងលើ៕ (ប្រភព ៖ South China Morning Post និង The Straits Times)
ចែករំលែកព័តមាននេះ