ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប្បុរសជនជប៉ុនផ្ដល់អគារសិក្សាមួយខ្នងតម្លៃជាង៧ម៉ឺនដុល្លារនៅតំបន់ជនបទដាច់ស្រយាល

5 ខែ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ អគារសិក្សាមួយខ្នងមានបួនបន្ទប់សាងសង់អំពីបេតុងប្រក់ក្បឿងបំពាក់សម្ភារៈការ

ខេត្តក្រចេះ ៖ អគារសិក្សាមួយខ្នងមានបួនបន្ទប់សាងសង់អំពីបេតុងប្រក់ក្បឿងបំពាក់សម្ភារៈការសិក្សាគ្រប់បន្ទប់មានបណ្ដោយប្រវែង៣២ម៉ែត្រនៅតំបន់ដាច់ស្រយាលស្ថិតនៅសាលាបឋមសិក្សាប្រឡោះព្រួញ ភូមិសំបូរសែនជ័យ ឃុំស្វាយជ្រះ ស្រុកស្នួល ខេត្តក្រចេះ។ដែលចំណាយថវិកាសរុបចំនួន៧២០០០ដុល្លារ ។ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការកាលពីថ្ងៃទី២៤ខែឧសភា ឆ្នាំ២០២៤ ដែលជាអំណោយរបស់សប្បុរសជនជប៉ុនតាមរយៈលោកស្រីKAORI MASUDA ដោយមានការអញ្ជើញចូលរួមពីសំណាក់អាជ្ញាធរពាក់ព័ន្ធ សិស្សានុសិស្សប្រជាពលរដ្ឋ។

លោកយី សុវណ្ណមុនី នាយកសាលាបឋមសិក្សាប្រឡោះព្រួញ បានឱ្យដឹងថា រសៀលថ្ងៃទី២៦ឧសភាឆ្នាំ ២០២៤ថា:សាលាបឋមសិក្សានេះបានកកើតឡើងនៅក្នុងអំឡុងឆ្នាំ២០១៨ គ្រានោះសាងសង់អំពីឈើមួយខ្នងមានបីបន្ទប់ប្រក់ស័ង្កសី សង់នៅលើផ្ទៃដីជិត ៤ហិកតា។ ពេលដែលភ្លៀងខ្យល់កន្ត្រាក់បោកបក់មកម្ដងៗជាហេតុធ្វើឲ្យដំបូលសាលាត្រូវរបើកហើយសិស្សមិនអាចរៀនសូត្របាននោះទេ ត្រូវនាំគ្នាចាកចេញត្រឡប់ទៅផ្ទះវិញ។

លោកនាយកសាលាបានបន្តហើយដឹងទៀតថា ក្រោយមកដោយមានការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរពាក់ព័ន្ធនៅមូលដ្ឋានតាំងពីថ្នាក់ស្រុករហូតដល់ខេត្តបានទាក់ទងសប្បុរសជនជប៉ុនតាមរយៈលោកហ៊ន់ ស៊ាងហុងប្រធានអង្គការTDO បានទាក់ទងសប្បុរសជននៅប្រទេសជប៉ុនជួយកសាងអគារសិក្សាថ្មីស្រឡាងសាងសង់អំពីបេតុងប្រក់ក្បឿងមួយខ្នងមានបួនបន្ទប់បំពាក់ដោយបរិក្ខារសម្រាប់សិស្សានុសិស្សរៀនគ្រប់គ្រាន់។ត្រូវបានដាក់សម្ពោធឲ្យប្រើប្រាស់ជាផ្លូវការនាថ្មីៗនេះ។

សាលារបស់លោកមានតែមួយអគារដោយឡែកអាគារចាស់សាងសង់អំពីឈើប្រក់ស័ង្កសី មានសភាពទ្រុឌទ្រោម ត្រូវបានទុកចោលហើយពីមួយឆ្នាំទៅមួយឆ្នាំកំណើនសិស្សមានការកើនឡើងគួរឲ្យកត់សម្គាល់។ដែលសព្វថ្ងៃនេះចំនួនសិស្សមានចំនួន១៦៣ នាក់ក្នុងនោះស្រី៨៦នាក់។ហើយគ្រូបង្រៀនចំនួន៤នាក់ ក្នុងនោះស្រីម្នាក់។ក្រៅពីនេះមិនមានបណ្ណាល័យសម្រាប់ឱ្យសិស្សចូលអានសៀវភៅនិងស្រាវជ្រាវមេរៀននោះទេ។ទីចាត់ការក៏មិនមានទៀត ដូច្នេះសូមបងប្អូនសប្បុរសជន​អាជ្ញាធរពាក់ព័ន្ធក៏ដូចជាអង្គការក្រៅរដ្ឋាភិបាលមេត្តាបន្តជួយឧបត្ថម្ភដល់សាលារបស់លោកបន្ថែមទៀតធ្វើយ៉ាងណាឱ្យមានអគារសិក្សាគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការរបស់សិស្សានុសិស្ស ។

ចំណែកផ្លូវថ្នល់ជាប្រភេទដីពីមុនមានការលំបាកទាំងគ្រូនិងសិស្សធ្វើដំណើរចេញពីផ្ទះមកសាលាពេលណាមានភ្លៀងផ្លូវត្រូវបែកភក់ជាប់កង់ ម៉ូតូ ត្រូវអូសបណ្ដើរតែមកដល់សព្វថ្ងៃសហគមន៍បានជួយលើកដីផ្លូវបានប្រសើរគ្រាន់បើ។

ចំណែកលោកវីន សុខខេងអភិបាលរងស្រុកស្នួល មានប្រសាសន៍ឲ្យដឹងដែរថា ក្នុងនាមអាជ្ញាធរសូមថ្លែងអំណរគុណចំពោះលោកស្រីខាអូរីម៉ាសុដា តំណាងម្ចាស់ជំនួយជប៉ុន ដែលបានចំណាយថវិកា​ជួយ​សាងសង់អគារសិក្សាអំពីបេតុងប្រក់ក្បឿងមួយខ្នងជូនដល់សាលាបឋមសិក្សាប្រឡោះព្រួញ ដែលមានទីតាំងនៅឃុំស្វាយជ្រះស្រុកស្នួល ខេត្តក្រចេះ ដើម្បីបំពេញតម្រូវការឲ្យកូនសិស្សបានរៀនសូត្រដោយលក្ខណៈងាយស្រួលមិនលំបាកដូចពីមុនទៀត។

សូមបញ្ជាក់ថាស្រុកស្នួល មានមតេយ្យសិក្សាចំនួន ៣២ កន្លែង សាលាបឋមសិក្សាមាន៧១ កន្លែង អនុវិទ្យាល័យមានចំនួន៦កន្លែងនិងវិទ្យាល័យមានចំនួនពីរកន្លែង សរុបសាលារៀនមានចំនួន៨០កន្លែង។ដោយឡែកនៅឃុំស្វាយជ្រះ មានវិទ្យាល័យមួយកន្លែង បឋមសិក្សាចំនួន ២២កន្លែង មានគ្រូក្របខណ្ឌសរុប៩៣ នាក់ក្នុងនោះស្រី៤៨នាក់ និងគ្រូកិច្ចសន្យាសរុប៣១នាក់ស្រី២០នាក់​ មានសិស្សសរុបចំនួន៣៣៨៨នាក់ស្រី១៦៣២នាក់ ។

ក្នុងនាមអាជ្ញាធរក៏ដូចជាស្ថាប័នពាក់ព័ន្ធនិងថែរក្សាអគារសិក្សាដែលជាអំណោយរបស់សប្បុរសជនជប៉ុនធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានយូរអង្វែងទៅអនាគតហើយមានជំនឿថាជប៉ុននិងបន្តជួយដល់សាលានេះបន្ថែមទៀត ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ