រាជធានីភ្នំពេញ ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានគូសបញ្ជាក់ថា ការធ្វើកំណែទម្រង់មុខងារសាធារណៈត្រូវតែធ្វើជាប់ជាប្រចាំ ពោលគឺមិនមែនធ្វើតែក្នុងពេលនេះឬធ្វើក្នុងឆ្នាំក្រោយឡើយ ។
ថ្លែងក្នុងពិធីបិទសន្និបាត បូកសរុបលទ្ធផលការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងមុខងារសាធារណៈ រសៀលថ្ងៃទី៤ ខែមេសា ឆ្នាំ២០២៤ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ក្រសួងមុខងារសាធារណៈ ដើរតួនាទីសំខាន់ក្នុងការគាំទ្រដល់ការបំពេញមុខងាររបស់ក្រសួង ស្ថាប័នទាំងថ្នាក់ជាតិ និងថ្នាក់ ក្រោមជាតិ ជាពិសេសការធ្វើកំណែទម្រង់រដ្ឋបាលសាធារណៈ ដែលជាកិច្ចការអាទិភាពរ បស់រាជរដ្ឋាភិបាល អាណត្តិទី៧នេះ ។
ជាមួយគ្នានោះដែរ សម្ដេចធិបតី បន្ដថា រាជរដ្ឋាភិបាលមានភាពចាំបាច់ ក្នុងការបន្ដកំណែទម្រង់ស្ថាប័ន និងអភិបាលកិច្ច ឲ្យសម្រេចបាននូវរដ្ឋបាលសាធារណៈមួយ ដែលមានសមត្ថិភាពខ្ពស់ខ្លាំង វៃឆ្លាត ហើយបំពេញការងារ នៅក្នុងជីវភាពប្រព័ន្ធតួអង្គតែមួយ ដោយធានាបានប្រសិទ្ធភាពខ្ពស់ នៅក្នុងគ្រប់ទិដ្ឋភាព នៃកិច្ចសហប្រតិបត្តិ ការរបស់ខ្លួនទាំងការដឹកនាំ ការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃ នៅលើការអនុវត្តគោលនយោបាយយុទ្ធសាស្ដ្រ នៅក្នុងបរិការ នៃការវិវត្តន៍ ប្រែប្រួលយ៉ាងឆាប់រហ័ស នៅក្នុងសភាពការណ៍សង្គម សេដ្ឋកិច្ច នៅទូទាំងប្រទេស ។
សម្ដេចធិបតី នាយករដ្ឋមន្ដ្រី បានគូសបញ្ជាក់បន្ថែមថា ៖ «អ្វីដែលយើងចង់បាន គឺរដ្ឋបាលសាធារណៈមួយ ដែលរឹងមាំ ដែលបតបែន ប្រសិទ្ធិភាពក្នុងការបំពេញភារកិច្ចជូនជាតិ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ចឹង អ្វីដែលយើងត្រូវឯកភាពគ្នាធ្វើ ហើយយើងក៏ឯកគ្នាដែរ គឺយើងត្រូវតែធ្វើ ប៉ុន្ដែធ្វើនៅពេលណា។ មានទស្សនៈ លើកឡើងមកថា យើងធ្វើជំហ៊ាន ពេលនេះ កន្លែងនោះចាំតិច។ ការធ្វើកំណែទម្រង់ មិនមែនធ្វើពេលនេះ ឬពេលឆ្នាំក្រោ យនោះទេ គឺធ្វើត្រូវជាប់ជាប្រចាំ យើងបានធ្វើជាប់ជាប្រចាំហើយ» ។
នៅក្នុងឱកាសនោះដែរ សម្តេចធិបតីក៏បានស្នើថ្នាក់ដឹកនាំទាំងអស់ត្រូវយកចិត្តទុកដាក់ និងធ្វើបច្ចុប្បន្នភាព រចនាសម្ព័ន្ធអង្គភាព និងមុខងារមន្ត្រីគោលការណ៍បែបបទ និងនីតិវិធីព្រមទាំងលិខិតបទដ្ឋានគតិយុត្តិធម៌ ដែលពាក់ព័ន្ធទៅនឹងការផ្តល់សេវាសាធារណៈ ទៅតាមករណីចាំបាច់ ដើម្បីពង្រឹងការគ្រប់គ្រងជូនប្រជាពលរដ្ឋឲ្យកាន់តែប្រសើរផងដែរ ៕



ចែករំលែកព័តមាននេះ