ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹកថ្ងៃពុធ ទី៧កុម្ភៈស្អែក សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញ​បំពេញ​ទស្សនកិច្ចផ្លូវការ នៅថៃ

8 ខែ មុន
  • ភ្នំពេញ

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ​ទី៧ កុម្ភៈ ឆ្នាំ​២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត…

ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ​ទី៧ កុម្ភៈ ឆ្នាំ​២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត នឹងអញ្ជើញដឹកនាំគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា “បំពេញទស្សនកិច្ចផ្លូវការ នៅព្រះរាជាណាចក្រថៃ”។

​ក្រសួង​ការ​បរទេស បាន​ប្រកាស​ថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ​ព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់​ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។

ទស្សនកិច្ចទៅកាន់ប្រទេសជាប់ព្រំដែន​ រយៈពេល ១ថ្ងៃវិលល្ងាចនេះ ត្រូវបានក្រសួងការបរទេស ប្រកាសថា នឹងមានការអញ្ជើញអម​ដំណើរ​សម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយក​រដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោក​ឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។

ក្រសួងការបរទេស​បន្តថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី និង លោកជំទាវ នឹងចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ាឡុងកន នៅព្រះបរមរាជវាំង​។

សម្ដេចធិបតី ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំ​ស្ថាប័ននីតិប្បញ្ញត្តិ រួមមាន លោក​សាស្ត្រាចារ្យ ផនភេត វិឈិតឆុលឆៃ ប្រធានព្រឹទ្ធសភា និងលោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។

ក្នុងដំណើរទស្សនកិច្ចលើកដំបូង នៅកាន់ប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក​ សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ក៏នឹងជួបពិភាក្សាការងារ​លើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។

ទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារ ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ ដោយឡែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថា បើកនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ ផងដែរ។

សូមរម្លឹកថា ដំណើរទស្សនកិច្ច​ផ្លូវការរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានធ្វើឡើង បន្ទាប់ពី​នាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក ​សេដ្ឋា ថាវីស៊ីន បានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣​៕ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ