រាជធានីភ្នំពេញ៖ តាមគម្រោង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅបំពេញទស្សនកិច្ចផ្លូវការ នៅថៃ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ តបតាមការអញ្ជើញរបស់ ឯកឧត្តម សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រថៃ។
ទស្សនកិច្ចទៅកាន់ប្រទេសជាប់ព្រំដែន រយៈពេល ១ថ្ងៃវិលល្ងាចនេះ នឹងមានការអញ្ជើញអមដំណើរសម្ដេចធិបតី និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត រួមមាន លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា លោកឧបនាយករដ្ឋមន្ត្រី សុខ ចិន្តាសោភា រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រី និងមន្ត្រីសំខាន់ៗនៃរាជរដ្ឋាភិបាល ព្រមទាំងថ្នាក់ដឹកនាំវិស័យឯកជននៃសភាពាណិជ្ជកម្មកម្ពុជា។
ក្រសួងការបរទេសបន្តថា ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវការនេះ សម្ដេចធិបតី និង លោកជំទាវ នឹងចូលក្រាបបង្គំគាល់ ព្រះមហាក្សត្រថៃ មហាវ៉ាជីរ៉ាឡុងកន នៅព្រះបរមរាជវាំង។
សម្ដេចធិបតី ក៏នឹងអញ្ជើញចូលជួបសម្តែងការគួរសមដាច់ដោយឡែក ជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្បញ្ញត្តិ រួមមាន លោកសាស្ត្រាចារ្យ ផនភេត វិឈិតឆុលឆៃ ប្រធានព្រឹទ្ធសភា និងលោក វ៉ាន់មូហាម៉ាត់ណ មៈថា ប្រធានរដ្ឋសភា។
ក្នុងដំណើរទស្សនកិច្ចលើកដំបូង នៅកាន់ប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ សម្ដេចធិបតី ហ៊ុន ម៉ាណែត និងលោក សេដ្ឋា ថាវីស៊ីន នាយករដ្ឋមន្ត្រីថៃ ក៏នឹងជួបពិភាក្សាការងារលើកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគី ដែលផ្ដល់ផលប្រយោជន៍ទៅវិញទៅមក។
ទន្ទឹមនឹងនេះនាយករដ្ឋមន្ត្រីទាំងពីរ ក៏នឹងធ្វើជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើឯកសារ ស្តីពី កិច្ចសហប្រតិបត្តិការទ្វេភាគីមួយចំនួន។ ដោយឡែក សម្ដេចធិបតី ហ៊ុន ម៉ាណែត នឹងអញ្ជើញថ្លែងសុន្ទរកថា បើកនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ថៃ ផងដែរ។
សូមរម្លឹកថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ទៅកាន់ប្រទេសថៃ នាថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ បានធ្វើឡើង បន្ទាប់ពីនាយករដ្ឋមន្ត្រីថ្មីរបស់ថៃ លោក សេដ្ឋា ថាវីស៊ីន បានអញ្ជើញមកបំពេញទស្សនកិច្ច នៅកម្ពុជា កាលពីខែកញ្ញា ឆ្នាំ២០២៣៕ អ៊ាង ប៊ុនរិទ្ធ
ចែករំលែកព័តមាននេះ