ខេត្តឧត្តរមានជ័យ ៖ ប្រាសាទតាមាន់ធំ ក៏មិនខុសពីប្រាសាទបុរាណ ដែលរៀបរាប់ខាងលើនោះដែរ ។ សម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់នោះ ជាពិសេស ចាស់ៗគាត់និយាយថា ប្រាសាទតាមាន់ធំ បើតាមចាស់ពីដើមៗតំណាល.តៗគ្នាមក គឺប្រាសាទនេះមានឈ្មោះថា ប្រាសាទតាមទាន់ ការដែលហៅថា ប្រាសាទតាមទាន់ ដូច្នេះដោយសារមានរឿងព្រេងមួយដ៏វែងតំណាល.តៗថា កាលពីដើមឡើយមានព្រះមហាក្សត្រមួយព្រះអង្គឈ្មោះ យសោកេរ្តិ៍ ព្រះអង្គសព្វព្រះហឬទ័យចិញ្ចឹមសត្វបក្សាបក្សីខ្លាំងណាស់ ។ ក្នុងចំណោមសត្វបក្សាបក្សីទាំងនោះ សត្វទទា ជាសត្វដែលព្រះអង្គសព្វព្រះហឫទ័យជាងគេ។
ឯកសារមន្ទីរទេសចរណ៍ខេត្តឧត្តរមានជ័យ និទានរឿងនេះបន្តទៀតថា ដោយសារតែរាជកិច្ចច្រើនក្នុងការមើលការខុសត្រូវចំពោះប្រជានុរាស្ត្រ និងការការពារទឹកដីពីការឈ្លា.នពា.នពីសត្រូវ ធ្វើឲ្យព្រះបាទយសោកេរ្ដិ៍ភ្លេចភ្លាំង មិនបានដាក់ចំណីឲ្យសត្វទទាស៊ីនៅថ្ងៃពេញបូណ៌មី ដែលជាហេតុធ្វើឲ្យសត្វទទានោះងា.ប់ ហើយបានចាប់កំណើតជាព្រះមហាក្សត្រឈ្មោះព្រះបាទឧលោ ។
ដោយមានគំនិតគុំកួ.ន ចងកំហឹ.ង ចង់សងសឹ.ក ជាមួយព្រះបាទយសោកេរ្តិ៍ ដែលធ្វើឲ្យខ្លួនស្លា.ប់កាលពីអតីតជាតិ ដែលនៅជាតិជាសត្វទទានោះ ព្រះបាទឧលោ បានលើកទ័ពជាច្រើនតាមប្រ.ហា.រព្រះបាទយសោកេរ្ដិ៍ ដើម្បីសងសឹ.ក។ ព្រះបាទយសោកេរ្តិ៍ ដោយសារកម្លាំងទ័ពរបស់ខ្លួនមានតិចជាងព្រះបាទឧលោ ក៏បានភៀសព្រះកាយចេញពីព្រះនគរ ដោយជិះដំរីសភ្លុកខៀវចូលក្នុងព្រៃ ដោយនាំព្រះអគ្គមហេសី ឈ្មោះនាងបទុម និងបុត្រានៅក្នុងផ្ទៃ ទៅជាមួយ ។
ពេលមកដល់ក្នុងព្រៃជ្រៅលើភ្នំដងរែក ព្រះអង្គបានចុះសម្រាកនៅទីនេះ (ថ្មគ្រែសព្វថ្ងៃនៅត្រង់រូបដំរីទ្រោម) ហើយព្រះបាទយសោកេរ្តិ៍ បាននាំអគ្គមហេសីរបស់ខ្លួនឡើងទៅលើខ្នងភ្នំកសាងប្រាសាទមួយនៅទីនោះ (សព្វថ្ងៃប្រាសាទតាមាន់ធំ) ស្នាក់នៅបានប្រាំពីរខែ ។
និយាយពីព្រះបាទឧលោវិញ ពេលបានដំណឹងពីទីតាំងលាក់ខ្លួនរបស់ព្រះបាទយសោកេរ្តិ៍ ហើយក៏បានលើកទ័ពដេញតាមចាប់ រីឯព្រះបាទយសោកេរ្តិ៍ នៅពេលដឹងថា ព្រះបាទឧលោ លើកទ័ពមកតាមចាប់ក៏ប្រញាប់ភៀសខ្លួន តែគេចមិនរួចក៏ត្រូវបានកងទ័ពព្រះបាទឧលោ តាមទាន់ចាប់បាននៅនឹង កន្លែងនោះ[…] ។
ដោយហេតុនេះហើយ នៅសម័យក្រោយមក គេក៏នាំគ្នាហៅប្រាសាទនោះថា ប្រាសាទតាមទាន់ ដោយសារព្រះបាទឧលោ តាមទាន់ចាប់បានព្រះបាទយសោកេរ្ដិ៍នៅទីនោះ ហើយក្រោយមកក្លាយជា ប្រាសាទតាមាន់ ត.មក ។
ជាមួយគ្នានេះដែរ ដោយសារនៅទីនោះមានប្រាសាទចំនួន៣ ដែលនៅជិតៗគ្នា ហើយមានឈ្មោះតាមាន់ ដូចៗគ្នានោះ ដូចនេះប្រជាជនកំណត់យកប្រាសាទដែលធំជាងគេហៅថា ប្រាសាទតាមាន់ធំ ឯប្រាសាទដែលតូចល្មមហៅថា ប្រាសាទតាមាន់តូច ហើយប្រាសាទដែលតូចជាងគេហៅថា ប្រាសាទតាមាន់ ឬប្រាសាទបាយក្រៀមនេះឯង ។
រឿងព្រេងខាងលើវែងណាស់ ហើយវាមានជាប់ទាក់ទងនឹងតំបន់ និងប្រាសាទមួយចំនួនទៀត ក្នុងនោះដូចជា ៖ ភូមិល្បើករឹត ប្រាសាទគុក ផ្លូវរំកិលសព ប្រាសាទបន្ទាយទ័ព ប្រាសាទបន្ទាយឆ្មា ភ្នំកំព្រា… ជាដើម ហើយឈ្មោះស្តេច (ព្រះបាទយសោកេរ្តិ៍) នៅក្នុងរឿងនេះ មានឈ្មោះដូចគ្នាទៅនឹងឈ្មោះសេ្តចក្នុងរឿងព្រេងប្រាសាទ ចៅស្រីវិបុលដែរ ។
សម្រាប់ប្រជាជនរស់នៅខេត្តសុរិន្ទ គឺគេមានរឿងព្រេងរបស់គេដែរ ដែលនិយាយទាក់ទងនឹងប្រាសាទតាមាន់ធំនេះ ។ ទោះបីជាយ៉ាងណា ពាក្យ «តាមាន់ធំ» នេះ គ្រាន់តែជាពាក្យដែលប្រជាជនហៅតៗគ្នាតែប៉ុណ្ណោះ។ ក៏ប៉ុន្តែទោះជាយ៉ាងណា មានសិលាចារឹកជាច្រើនផ្ទាំង ដែលបានរកឃើញនៅទីនោះ ហើយក្នុងនោះមានសិលាចារឹកភាគច្រើន និយាយពីការថ្វាយទ្រព្យសម្បត្តិ និងវត្ថុផ្សេងៗដល់កំម្រតេង ជគត គិវបាទ បស្ចិម ដែលឈ្មោះនេះជាឈ្មោះ ដែលគេហៅចំពោះទេព ដែលតម្កល់នៅក្នុងប្រាសាទតាមាន់ធំ ឬហៅឈ្មោះប្រាសាទតាមាន់ធំកាលពីសម័យបុរាណ ។
ដោយឡែក សម្រាប់ថៃវិញ គេហៅប្រាសាទនេះថា «ប្រាសាទតាមឿនធំ» ដែលពាក្យនេះ ជាពាក្យដែលថៃគេហៅតាមសំឡេងគ្រាមភាសារបស់ខ្មែរយើងក្នុងតំបន់នេះ ពីសំឡេងតាមាន់ធំទៅជា តាមឿនធំ ឬ តាមឿនធម៌ ព្រោះពាក្យ «មាន់» ខ្មែរតំបន់ខ្លះបញ្ចេញសំឡេងទៅជា «មឿន» ៕ ដោយ ៖ ស.ភ.រ
ចែករំលែកព័តមាននេះ