រដ្ឋធានីឡាប៉ាស់៖ ប្រទេសបូលីវីប្រកាសផ្ដាច់ទូតពីអ៊ីស្រាអែល បន្ទាប់ពីសម្លឹងឃើញថាអ៊ីស្រាអែលបន្តទម្លាក់គ្រាប់បែកយ៉ាងខ្លាំងក្លាទៅលើជនស៊ីវិល។ បូលីវីចោទប្រកាន់ថាអ៊ីស្រាអែលកំពុងប្រព្រឹត្តឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិតាមរយៈការវាយប្រហារជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាស្ទ្រីប។ អនុរដ្ឋមន្ត្រីការបរទេសបូលីវី លោកហ្វ្រេឌី ម៉ាម៉ានី (Freddy Mamani) ថ្លែងថាការផ្ដាច់ទូតនេះដើម្បីថ្កោលទោសយុទ្ធនាការយោធារបស់អ៊ីស្រាអែលដែលមានចរិតកោងកាច និងគ្មានសមាមាត្រ។
លោកបន្ថែមថាបូលីវីអំពាវនាវឱ្យមានបទឈប់បាញ់ និងបញ្ឈប់ការបិទខ្ទប់តំបន់ហ្កាហ្សា។ ការបិទខ្ទប់នេះរារាំងការដឹកជញ្ជូនស្បៀងអាហារ ទឹកស្អាត និងរបស់របរចាំបាច់សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។ រដ្ឋមន្ត្រីស្ដីទីនៃក្រសួងការបរទេសបូលីវីថ្លែងថាការរៀបចំសន្និសីទសារព័ត៌មាននេះដើម្បីបញ្ជាក់ថាមានការប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងជនស៊ីវិលប៉ាឡេស្ទីន។
ពាក់ព័ន្ធនឹងបញ្ហានេះ, ក្រសួងការបរទេសអ៊ីស្រាអែលមិនទាន់ធ្វើអត្ថាធិប្បាយយ៉ាងណានៅឡើយទេនៅពេលអ្នកសារព័ត៌មានព្យាយាមទាក់ទងដើម្បីស្នើសុំការឆ្លើយបំភ្លឺ ឬប្រតិកម្មផ្សេងៗ។ បូលីវីជាប្រទេសដំបូងដែលប្រកាសផ្ដាច់ទូតពីអ៊ីស្រាអែលដោយសារសង្គ្រាមដែលកំពុងឆាបឆេះនៅតំបន់ហ្កាហ្សា។ ប្រទេសនេះធ្លាប់ផ្ដាច់ទូតម្ដងហើយកាលពីឆ្នាំ២០០៩ដើម្បីប្រឆាំងនឹងទង្វើរបស់អ៊ីស្រាអែលនៅតំបន់ហ្កាហ្សា។ រហូតដល់ឆ្នាំ២០២០ទើបប្រទេសនេះដាក់ទំនាក់ទំនងការទូតឡើងវិញ។
ការផ្ដាច់ទូតនេះធ្វើឡើងបន្ទាប់ពីអតីតប្រធានាធិបតីបូលីវី លោកម៉ូរ៉ាឡេស (Morales) ដែលធ្លាប់ផ្ដាច់ទូតកាលពីឆ្នាំ២០០៩នោះបានអំពាវនាវឱ្យប្រធានាធិបតីបច្ចុប្បន្នថ្កោលទោសអ៊ីស្រាអែល និងចាត់ទុកអ៊ីស្រាអែលជារដ្ឋភេរវកម្ម។ កាលពីថ្ងៃចន្ទ ប្រធានាធិបតីបូលីវីជួបឯកអគ្គរដ្ឋទូតប៉ាឡេស្ទីន និងថ្លែងថាបូលីវីប្រឆាំងអំពើឧក្រិដ្ឋប្រឆាំងនឹងមនុស្សជាតិនៅតំបន់ហ្កាហ្សា។ យើងគាំទ្រសំណើរបស់សហគមន៍អន្តរជាតិដែលចង់ធានាការដឹកជញ្ជូនជំនួយមនុស្សធម៌ស្របតាមច្បាប់អន្តរជាតិ។
អាជ្ញាធរសុខាភិបាលនៅតំបន់ហ្កាហ្សាថ្លែងថាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលរយៈពេលជាង៣អាទិត្យនេះបានសម្លាប់មនុស្សជាង៨៥០០នាក់។ ក្នុងនោះ កុមារមានចំនួនជាង៣ពាន់នាក់។ អង្គការសហប្រជាជាតិថ្លែងថាជនស៊ីវិលជាង១លាន ៤សែននាក់នៅក្នុងចំណោមប្រជាជនសរុបនៅហ្កាហ្សា២លាន ៣សែននាក់ ត្រូវតែបង្ខំចិត្តចាកចោលផ្ទះសម្បែងរបស់ខ្លួន៕
ប្រភព៖ Reuters
https://www.reuters.com/world/americas/bolivia-severs-diplomatic-ties-with-israel-citing-crimes-against-humanity-2023-10-31/












ចែករំលែកព័តមាននេះ