ខេត្តបាត់ដំបង ៖ «បើមិនចង់ឲ្យរថយន្តជាប់លើផ្លូវ ម៉េចមិនប្រាប់លោក សុខ លូ ឲ្យធ្វើផ្លូវឲ្យជាប់ៗល្អទៅ ?» នេះជាសម្តីដ៏ព្រហើនរបស់បុរសពាក់វែនតាខ្មៅម្នាក់ ដែលកំពុងឈរមើលរថយន្តដឹកទំនិញខ្ពស់កប់មេឃដ៏ធំមួយគ្រឿង ដែលកំពុងជាប់ស្លុះកង់ម្ខាងនៅលើចិញ្ចើមថ្នល់មួយកន្លែង កាលពីវេលាម៉ោង០៩ និង៣០នាទីយប់ថ្ងៃទី២៣ តុលា ស្ថិតនៅចំណុចភូមិជ្រៃកោង សង្កាត់ស្លាកែត ក្រុងបាត់ដំបង ដែលទំនងបុរសវែនតាខ្មៅនោះជាថៅកែរថយន្តនោះ ។

អ្នកភូមិបានស្គាល់យ៉ាងច្បាស់ចំពោះអត្តសញ្ញាណបុរសសម្តីថ្លោសម្នាក់នោះ ហើយបានប្រាប់ថា បុរសពាក់វែនតាខ្មៅទាំងយប់ទាំងថ្ងៃមិនដោះសោះនោះ ឈ្មោះឆាយ ហ៊ុយ មានតួនាទីជានាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការខេត្តទទួលផ្នែកសំណុំរឿង ហើយក៏ជាថៅកែរថយន្តដឹកទំនិញដ៏ធំដែលកំពុងជាប់ភក់ស្លុះកង់ម្ខាងនៅចំណុចខាងលើដែរ អ្នកភូមិបានបញ្ជាក់ថា នេះជាលើកទី០២ហើយ ដែលរថយន្តដឹកទំនិញបំពានបំរាមចូលក្នុងក្រុងនេះ ជាប់ស្លុះកង់ធ្វើឲ្យខូចផ្លូវនៅក្បែរនោះ ខណៈជាប់ស្លុះកង់លើកទី០១ បានកើតឡើងកាលពីព្រឹកថ្ងៃទី១៧ កញ្ញា កន្លងទៅនេះ ស្ថិតនៅក្បែរចំណុចខាងលើដែរ នៅពេលរថយន្តនេះដឹកទំនិញបម្រុងចូលឃ្លាំងនេះក្បែរនោះ ។ រថយន្តដឹកទំនិញរបស់លោកថៅកែ ហ៊ុយ ដែលបង្កការខូចខាតផ្លូវម្ដងហើយម្ដងទៀតនេះ ពាក់ស្លាកលេខបាត់ដំបង 3A-0486 តែគេមិនស្គាល់ឈ្មោះអ្នកបើកបរទេ ។

ពាក់ព័ន្ធនឹងការជាប់ស្លុះកង់លើកទី០២នេះ គេឃើញរថយន្តយក្សដឹកទំនិញខ្ពស់កប់មេឃនេះ ជាប់ស្លុះកង់ខាងក្រោយផ្នែកខាងស្ដាំ ។ គេមិនដឹងថា តើរថយន្តលោកថៅកែហ៊ុយសម្តីថ្លោសនេះដឹកទំនិញអ្វី ហើយក៏គេមិនដឹងផ្ទុកទម្ងន់ប៉ុន្មានតោនដែរ ? ក្រោយកើតហេតុបន្តិច គេឃើញលោកមេភូមិ បានដឹកនាំកម្លាំងប្រជាការពារប៉ុន្មាននាក់ចុះទៅកន្លែងនោះ តែត្រូវលោកថៅកែហ៊ុយ ប្រើសំដីយ៉ាងព្រហើនស្ដីបន្ទោសទៅលើគាត់និងក្រុមប្រជាការពារ ។

ចំពោះសម្តីដ៏ក្រអើតក្រទមរបស់លោក ឆាយ ហ៊ុយ ទៅលើក្រុមលោកមេភូមិនេះ បើតាមមេភូមិជ្រៃកោងគឺលោកព្រិញ វុទ្ធ បាននិយាយប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ដំបូងលោក និងប្រជាការពារចំនួន០៥នាក់បានចុះទៅពិនិត្យមើលរថយន្តដឹកទំនិញដែលជាប់ស្លុះកង់លើចីញ្ចើមថ្នល់នោះ ។ ពេលនោះ លោកមិនបាននិយាយសួរនាំទៅកាន់អ្នកសង្គ្រោះរថយន្តជាប់ភក់នោះទេ ហើយក៏មិនបានជ្រលក់មាត់សួរនាំទៅឈ្មោះហ៊ុយ នោះដែរ ។ លោកនិងក្រុមប្រជាការពារបានឈរនៅក្បែរនោះ ។

លោកបាននិយាយជាមួយក្រុមប្រជាការពារថា «រថយន្តនេះដូចធ្លាប់ឃើញស្លុះជាប់កង់លើផ្លូវម្ដងហើយ កាលពីខែមុន» ។ ស្រាប់តែឈ្មោះ ហ៊ុយ នេះ បានឭហើយស្រែកតបមកលោកថា «អើបើមិនចង់ឲ្យឡាន់ជាប់ ម៉េចមិនប្រាប់ឲ្យលោកសុខ លូ ធ្វើផ្លូវឲ្យជាប់ៗល្អទៅ..?» ពេលឭសម្តីដ៏ព្រហើនបែបនេះ លោកមិនតបតទេ ហើយនាំគ្នាស្ងាត់មាត់ឈឹងទៅ ។ ប៉ុន្តែបន្តិចក្រោយមក ក្រុមក្មេងៗប្រជាការពាររបស់លោកបានសួរគ្នាបែបឆ្ងល់ថា «មិនដឹងរថយន្តនេះដឹកប៉ុន្មានតោតទេ បានជាធ្ងន់រហូតដល់ស្រុតផ្លូវយ៉ាងនេះ ?»

ពេលនោះ បុរសពាក់វែនតាខ្មៅសំដីខែងរ៉ែងឈ្មោះ ហ៊ុយ នោះ ក៏បានឆ្លើយតបមកកាន់ក្រុមប្រជាការពារទៀត ដោយសំដីខ្លាំងៗដូច្នេះថា «អើ..! បើអ្ហែងចង់ដឹងយកជញ្ជីងមកថ្លឹងមក..?» ធ្វើឲ្យក្រុមប្រជាការពារ រួមទាំងរូបលោកផង ស្ងាត់មាត់ជ្រៀបខ្លាចអំណាចលោកថៅកែ ហ៊ុយ ហើយស្របពេលនោះក៏ឃើញមន្ត្រីសណ្ដាប់ធ្នាប់អធិការក្រុងបាត់ដំបងម្នាក់រហស្សនាម តេអូ «ភ្នំពេញ» មកដល់ ហើយបានសួរនាំម្ចាស់រថយន្ត ដោយបង្ហាញពីភាពស្និតស្នាលយ៉ាងខ្លាំង ជាមួយនឹងពាក្យហៅគ្នាទៅវិញទៅមកថា «ពួកម៉ាក ពួកម៉ាក» ។

លោកមេភូមិបានបញ្ជាក់ថា ពេលឃើញមន្ត្រីសណ្ដាប់ធ្នាប់ស្និទ្ធស្នាលយ៉ាងល្អូកល្អើនជាមួយម្ចាស់រថយន្តបែបនេះ និងមិនចង់ជ្រលក់មាត់ជាមួយផងនាំបង្កជម្លោះផង លោកក៏ដឹកនាំកម្លាំងប្រជាការពារគេចចេញពីទីនោះភ្លាមៗដែរ ។ លុះបន្តិចក្រោយមក ក៏ឭមន្ត្រីនោះរាយការណ៏តាមវិទ្យុទាក់ទងទៅលោកអធិការ និងលោកអភិបាលក្រុងថា «រថយន្តនោះបានបើកគេចបាត់ហើយ កាក់មិនជាប់ទេ ព្រោះអត់មានអ្នកជួយកាក់» ។

ដោយឡែក អ្នកសារព័ត៌មានម្នាក់ដែលបានទៅថតរថយន្តជាប់ភក់នោះ ក៏ត្រូវលោកថៅកែរថយន្តដឹកទំនិញសំដីពាលនោះដើរទៅតាមសួរនាំដល់ផ្ទះក្នុងន័យគំរាមកំហែង ក្រោយពេលគាត់ដើរទៅថតរថយន្តនោះប៉ុន្មានប៉ុស្ដិ៍ហើយត្រឡប់មកដល់ផ្ទះវិញ ។ លោក ភី ពិសិដ្ឋ អ្នកសារព័ត៌មានដែលបានថតរថយន្តលោកថៅកែហ៊ុយបានប្រាប់កោះសន្តិភាពតាមទូរស័ព្ទថា ពេលឃើញរថយន្តដឹកទំនិញខ្ពស់ស្ទើរកប់មេឃនោះជាប់ស្លុះកង់ធ្វើឲ្យខូចផ្លូវ លោកក៏ដើរទៅថត ព្រោះលោកមានផ្ទះនៅក្បែរនោះ ។

លោកពិសិដ្ឋ បាននិយាយថា ពេលនោះ បុរសពាក់វែនតាខ្មៅដែលជាថៅកែរថយន្តបានសួរនាំលោកថា តើថតធ្វើអី..? តើឯងជានរណាបានមកថតហ្នឹង…? លោកបានប្រាប់ថា «ខ្ញុំជាអ្នកសារព័ត៌មាន» ហើយជនពាក់វែនខ្មៅសំដីពាលនេះ បានបោះពាក្យសម្តីបន្ថែមយ៉ាងព្រហើនដដែលៗមកកាន់លោកទៀតថា «ម៉េចចង់ថតបាញ់ឲ្យ សុខ លូ មែនទេ ហាស់..?» ។ ចប់ការឆ្លងឆ្លើយលោកក៏ដើរមកផ្ទះវិញ តែត្រូវបានជនវែនតាខ្មៅម្នាក់នេះដើរតាមមកសួរនាំលោក ក្នុងន័យចង់គំរាមកំហែងលោកទៀត ពេលលោកកំពុងហូបបាយជាមួយកូនៗ០៤នាក់នៅក្នុងផ្ទះ ។ លោកភី ពិសិដ្ឋ បានបញ្ជាក់ថា ពេលដើរទៅដល់ខាងមុខផ្ទះ ជនពាក់វែនតាខ្មៅនោះ បានបោះពាក្យសំដីក្នុងន័យចង់គំរាមលោកថា « មានកូនច្រើនដែរ មានកូនច្រើនផង»។ ពេលនោះ លោកបានសួរតបវិញថា
«មានការអីបង? សួរនាំខ្ញុំរឿងកូនច្រើនកូនតិច តើបងចង់សួរមានន័យថាម៉េច?

ជននេះ ហាក់នៅស្ងៀម រួចក៏ដើរចេញទៅកន្លែងជាប់រថយន្តវិញ ជាមួយនឹងការដើរបុកស្មារលោកយ៉ាងកំរោល ខណៈមានកូនចៅគេម្នាក់ដើរមកជួយហាមឃាត់ ។ អ្នកសារព័ត៏មានរូបនេះ បានធ្វើការសន្និដ្ឋានដូច្នេះថា បើពិនិត្យលើសកម្មភាពបុរសវែនតាខ្មៅនេះ ជាមួយនឹងការប្រើពាក្យសំដីដ៏ព្រហើនផង ដែលជននេះតាមមកសួរនាំលោកដល់ផ្ទះអាចក្នុងន័យចង់គំរាមកំហែងលោកតែម្ដង តែមិនហ៊ានខ្លាំង ។

ជុំវិញការប្រតិកម្មលើកឡើងខាងលើនេះ កោះសន្តិភាពមិនអាចទំនាក់ទំនងសុំការបំភ្លឺពីលោកឆាយ ហ៊ុយ ថៅកែរថយន្តដឹកទំនិញ និងនាយរងការិយាល័យព្រហ្មទណ្ឌកំរិតធ្ងន់ផងបានទេ នៅព្រឹកថ្ងៃទី២៤ តុលា នេះ ។ ប៉ុន្តែបើតាមប្រភពពីសមត្ថកិច្ចដែលបានបញ្ជាក់ថា រថយន្តដឹកទំនិញនោះពិតជារបស់លោក ឆាយ ហ៊ុយ មែន ហើយមន្ត្រីដែលមានទម្លាប់ពាក់វែនតាខ្មៅកម្រដោះចេញពីភ្នែកម្នាក់នេះ ហាក់មានពេលច្រើនធ្វើជំនួញ តែមានពេលតិចសម្រាប់់បំរើការនៅអង្គភាព ។
ពាក់ព័ន្ធនឹងថៅកែរថយន្តដឹកទំនិញចូលក្រុង បង្កការខូចខាតផ្លូវខាងលើនេះ បើតាមអភិបាលក្រុងបាត់ដំបង លោកលាង វាសនា បាននិយាយថា លោកបានដឹងរឿងនេះ តាំងពីពេលកើតហេតុ ហើយលោកថែមទាំងបានបញ្ជាភ្លាមទៅកាន់លោកអធិការក្រុងឲ្យចាត់កម្លាំងជំនាញចុះទៅពិនិត្យ ហើយលោកក៏បានទទូលសេចក្ដីរាយការណ៍ផងដែរ ចំពោះម្ចាស់រថយន្តដឹកទំនិញបោះពាក្យសំដីឌឺដងទៅកាន់លោកអភិបាលខេត្តពីរឿងធ្វើផ្លូវ ។

លោកលាង វាសនា បានប្រាប់ថា ដំបូងលោកបានបញ្ជាឲ្យកម្លាំងចាប់រថយន្តនោះនាំទៅកាន់អធិការក្រុង ដើម្បីដោះស្រាយតាមច្បាប់ ។ ប៉ុន្តែនៅពេលមន្ត្រីសណ្ដាប់ធ្នាប់ចុះទៅដល់ ស្រាប់តែបន្តិចក្រោយមក គេបានរាយការណ៍តាមវិទ្យុទាក់ទងថា រថយន្តនោះបានបើកគេចបាត់ទៅហើយ ។ លោកក៏ជឿលើអ្នករាយការណ៍នោះហើយក៏នៅស្ងៀម។ ប៉ុន្តែនៅពេលដឹងថា រថយន្តនៅទីនោះ មិនបានបើកគេច ហើយថែមទាំងបានបើកចូលឃ្លាំងនៅក្បែរនោះទៀត ទើបលោកដឹងថា អ្នករាយការណ៍នោះ រាយការណ៍កុហកបោកប្រាស់ ។
ប៉ុន្តែយ៉ាងណា តាមរយៈកោះសន្តិភាព លោកបានធ្វើការអំពាវនាវជាថ្មីម្ដងទៀត សុំឲ្យម្ចាស់រថយន្តដឹកទំនិញធុនធ្ងន់ទាំងអស់ត្រូវបញ្ឈប់ការប្រើប្រាស់រថយន្តដឹកទំនិញធុនធ្ងន់គ្រប់ប្រភេទបើកចូលក្រុងចាប់ពីពេលនេះតទៅ ។ ពីព្រោះរដ្ឋបាលខេត្ត ក៏ដូចជារដ្ឋបាលក្រុងបានចេញសារាចរណ៍ណែនាំម្ដងជាពីរដងកន្លងមកហើយដែលហាមមិនឲ្យរថយន្តធុនធ្ងន់ បើកចូលតាមដងផ្លូវនានានៅក្នុងក្រុង ។ មិនតែប៉ុណ្ណោះ ថែមទាំងបានប្រាប់ឲ្យម្ចាស់អាជីវកម្មនានាដែលមានឃ្លាំងស្ដុកទំនិញធំៗត្រូវរុះរើចេញទៅធ្វើនៅតាមតំបន់ផ្លូវហាយវេទៀតផង តែពួកគេមិនព្រមអនុវត្តតាមទេរហូតមកដល់ពេលនេះ ។

លោកអភិបាលក្រុងរូបនេះបានបញ្ជាក់ដែរថា លោកសូមរំលឹកចុងក្រោយ តាមរយៈកោះសន្តិភាព ហើយលោកនឹងចាត់វិធានការក្ដៅតាមផ្លូវច្បាប់ចំពោះរថយន្តដឹកទំនិញធុនធ្ងន់ទាំងឡាយណានៅតែរឹងរុះបើកចូលក្រុងបំពានសារាចរណ៍ណែនាំ ។
ពាក់ព័ន្ធនឹងរថយន្តយក្សដែលនៅតែអាចបើកចូលក្រុងស្ដាប់បង្គាប់អាជ្ញាធរខេត្ត-ក្រុងបានយ៉ាងព្រហើនសព្វថ្ងៃនេះ បើតាមប្រភពព័ត៌មាន គេបានខ្សឹបប្រាប់ថា បើមន្ត្រីចរាចរណ៍មិនលូកដៃទទូលប្រាក់សំណូក ពីម្ចាស់រថយន្តដឹកទំនិញទាំងនោះទេ ក៏រថយន្តទាំងនោះមិនអាចបើកចូលក្រុងបានយ៉ាងធូរខ្សុយបែបនេះដែរ ។ ព្រោះបើតាមការពិនិត្យជាក់ស្ដែង ស្ទើរគ្រប់ច្រកផ្លូវចេញ-ចូលក្នុងក្រុង សុទ្ធតែមានមន្ត្រីចរាចរណ៍យាមប្រចាំការអង្គុយចាំត្រូតពិនិត្យ និងចាំស្ទាក់រថយន្តធំៗបើកចូលក្រុង ។

ប៉ុន្តែផ្ទុយទៅវិញ បែរជាគេនាំគ្នាទៅអង្គុយចាំចាប់រលាក់ដៃជាមួយតៃកុងរថយន្តយ៉ាងត្រជាក់មេជើងទៅវិញ មិនខុសពីពាក្យថា «អារសាច់ជូនខ្លាទើបនៅស្រុកបាន» ។ យ៉ាងណាក្ដី គេរង់ចាំមើលថា មតិផ្ដាំផ្ញើរបស់ លោក ឆាយ ហ៊ុយ ថៅកែរថយន្តដឹកទំនិញសម្តីថ្លោសតាមរយៈលោកមេភូមិជ្រៃកោង ឲ្យទៅប្រាប់លោក សុខ លូ អភិបាលខេត្ត រឿងធ្វើផ្លូវឲ្យបានជាប់លាប់ល្អ កុំឲ្យស្លុះរថយន្តដឹកទំនិញរបស់គាត់នោះ តើមានប្រសិទ្ធភាពឬអត់ ? តើសារដ៏មានតមរបស់លោកថៅកែហ៊ុយនេះ ត្រូវបានគេផ្ញើបន្តជូនទៅកាន់លោកអភិបាលខេត្តឲ្យបានជ្រាបដែរឬក៏ទេ ?
មានព័ត៌មានបន្ថែម កោះសន្តិភាពផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ