រាជធានីភ្នំពេញ៖ ក្រសួងសាធារណការ និងដឹកជញ្ជួននៅថ្ងៃទី ១៨ ខែតុលានេះ បានអំពាវនាវឱ្យប្រជាបលរដ្ឋ ត្រូវចៀសវាងការប្រើប្រាស់សេវាក្រៅផ្លូវការណាមួយជាដាច់ខាត បើមិនដូច្នេះទេនឹងប្រឈមមុខនឹងការខាតបង់ទាំងថវិកា និងពេលវេលា។

ការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជួនខាងលើធ្វើឡើង បន្ទាប់ពីមានការចុះផ្សាយព័ត៌មានលើការផ្តល់សេវាសាធារណៈលើគណនីបណ្តាញសង្គមដែលបានអះអាងថា «ជាអ្នកបម្រើសេវាធារណៈរបស់ក្រសួង រួមមាន ដូចជា សេវាប្រឡងយកបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណបើកបរយានយន្ត សេវាធ្វើបណ្ណសម្គាល់យានយន្ត សេវាធ្វើលិខិតអនុញ្ញាតឱ្យយានយន្តធ្វើអាជីវកម្មដឹកជញ្ជួនអ្នកដំណើរ/ទំនិញ និងសេវាធ្វើវិញ្ញាបនបត្រត្រួតពិនិត្យបច្ចេកទេសយានយន្ត ដោយពុំចាំបាច់យកយានយន្តមកត្រួតពិនិត្យនៅកន្លែងផ្តល់សេវា»។

យោងតាមសេចក្តីជូនដំណឹង ស្តីពីកម្រៃសេវាសាធារណៈក្នុងវិស័យដឹកជញ្ជូនផ្លូវគោករបស់ក្រសួង ចុះថ្ងៃទី ១៨ ខែតុលា នេះ បានបញ្ជាក់ថា «ការណ៍នេះ គឺផ្ទុយពីការពិត ដែលបង្កឱ្យមានការភាន់ច្រឡំដល់បងប្អូនប្រជាពលរដ្ឋលើការផ្តល់សេវាសាធារណៈរបស់ក្រសួង»។
ក្រសួងសាធារណការ និងដឹកជញ្ជួនបានបន្តថា សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់សេវា សាធារណៈបានជ្រាបថា ការផ្តល់សេវាសាធារណៈក្នុងវិស័យដឹកជញ្ជួនផ្លូវគោក គឺអនុវត្តនៅតាមទីតាំងផ្តល់សេវាដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជួន និងទីតាំងផ្តល់សេវានៃអង្គភាព ឬការិយាល័យច្រកចេញចូលតែមួយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ឬតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួង និងការអនុវត្តតាមនីតិវិធី ដូចមានចែងក្នុងលិខិតបទដ្ឋានគតិយុត្ត ហើយការបង់កម្រៃសេវាសាធារណៈខាងលើនេះ ត្រូវអនុលោមតាមប្រកាសអន្តរក្រសួងចុះថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការផ្តល់សេវាសាធារណៈដោយក្រសួងសាធារណការ និងដឹកជញ្ជួន។

«ក្រសួងសាធារណការ និងដឹកជញ្ជួន សូមអំណាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មេត្តាប្រើប្រាស់សេវាសាធារណៈរបស់ក្រសួងនៅតាមបណ្តាទីតាំងផ្តល់សេវាដូចមានកំណត់ជូនខាងលើ ដោយចៀសវាងដាច់ខាតការប្រើប្រាស់សេវាក្រៅផ្លូវការ ដែលនាំឱ្យខាតបង់ទាំងថវិកា ពេលវេលា និងទទួលបានឯកសារក្លែងបន្លំពីជនខិលខូច»។ នេះជាការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជួន៕

ចែករំលែកព័តមាននេះ