រាជធានីភ្នំពេញ ៖ ដូចការគ្រោងទុក នៅទីបំផុតអតីតតារាសម្តែងដ៏ល្បីល្បាញអ្នកនាង អម្ពរ ទេវី បានចាប់ផ្តើមសកម្មភាពនៅក្នុងការថតភាពយន្តជាថ្មីម្តងទៀតហើយ តាមរយៈរឿង «អប្សរាមហាអង្គរ» ដឹកនាំសម្តែងដោយលោក ហ្វៃ សំអាង។
ភាពយន្តភាគខ្នាតធំខាងលើនេះ បានប្រមូលផ្តុំទៅដោយតារាសម្តែងល្បីៗ ទាំងចាស់ ទាំងថ្មីជាច្រើនដួង ដោយនៅក្នុងនោះ ផលិតករលោក ហ្វៃ សំអាង ក៏បានអញ្ជើញអ្នកនាង អម្ពរ ទេវី ដែលកំពុងរស់នៅសហរដ្ឋអាមេរិក មកចូលរួមសម្តែងផងដែរ ខណៈពេលដែលការសម្តែងរបស់អ្នកនាងនាពេលនេះ ក៏បានប៉ះដៃគូរចាស់ គឺលោក ទេព រិន ដារ៉ា។

អ្នកនាង អម្ពរ ទេវី ត្រូវបានគេដឹងថា អ្នកនាងធ្វើដំណើរចេញពីសហរដ្ឋអាមេរិក មកដល់ទឹកដីកម្ពុជា កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៣ ដោយមានស្វាមីរបស់អ្នកនាងមកជាមួយផងដែរ ខណៈពេលដែលការមកដល់របស់អ្នកនាង ក៏មានអញ្ជើញមកទទួលដំណើរពីមិត្តភក្តិជាអតីតតារាសម្តែងរួមជំនាន់មានអ្នកនាង កែវ កល្យាណ និងអ្នកនាង អ៊ឹម សុវណ្ណផល្លា ផងដែរ។
ដំណើរមកស្រុកខ្មែរជាថ្មីរបស់អ្នកនាង អម្ពរ ទេវី នាពេលនេះ ក្រៅពីការជួបជុំគ្រួសារនោះ គឺគោលដៅសំខាន់របស់អ្នកនាងមកចូលរួមសម្តែងនៅក្នុងរឿង «អប្សរាមហាអង្គរ» តាមការសន្យា និងអញ្ជើញពីលោក ហ្វៃ សំអាង។

បើតាមការបញ្ជាក់របស់ផលិតករលោក ហ្វៃ សំអាង កាលពីពេលកន្លងទៅ បានប្រាប់ថា នៅក្នុងខ្សែភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ» ដែលផលិតដោយផលិតកម្មហង្សមាស អ្នកនាង អម្ពរទេវី នឹងដើរជាតួអង្គព្រះនាម អ្នកអង្គម្ចាស់ស្ត្រី កាមល ដែលជារាជនាដកាអប្សរា ជារាជគ្រូបង្ហាត់បង្ហាញព្រះកេរមរតក ដ៏មហាអស្ចារ្យរបស់ជាតិខ្មែរ។
យ៉ាងណា ក្រោយពីការណែនាំតួអង្គនានា នៅក្នុងខ្សែភាពយន្តខាងលើនេះ តារាសម្តែងជើងចាស់ អ្នកនាង អម្ពរទេវី បានបង្ហាញពីអារម្មណ៍យ៉ាងដូច្នេះថា «នាងខ្ញុំពិតជារំភើបចិត្តនៅពេលដែលឃើញបងប្អូននៅតែស្រឡាញ់គាំទ្រការសម្ដែងរបស់នាងខ្ញុំ និងបង ទេព រិនដារ៉ូ។ ថ្វីត្បិតតែនាងខ្ញុំជាប់រវល់ការងារផ្ទាល់ខ្លួន រវល់ជាមួយនឹងក្រុមគ្រួសារយ៉ាងណាក៏ដោយ ក៏នាងខ្ញុំត្រូវតែពុះជ្រៀកពេលវេលា បន្ទាប់ពីបានទទួលដំណឹងពីបងប្រុស ហ្វៃ សំអាង»។

អ្នកនាងបញ្ជាក់ថា «ទូរស័ព្ទរៀបរាប់ពីសាច់រឿង និងតួអង្គដែលនាងខ្ញុំត្រូវសម្ដែង ទីមួយ គឺស្រឡាញ់សាច់រឿងល្អប្លែក មានទាំងអត្ថន័យ អត្ថរស បង្កប់រសជាតិនិយម ទីពីរ គឺជាសម័យកាលបុរាណ ដែលមិនធ្លាប់មានផលិតករណាផលិតឡើយ ។ នាងខ្ញុំសប្បាយចិត្តនឹងត្រៀមខ្លួន ដើម្បីទៅសម្តែងភាពយន្តភាគខ្នាតធំរឿង «អប្សរាមហាអង្គរ» នេះ ផលិតដោយផលិតកម្ម ហង្សមាស ដែលជាផលិតកម្មដ៏ល្បីឈ្មោះ។ នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ លោក អ៊ឹង សុខលាភ នាយកគ្រប់គ្រងការផលិតរបស់ផលិតកម្មហង្សមាស បងប្រុស ហ្វៃ សំអាង ដែលផ្ដល់កិត្តិយសដល់នាងខ្ញុំ សម្ដែងជាតួអ្នកអង្គម្ចាស់ស្ត្រី កាមល»។

ជាការកត់សម្គាល់ នេះមិនមែនជាលើកដំបូងឡើយ សម្រាប់អតីតាតារាសម្តែងដ៏ល្បីនាទសវត្សន៍ឆ្នាំ៩០ អ្នកនាង អម្ពរ ទេវី ដែលបានវិលមករកការសម្តែងភាពយន្តជាថ្មី ពោលគឺកន្លងមក អ្នកនាងក៏ធ្លាប់មកថតរឿង «ឆន្ទា» របស់ផលិតកម្ម Red Picture និងរឿង «កាកី» របស់ផលិតកម្ម LD Picture កាលពីអំឡុងដើមឆ្នាំ២០១៨ ។ បច្ចុប្បន្ន អតីតតារាសម្តែងអ្នកនាង អម្ពរទេវី កំពុងរស់នៅទីក្រុង Tacoma រដ្ឋ Washington សហរដ្ឋអាមេរិក ជាមួយស្វាមី និងកូន២នាក់ គឺកូនប្រុសបងឈ្មោះភិរុណ ឥន្ទបុត្រ និងកូនស្រីឈ្មោះ ភិរុណ លក្ស្មីទេវី ៕





ចែករំលែកព័តមាននេះ