រាជធានីភ្នំពេញ ៖ អតីតតារាភាពយន្តពីរដួង គឺលោកពេជ្រ ភិរុណ និងអ្នកនាងអម្ពរ ទេវី រហូតមកដល់ពេលនេះ កំពុងតែរស់នៅប្រកបដោយសុភមង្គល បើទោះបីជាពេលខ្លះត្រូវប្រឈមទៅនឹងរលកព័ត៌មានផ្ទុយពីនេះក៏ដោយ។
ជួបជាមួយកោះសន្តិភាពកាលពីពេលថ្មីៗនេះ លោកពេជ្រ ភិរុណ ដែលជាម្ចាស់ហាងកាត់ដេរយីហោភិរុណ កាត់ដេរបាននិយាយថា ក្រុមគ្រួសាររបស់លោកកំពុងតែរស់នៅដោយសុខសាន្តណាស់ បើទោះបីជាភរិយា និងកូនប្រុសភាគច្រើនរស់នៅឯសហរដ្ឋអាមេរិកក៏ដោយ ។ លោកបញ្ជាក់ថា ពីរ ឬបីថ្ងៃម្តងលោក និងភរិយាបានទូរស័ព្ទជួបគ្នា ដើម្បីសួរសុខទុក្ខ និងសួរពីមុខរបររកសីុប្រចាំថ្ងៃ ហើយមិនដែលមានជម្លោះប្រេះឆានឹងគ្នាឡើយ ។
លោកពេជ្រ ភិរុណ បញ្ជាក់ថា រស់នៅបែកគ្នាដូច្នេះ ព្រោះតែបញ្ហាជីវភាព បញ្ហាការងារ និងបញ្ហាអនាគតកូនស្រី កូនប្រុសរបស់លោកទាំងពីរ។ ចំពោះលោករស់នៅស្រុកខ្មែរ គឺមានមុខរបរកាត់ដេរ ហើយកំពុងកាក់កបណាស់ ។ ដូច្នេះលោកមិនបោះបង់ចោលមុខរបរដែលមានស្រាប់នោះទេ ។ ចំណែកភរិយាលោកមានការងារធ្វើនៅសហរដ្ឋអាមេរិកដូចគ្នា ហើយនាងឧស្សាហ៍មកលេងស្រុកខ្មែរ។ ចំណែកជីវភាពរស់នៅវិញ គឺមិនមានបញ្ហាអ្វីទេ គឺអាចរស់បានមិនក្រ និងមិនមានទ្រព្យសម្បត្តិស្តុកស្តម្ភ ។
លោកពេជ្រ ភិរុណ និយាយថា ប្រហែលជា៥ ឬ៦ឆ្នាំទៀត លោកនឹងទៅនៅអាមេរិកជាមួយភរិយា និងកូនប្រុសរបស់លោកហើយដោយមានការធានាពីកូនប្រុសដែលពេលគេមានអាយុ១៨ឆ្នាំ អាចមានសិទ្ធិគ្រប់គ្រាន់ក្នុងការធានាលោក និងកូនស្រីឱ្យទៅរស់នៅទី នោះ។ ទោះជាយា៉ងណាក៏ដោយ លោកនៅតែស្រណោះអាឡោះអាល័យទឹកដីកំណើត និងមិនអាចបំភ្លេចបានឡើយ ។
ពាក់ព័ន្ធនឹងវិស័យសិល្បៈលោកពេជ្រ ភរុណ បាននិយាយថា លោកនឹងភរិយានៅតែស្រឡាញ់វិស័យសិល្បៈ ព្រោះតែសិល្បៈនោះហើយទើបធ្វើឱ្យកេរ្តិ៍ឈ្មោះរបស់លោក និងភរិយាទទួលបានភាពល្បីល្បាញទូទាំងប្រទេស។ ទន្ទឹមនោះលោកបានផ្តល់បទពិសោធន៍សម្រាប់តារាសម្តែងផងដែរ គឺដើម្បីក្លាយជាតារាដែលមានប្រជាប្រិយភាពត្រូវរក្សាឱ្យបាននូវមេរៀន៣ចំណុច គឺទី១ ត្រូវរស់នៅឱ្យមានសីលធម៌ល្អ ទាំងអាកប្បកិរិយា និងការនិយាយស្តី រួមទាំងទំនាក់ទំនង ។ ទី២បង្កើនសមត្ថភាពក្នុងការសម្តែងដោយចេះរៀនសូត្រយកអ្វីដែលល្អពីតារាសម្តែងល្បីៗ និងស្វែងរកចំណុចសម្តែងថ្មីៗដោយខ្លួនឯង បន្ថែមទៀតដើម្បីលុបបំបាត់ភាពច្រំដែល ។ ទី៣ ភាពស្មោះត្រង់ក្នុងការសម្តែង ដែលអាចនិយាយថា ក្រុមហ៊ុនណា ផលិតកម្មណា ពេលវេលាណាក៏យើងសម្តែងបាន ដោយគ្មានការរើសអើង ។
លោកពេជ្រ ភិរុណ ថ្លែងអំណរគុណចំពោះកាសែតកោះសន្តិភាពល្បីជាងគេនៅកម្ពុជាដែលបានសម្ភាសន៍លោកផ្ទាល់ ដើម្បីដឹងការពិត និងចំពេលដែលសារព័ត៌មានមួយចំនួនបានចុះផ្សាយអំពីការបែកបាក់ ក្នុងគ្រួសាររបស់លោក ។ លោកបញ្ជាក់ថា អ្នកដែលចុះផ្សាយកន្លងមក គឺមិនបានសួរនាំពីលោកដូចពេលនេះទេ តែគេសរសេរតាមចិត្តនឹកឃើញ ហើយគាប់ជួនពេលដែលលោកនិងភរិយារស់នៅឆ្ងាយពីគ្នាផង គេក៏សរសេរប្រឌិតថា គ្រួសារពេជ្រ ភិរុណ និងអម្ពរ ទេវី បែកបាក់គ្នាតែម្តងទៅ ។ លោកពេជ្រ ភិរុណ មានកូន២នាក់ គឺកូនប្រុសបងឈ្មោះភិរុណ ឥន្ទបុត្រ អាយុ១៣ឆ្នាំ និងកូនស្រីឈ្មោះភិរុណ លក្ស្មីទេវី អាយុ៥ឆ្នាំ ៕
ចែករំលែកព័តមាននេះ